ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសថា ខ្លួនបានអនុម័តលើគម្រោងវិនិយោគរោងចក្រកែច្នៃជ័រកៅស៊ូមានតម្លៃ ២,៧ លានដុល្លារ ដែលប្រតិបត្តិការនៅខេត្តត្បូងឃ្មុំ។ នេះបើតាមព័ត៌មានដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ។
ប៉ុន្តែ ខណៈវិស័យនេះកំពុងប្រឈមនឹងការធ្លាក់ចុះតម្លៃ មន្ដ្រីមកពីនាយកដ្ឋានកៅស៊ូនៅក្រសួងកសិកម្ម បានបញ្ជាក់ថា វាអាចផ្ដល់អត្ថប្រយោជន៍សម្រាប់វិស័យនេះលុះត្រាតែមានការវិនិយោគលើរោងចក្រផលិតផលិតផលសម្រេចប៉ុណ្ណោះ។
CDC ឲ្យដឹងថា ខ្លួនបានអនុម័តរោងចក្រកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន TTHS Ruuber Co.,Ltd ជាមួយនឹងការវិនិយោគសរុប ២,៧ លានដុល្លារ ដែលមានទីតាំងនៅស្រុកក្រែក ខេត្តត្បូងឃ្មុំ ជាទីតាំងចម្ការកៅស៊ូ និងរោងចក្រកែច្នៃជ័រកៅស៊ូដ៏ធំរបស់កម្ពុជា។ CDC មិនបានលម្អិតថា តើរោងចក្រនេះជាការវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុនបរទេសនោះទេ។
ប៉ុន្តែ លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា លោកមិនដឹងពីការចូលមករបស់ក្រុមហ៊ុនថ្មីនេះនៅឡើយទេ។
លោកថ្លែងថា៖ «ខ្ញុំមិនបានទទួលព័ត៌មានណាមួយអំពីរោងចក្រនេះនៅឡើយទេ ពួកគេអាចគ្រាន់តែចុះបញ្ជី និងសិក្សាទៅលើគម្រោងជាមុនប៉ុណ្ណោះ»។
លោកបន្តថា៖ «ប្រសិនបើវិនិយោគិន វិនិយោគលើផលិតផលសម្រេច វានឹងជួយសម្រាប់ឧស្សាហកម្មនេះ និងទីផ្សារ»។
លោកបញ្ជាក់ថា៖ «ប្រសិនបើវិនិយោគិនគ្រាន់តែវិនិយោគលើរោងចក្រកែច្នៃ វានឹងមិនជួយដល់ទីផ្សារកៅស៊ូនោះទេ ដោយសារយើងនៅតែពឹងផ្អែកលើទីផ្សារអន្តរជាតិ»។
លោក ប៉ុល សុផា បានឲ្យដឹងថា ថ្មីៗនេះ មានរោងចក្រកែច្នៃមួយចំនួនត្រូវបានបិទទ្វារ ដោយសារតែកង្វះទីផ្សារ។
ប្រទេស កម្ពុជា បាននាំចេញកៅស៊ូស្ងួត ២១៧ ៥០០ តោនកាលពីឆ្នាំ ២០១៨ កើនឡើងប្រហែល ១៥ ភាគរយ ធៀបនឹងឆ្នាំ ២០១៧ មានតម្លៃជាមធ្យម ១ ៣១៩ ដុល្លារក្នុងមួយតោន ធ្លាក់ចុះ ១៧ ភាគរយ។ នេះបើតាមទិន្នន័យបានពីអគ្គនាយកដ្ឋានកៅស៊ូ។
CDC បានបង្ហាញថា រោងចក្រនេះនឹងផ្ដល់ការងារ ២២៤ នាក់៕LA