ក្រុង​វ៉ាស៊ីន​តោនៈ រដ្ឋបាល​អាកាស​ចរណ៍​សហព័ន្ធ​អាមេរិក (FAA) កំពុង​រៀបចំ​ផែនការ ដែល​​គេ​ហៅ​ថា ការ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​គ្រប់គ្រង​ជា​អន្តរជាតិ​ដ៏​ទូលំទូលាយ​សម្រាប់​យន្តហោះ​​ប្រភេទ 737 Max នៃ​ក្រុមហ៊ុន Boeing ដើម្បី​ដាក់​បញ្ចូល​ក្រុម​អ្នក​ជំនាញ​ចំនួន ​៩ ​នាក់ ​មក​ពី​អាជ្ញាធរ​អាកាស​ចរណ៍​ស៊ីវិល។

FAA បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ការ​ត្រួត​ពិនិត្យ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ​២៩ ខែ មេសា ហើយ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ត្រូវ​ការ​រយៈពេល ៩០ ថ្ងៃ។

ទីភ្នាក់ងារ​នេះ​ បាន​ឲ្យ​ដឹង​ថា ការ​ត្រួត​ពិនិត្យ​នេះ​នឹង ​«វាយ​តម្លៃ​លើ​ទិដ្ឋភាព​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ហោះហើរ​ដោយ​ស្វ័យប្រវត្តិ​របស់​យន្តហោះ​ប្រភេទ​ 737 Max ដែល​រួម​ទាំង​ការ​រចនា និង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​​ប្រព័ន្ធ​ ដើម្បី​កំណត់​ការ​អនុលោម​ជាមួយ​នឹង​បទប្បញ្ញត្តិ​ដែល​អាច​អនុវត្ត​បាន​ទាំង​អស់ និង​ដើម្បី​កំណត់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ពេល​អនាគត​ដែល​​​អាច​ត្រូវការ»។

ប្រព័ន្ធ​នោះ​ត្រូវ​គេ​សង្ស័យ​ថា ​គឺ​ជា​មូលហេតុ​នៃ​ការ​ធ្លាក់​​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Lion Air នៅ​ក្បែរ​ទីក្រុង​ហ្សាការតា កាល​ពី​ថ្ងៃ​ទី ​២៩ ខែ ​តុលា ​ឆ្នាំ ២០១៨ ដោយ​សម្លាប់​មនុស្ស ​១៨៩ ​នាក់ និង​ការ​ធ្លាក់​យន្តហោះ​​ក្រុមហ៊ុន​ Ethiopian Airlines នៅ​​ជិត​ទីក្រុង​អាឌីស​អាបាបា កាល​ពី​ថ្ងៃ​ទី ​១០ ខែ ​មីនា ​ឆ្នាំ ​២០១៩ ដែល​សម្លាប់​មនុស្ស ​១៥៧ ​នាក់។

ការ​ធ្លាក់​យន្តហោះ​ទាំង ​២ ​នេះ ​បាន​កើត​ឡើង​ភ្លាមៗ​បន្ទាប់​​ពី​ការ​ហោះ​ឡើង​បាន​បន្តិច​។

យន្តហោះ Max របស់​ក្រុមហ៊ុន Boeing ដែល​ជា​ប្រភេទ​យន្តហោះ​លក់​ដាច់​បំផុត​មិន​ធ្លាប់​មាន​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​មួយ​នេះ ត្រូវ​បាន​ហាម​ឃាត់​ទូទាំង​ពិភព​លោក​ចាប់​តាំង​ពី​ពេល​នោះ​មក​ ខណៈ​​ក្រុម​វិស្វករ និង​ក្រុម​ស៊ើប​អង្កេត​កំពុង​ស្វែងរក​មូលហេតុ​ពិត​នៃ​ការ​ធ្លាក់​យន្តហោះ​ប្រភេទ​នេះ។

ការ​ត្រួត​ពិនិត្យ​ថ្មី​នេះ នឹង​ត្រូវ​​ដឹកនាំ​ដោយ​លោក Chris Hart អតីត​ប្រធាន​ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹក​ជញ្ជូន​ជាតិ​​​អាមេរិក រួម​ទាំង​ក្រុម​អ្នក​ជំនាញ​មក​ពី FAA និង​អង្គការ NASA​។

ក្រៅ​ពី​នេះ ​អាជ្ញាធរ​អាកាស​ចរណ៍​ស៊ីវិល​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​​ដែល​នឹង​​ចូលរួម ​មាន​ដូច​​ជា សហភាព​អឺរ៉ុប ប្រេស៊ីល អូស្ដ្រាលី កាណាដា ចិន ជប៉ុន ឥណ្ឌូនេស៊ី សិង្ហបុរី និង​អេមីរ៉ាត​​អារ៉ាប់រួម។

ការ​ធ្លាក់​យន្តហោះ​ទាំង ២ ​នៅ​​ក្នុង​ប្រទេស ​ឥណ្ឌូនេស៊ី និង​អេត្យូពី ប្រព័ន្ធ​ប្រឆាំង​ការ​រលត់​ម៉ាស៊ីន​ថ្មី​របស់​ក្រុមហ៊ុន Boeing ដែល​គេ​ស្គាល់​ថា MCAS ត្រូវ​សង្ស័យ​ថា​មាន​បញ្ហា​។

តាម​ការ​រាយការណ៍​ប្រព័ន្ធ​នេះ​បាន​​បន្ទាប​ក្បាល​យន្តហោះ​​ម្ដង​ហើយ​ម្ដង​ទៀត បើ​ទោះបី​ជា​ក្រុម​អ្នក​បើកបរ​ខិតខំ​យ៉ាង​ណា​ក៏​ដោយ។

កាល​ពី​ថ្ងៃ​អង្គារ ក្រុមហ៊ុន Boeing បាន​អនុវត្ត​ការ​ហោះហើរ​សាកល្បង​ផ្នែក​វិស្វកម្ម​នៃ​យន្តហោះ Max ដោយ​មាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រព័ន្ធ MCAS ដែល​ចាត់​ទុក​ថា ជា​ជំហាន​ដ៏​សំខាន់​មួយ​លើ​ផ្លូវ​ដើម្បី​បញ្ជាក់​ជា​ថ្មី​​ដល់​យន្តហោះ​នេះ​សម្រាប់​​ការ​ហោះហើរ។

អគ្គនាយក​ក្រុមហ៊ុន Boeing លោក Dennis Muilenburg ដែល​បាន​ជិះ​យន្តហោះ​នៅ​ក្នុង​ការ​ហោះហើរ​សាកល្បង​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ប្ដេជ្ញា​ថា នឹង​ធ្វើ​​ឲ្យ​យន្តហោះ​ប្រភេទ 737 Max​«ក្លាយ​ជា​យន្តហោះ​ដែល​​មាន​​សុវត្ថិភាព​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ការ​ហោះហើរ​នា​ពេល​កន្លង​​មក​»៕ AFP/LA