ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) នឹង​ដំណើរការ​ផ្លូវការ​នូវ​វិធីសាស្ដ្រ​ជួញដូរ​តាម​ការចរចា (NTM) ​សម្រាប់​ទីផ្សារ​មូលបត្រ​មូលធន​នៅ​ថ្ងៃទី​ ១៧ ខែ​កុម្ភៈ ដើម្បី​ផ្ដល់​ជម្រើស​ថ្មី​មួយ​ដល់​ក្រុមវិនិយោគិន​សាធារណៈ​នៅក្នុង​ទីផ្សារ​នេះ​។

សេចក្ដី​ប្រកាស​របស់ CSX កាលពី​ចុង​សប្ដាហ៍​មុន​បាន​ឲ្យ​ដឹងថា CSX នឹង​ជូនដំណឹង​ដល់​សមាជិក​ក្រុម​វិនិយោគិន និង​សាធារណជន​ថា CSX នឹង​អនុវត្ត​ជា​ផ្លូវការ​ការកម្រិត​តម្លៃ​ប្រចាំថ្ងៃ​ ១០ ​ភាគរយ​សម្រាប់​ការជួញដូរ​មូលបត្រ​មូលនិធិ​នៅ CSX តាមរយៈ​វិធីសាស្ដ្រ​ជួញដូរ​តាម​ការចរចា​ចាប់ពី​ថ្ងៃទី​ ១៧ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ តទៅ ស្រប​តាម​ប្រកាស​លេខ​ ០០២/២០ SECC/Prk ចុះ​ថ្ងៃទី​ ១១ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០ ស្ដីពី​ការអនុវត្ត​ច្បាប់​ប្រតិបត្តិការ​នៃ​ផ្សារមូលបត្រ​នៃ​ផ្សារមូលបត្រ​កម្ពុជា​ដែល​បានប្រកាស​ឲ្យ​ប្រើប្រាស់​ដោយ​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC)​។

សេចក្ដី​ប្រកាស​នេះ​ឲ្យ​ដឹងថា​៖ «​គោលបំណង​នៃ​ការកែប្រែ​ការកម្រិត​តម្លៃ​ប្រចាំថ្ងៃ​សម្រាប់​ការជួញដូរ​មូលបត្រ មូលធន​តាមរយៈ NTM ចាប់ពី​ ០ ​ភាគរយ​ដល់​ ១០ ​ភាគរយ ​គឺ​ដើម្បី​ការពារ​ក្រុម​វិនិយោគិន និង​ទីផ្សារ​មិន​ឲ្យ​មានការ​ជួញដូរ​មិន​ស្មើភាព​ជាមួយ​តម្លៃ ខុសគ្នា​ខ្លាំង​ពី​តម្លៃ​ទីផ្សារ​។ បន្ទាប់ពី​ការអនុវត្ត​នេះ​ការជួញដូរ​មូលបត្រ​មូលធន​តាមរយៈ​ការដេញថ្លៃ និង NTM នៅ CSX នឹង​មាន​ការកម្រិត​តម្លៃ​ដូចគ្នា ដែល​មាន​ ១០ ​ភាគរយ​ នៃ​តម្លៃបិទ​កាលពីមុន​»​។

លោកស្រី គីម សុផាននីតា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​របស់ CSX ដែល​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​កាលពី​ថ្ងៃអាទិត្យ​បាន​ឲ្យ​ដឹង​កាលពីមុន​ថា សម្រាប់ CSX មាន​ប្រភេទ​ ២ ​នៃ​វិធីសាស្ដ្រ​ជួញដូរ ការដេញថ្លៃ​ដោយ​ផ្អែកលើ​វិធីសាស្ដ្រ​មាន​មូលដ្ឋាន​លើ​ការចរចា​ដែល​មានន័យថា ប្រសិន​បើ​នរណាម្នាក់​ចង់​បាន​ទិញ ឬ​លក់​ភាគហ៊ុន ប៉ុន្តែ​ពួកគេ​មិន​ចង់​មាន​សមភាគី​កណ្ដាល​ជា​ធម្មតា​ពួកគេ​ចាំបាច់​ត្រូវដាក់​ការបញ្ជាទិញ​ដល់​ទីផ្សារ​នេះ​ហើយ​វា​តាមរយៈ​វិធីសាស្ដ្រ​ជួញដូរ​ដេញថ្លៃ (ATM)​។

ទោះបី​យ៉ាងណា​ប្រសិន​បើ​ពួកគេ​ចង់​ទិញ ឬ​លក់​ចំនួន​ច្រើន​អាច​និយាយ​ថា រាប់លាន​ភាគហ៊ុន ដើម្បី​ធ្វើឲ្យ​វា​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការកើតឡើង ពួកគេ​ចាំបាច់​ត្រូវ​ស្វែងរក​ភាគទុនិក​សំខាន់ៗ និង​ការចរចា​កិច្ចព្រមព្រៀង​ (​ជាធម្មតា​ឈ្មួញ​ជើងសា​អាចជួយ​បាន​)​។ លោកស្រី​ថ្លែង​បន្ត​ថា​៖ «​ក្នុង​ករណី​នេះ​ប្រសិន​បើ​អ្នកស្វែងរក​សមភាគី​កណ្ដាល អ្នក​អាច​ធ្វើការ​ជួញដូរ​ផ្លូវការ​នៅ CSX ដោយ​ប្រើប្រាស់​វិធីសាស្ដ្រ​ជួញដូរ​ទៅ​តាម​ការចរចា​ (NTM)»​។

សេចក្ដី​ប្រកាស​របស់ CSX ឲ្យ​ដឹងថា NTM គឺជា​វិធីសាស្ដ្រ​ជួញដូរ​មួយ​ដែល​អាច​ឲ្យ​វិនិយោគិន​ ២ ​រូប​ដាក់ និង​អនុវត្ត​ការបញ្ជាទិញ​របស់​ពួកគេ​ដោយ​សម្ងាត់​នៅក្នុង​ប្រតិបត្តិការ​ធំ​តែមួយគត់ បន្ទាប់ពី​ការចរចា​​ទទួល​បាន​ជោគជ័យ​លើ​លក្ខខណ្ឌ​ប្រតិបត្តិការ​។ វា​ត្រូវបាន​អនុវត្ត​ជា​ផ្លូវការ​នៅ CSX កាលពី​ថ្ងៃទី​ ៩ ខែ​ មករា ឆ្នាំ​ ២០១៨​។ មាន​ការជួញដូរ​ ៦ ដែល​អនុវត្ត​តាមរយៈ NTM ចាប់តាំងពី​ពេលនោះ​ដោយ​មាន​បរិមាណ​ជួញដូរ​សរុប ១៤ ៨៦៤ ១១៤ ​ភាគហ៊ុន​៕LA