អាមេរិកៈ ​ក្រុមហ៊ុន​ Facebook បាន​ប្រកាស​ពី​ការ​ចេញ ​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់​ខ្លួន​ទៅ​កាន់​ពិភព​លោក​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​មនុស្ស​សន្សំ​ប្រាក់ ​ផ្ញើ ​ឬ​ចំណាយ​​ប្រាក់​យ៉ាង​ងាយ​ស្រួល​។

រូបិយប័ណ្ណ​ពិភព​លោក​ថ្មី​មួយ​ដែល​មាន​ឈ្មោះថា​ «Libra» ​ត្រូវ​បាន​បង្ហាញ​​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្នុង​គំនិត​ផ្ដួច​ផ្ដើម​ថ្មី​មួយ​ក្នុង​ការ​ទូទាត់​សម្រាប់​បណ្ដាញ​សង្គម​ធំ​ជាង​គេ​របស់​ពិភព​​​លោក​មួយ​នេះ ដែល​នឹង​នាំយក​រូបិយប័ណ្ណ​ឌីជីថល​មួយ​នេះ​ចេញ​ពី​ភាព​មិន​ច្បាស់លាស់​នា​ពេល​កន្លង​មក​។

ក្រុមហ៊ុន Facebook ​ និង​ដៃគូ​​ប្រហែល ​២០ ​ផ្សេង​ទៀត ​បាន​ចេញ​ផ្សាយ​គំរូ​របស់​​ប្រាក់ ​Libra ​ជា​​កូដ​បើក​ចំហ​ នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​​ក្រុមហ៊ុន​អភិវឌ្ឍន៍ ​ដែល​ចាប់​អារម្មណ៍​ក្នុង​ទម្រង់​ជា ​App ​សេវា ឬ​អាជីវកម្ម មុន​ពេល​រូបិយប័ណ្ណ​ឌីជីថល​ពិភព​លោក​នេះ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​ក្រោយ​។​

សមាគម​​មិន​ស្វែងរក​ប្រាក់​ចំណេញ​​ មាន​​​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ ​នឹង​គ្រប់គ្រង​ Libra ​ដែល​មាន​​មូលដ្ឋាន​ជា​​រូបិយប័ណ្ណ​ឌីជីថល​នេះ​ ដែល​រក្សា​ជា​ទុន​បម្រុង​ទ្រព្យ​សកម្ម​ពិត​ប្រាកដ​របស់​​ពិភព​លោក ​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​របស់​វា។​​

លោក ​Dante ​Disparte ​ប្រធាន​សមាគម​ Libra ​Association​ ទទួល​បន្ទុក​គោល​នយោបាយ ​និង​ទំនាក់ទំនង​បាន​ឲ្យ​ដឹង​ថា ​គំនិត​ផ្ដួច​ផ្ដើម​​នេះ​ ​មាន​លទ្ធភាព​​អាច​ឲ្យ​​ប្រជាជន​​ដែល «​​មិនមាន​គណនី​ធនាគារ»​ ១ ​លាន​​នាក់​ជុំវិញ​ពិភព​លោក​​មាន​លទ្ធភាព​​ក្នុង​ការ​ទទួល​បាន​សេវា​​ពាណិជ្ជកម្ម និង​​សេវា​ហិរញ្ញវត្ថុ​អនឡាញ។​

លោក​ Disparte បាន​ប្រាប់​ទីភ្នាក់ងារ​​ព័ត៌មាន​ AFP ថា​៖ «​យើង​ជឿជាក់​ថា​ ប្រសិន​បើ​អ្នក​ផ្ដល់​លទ្ធភាព​ដល់​ប្រជាជន​ក្នុង​ការ​ទទួល​បាន​​ប្រាក់​ និង​ឱកាស​នៅ​ក្នុង​តម្លៃ​ទាប​បំផុត ​ជា​របៀប​មួយ​ដែល​​ក្រុមហ៊ុន​អ៊ីនធឺណិត​មួយ​​នេះ​បាន​​ធ្វើ​ដោយ​ខ្លួន​ឯង​​កាល​ពី​ពេល​​កន្លង​មក»។​

សមាគម​ Libra Association ​បាន​ចាប់​ផ្ដើម​ជាមួយ​នឹង​សមាជិក​ទាំង​ ​២៨ ​ក្រុមហ៊ុន​ ដែល​រួមមាន​​ក្រុមហ៊ុន​ Mastercard ​ក្រុមហ៊ុន​ Visa ​ក្រុមហ៊ុន ​Stripe ​ក្រុមហ៊ុន ​Kiva ​ក្រុមហ៊ុន​ PayPal ​ក្រុមហ៊ុន Lyft ​ក្រុមហ៊ុន​ Uber ​និង​អង្គការ ​Women''s ​World ​Banking​។​

លោក​ Peter Hazlehurst ​ប្រធាន​​ក្រុមហ៊ុន​ Uber ទទួល​បន្ទុក​ការ​​ទូទាត់ ​និង​ហានិភ័យ​បាន​ថ្លែង​ថា៖ «​​ការ​ផ្ញើ​ប្រាក់​ទៅ​មិត្តភ័ក្ដិ​របស់​អ្នក​ មិន​គួរ​ពិបាក​ជាង​ពួក​គេ​ជិះ​តាក់ស៊ី​របស់​ក្រុមហ៊ុន ​Uber ទៅ​ផ្ទះ​នោះ​ទេ​»។​

លោក​ថ្លែង​ថា​៖ «​Libra ​មាន​លទ្ធភាព​​ក្នុង​ការ​ភ្ជិត​គម្លាត​រវាង​បណ្ដាញ​​ហិរញ្ញវត្ថុ​ពីមុន ​និង​បច្ចេកវិទ្យា​រូបិយប័ណ្ណ​ឌីជីថល​ថ្មី ​ខណៈ​នឹង​មាន​ការ​កាត់​​បន្ថយ​​ការ​ចំណាយ​សម្រាប់​គ្រប់​គ្នា​»​។​

Facebook ​នឹង​ជា​សំឡេង​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​សំឡេង​​ជាច្រើន​​នៅ​ក្នុង​សមាគម​នេះ​ ប៉ុន្តែ​​នឹង​បង្កើត​​ហោប៉ៅ​ប្រាក់​ឌីជីថល​ដាច់​ដោយ​ឡែក​មួយ​ ដែល​ហៅ​ថា​ Calibra​។​

លោក​ Tomer Barel អនុប្រធាន​ Calibra ទទួល​បន្ទុក​ប្រតិបត្តិការ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «​យើង​មើល​ឃើញ​នេះ​ជា​ការ​បំពេញ​បន្ថែម​​ដល់​បេសកកម្ម​របស់​​ក្រុមហ៊ុន​ Facebook​ ក្នុង​ការ​តភ្ជាប់​ប្រជាជន​​ទោះ​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​នៅ​ ដែល​រួម​ទាំង​ការ​អនុញ្ញាត​​ឲ្យ​ពួក​គេ​​ក្នុង​ការ​ផ្លាស់​ប្តូរ​តម្លៃ​​ផង​»។​

លោក​បន្ត​ថា​៖ «​ប្រជាជន​ជា​ច្រើន​ ដែល​​ប្រើប្រាស់​​ Facebook ​កំពុង​ស្ថិត​​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​ឧបសគ្គ​​​ក្នុង​ការ​ទទួល​បាន​សេវា​ធនាគារ ឬ​ឥណទាន​»។​

Calibra​ នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​កម្មវិធី​ Messenger និង​កម្មវិធី WhatsApp ​របស់​ក្រុមហ៊ុន​ Facebook ជាមួយ​នឹង​ទិសដៅ​មួយ​នៃ​ការ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ផ្ញើ​ Libra ​យ៉ាង​ងាយ​ស្រួល​ ដូច​ដែល​ពួក​គេ​​សរសេរ​សារ​​អ៊ីចឹង​៕AFP/LA​