ភ្នំពេញៈ កម្ពុជា​បានក្លាយ​ជា​ប្រទេស​ទី ៣៣ លើ​ពិភពលោក​ដែល​ទិញ​សិទ្ធិ​អាជីវកម្ម​ Master Franchise ពី​ក្រុមហ៊ុនភ្នាក់ងារ​​អចលន​ទ្រព្យ​ Electronic Realty Associates (ERA) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។

ក្នុង​ពិធីប្រកាស​បើក​ដំណើរការ​ក្រុមហ៊ុន ERA Cambodia ជា​​ផ្លូវ​ការ​នៅថ្ងៃ​អាទិត្យ​នេះ លោក ខន គង្គា អគ្គនាយក​ក្រុមហ៊ុនភ្នាក់ងារ​អចលន​​ទ្រព្យ​មួយ​នេះ​ បាន​ឲ្យ​ដឹងថា កំណើនប្រជាជន និង​សេដ្ឋកិច្ច បានធ្វើ​ឲ្យ​ទីផ្សារ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​រីកធំឡើង​ជា​លំដាប់។

លោក​បន្ថែម​ថា ​ក្រុមហ៊ុន​ ERA Cambodia ​ដែល​ចាប់​ផ្តើមធ្វើ​ប្រតិបត្តិការ​នា​អំឡុង​ត្រីមាស​ទី១ ឆ្នាំ ២០១៨ មុន​ពេល​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ រហូតដល់​ពេលនេះ​ទទួល​បាន​សិទ្ធិ​ជួយ​ប្រឹក្សា​យោបល់ និង​លក់​ឲ្យ​គម្រោងធំៗចំនួន ៣ រួចមកហើយ​ដូច​ជា​​គម្រោង Urban Village, Lingnan និង R&F Property។

លោក​បាន​​​ថ្លែង​​ថា៖ «កម្ពុជា​ជា​ប្រទេស​កំពុង​មាន​ការអភិវឌ្ឍ ដូច្នេះ​ឱកាស​ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ​នៅមាន​ច្រើន​ណាស់»។ លោក​បន្ត​ថា៖ «​ជា​មួយ​នឹង​ភ្នាក់ងារ​បច្ចុប្បន្ន ​ចំនួន ១០០ នាក់ ខ្ញុំ​​រំពឹងថា នៅ​ដំណាច់ឆ្នាំ ២០១៩ នឹង​កើន​ដល់​ជិត ១ ០០០នាក់»។

លោក Jack Chua នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ERA Asia Pacific ដែល​លក់ Master Franchise ឲ្យ​ក្រុមហ៊ុន ERA Cambodia បាន​ឲ្យដឹង​ថា កម្ពុជា​ជាទី​ផ្សារ​ថ្មីដែលមាន​សក្តានុពល​ខ្លាំង​នៅក្នុង​តំបន់ ហើយ​ដើម្បី​អាច​ឲ្យ​ក្រុមហ៊ុន ក្រុមហ៊ុន ERA Cambodia ទទួលជោគជ័យ​ក្នុង​វិស័យ​នេះ ក្រុមហ៊ុន​នឹង​ផ្តោត​ជា​ចម្បង​ទៅ​លើ​​ការបណ្តុះបណ្តាល​ភ្នាក់ងារ​របស់ក្រុមហ៊ុន ​ដើម្បី​ឲ្យ​យល់​ពី​តម្រូវការ និង​ការជួយ​អតិថិជន។

លោក​បាន​ថ្លែងថា៖ «ការបណ្តុះបណ្តាល​ភ្នាក់ងារ​ឲ្យ​មានចំណេះដឹង ជំនាញ និង​ក្រមសីលធម៌​វិជ្ជាជីវៈ គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ភាពជោគជ័យ​របស់​ក្រុមហ៊ុន ERA Cambodia»។

ក្រុមហ៊ុន ERA ត្រូវបាន​បង្កើតឡើង​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៩៧១ ដែល​បច្ចុប្បន្ន​មាន​ភ្នាក់ងារ​ជិត ៤០ ០០០នាក់៕