ភ្នំពេញ: សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (Fasmec) និង​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Metfone បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​លើក​កម្ពស់​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ប្រធាន Fasmec​។

លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ដែល​មាន​សហគ្រាស​ជា​សមាជិក​ជាង​ ៦០ បាន​ថ្លែងថា ការចុះ MoU ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ការផ្លាស់ប្តូរ និង​ចែករំលែក​ព័ត៌មាន​ទីផ្សារ ការសម្របសម្រួល និង​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​។

លោក​បន្តថា ក្រុមហ៊ុន Metfone ​នឹង​គាំទ្រ​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកទេស​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ផងដែរ​។ លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន Metfone នឹង​ជួយ​ជំរុញ​ និង​​គាំទ្រ​លើ​សកម្មភាព​មួយចំនួន​ទាក់ទង​នឹង​ព័ត៌មានវិទ្យា បច្ចេកវិទ្យា ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​កម្មន្តសាល សហគ្រាស​ធុន​តូច និង​មធ្យម​ឲ្យ​ដើរ​ស្រប​នឹង​ការវិវត្ត​ឧស្សាហកម្ម​ ៤.០ ​របស់​សកលលោក​»​។

លោក​បន្តថា បច្ចុប្បន្ន​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ទីផ្សារ ហិរញ្ញវត្ថុ ហើយ​ពួកគេ​ភាគច្រើន​មាន​ចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​នៅ​មាន​កម្រិត​នៅឡើយ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹមថា MoU នេះ​នឹង​ជា​កម្លាំងចលករ​ថ្មី​មួយ ដើម្បី​ជំរុញ​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ​»​។

លោក Phung Van Cuong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Metfone បាន​ថ្លែងថា ក្រុមហ៊ុន​លោក​នឹងចូលរួម​សហការ​ជាមួយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការធ្វើ​ធុរកិច្ច​ឲ្យ​មាន​ការអភិវឌ្ឍ​រីកចម្រើន​តាមរយៈ​គាំទ្រ​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ដល់​ពួកគេ​។ លោក​បាន​បន្តថា​៖ «​វត្តមាន​ក្រុមហ៊ុន Metfone នៅ​កម្ពុជា​បាន​ជំរុញ​ឲ្យ​តម្លៃ​សេវា​ក្នុង​វិស័យ​ទូរគមនាគមន៍​មាន​តម្លៃ​ទាប​សមរម្យ ហើយ​ក្រុមហ៊ុន​ចង់​នាំ​យក​បច្ចេកវិទ្យា​ចុងក្រោយ ដើម្បី​បញ្ជ្រាប​ទៅក្នុង​វិស័យ SME នៅ​កម្ពុជា​ផងដែរ​»​។

លោក​បន្តថា ក្រុមហ៊ុន Metfone បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ឈានមុខ​មួយ​ដែល​មាន​ស្ថានីយ​ចំនួន ១ ១០០០ ​ស្ថានីយ និង​មាន​ខ្សែ​អុបទិក​ប្រវែង​ ២៣ ០០០ គីឡូម៉ែត្រ ​ដែល​បានផ្តល់​សេវា​ដល់​ប្រជាជន​កម្ពុជា​ជិត​ ៩ ​លាន​នាក់​។

លោក​បន្តថា ក្រុមហ៊ុន​មាន​ប្រាក់ចំណូល​សរុប ២,៣ ពាន់​លាន​ដុល្លារ និង​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល ៦០០ លាន​ដុល្លារ​ក្នុង​រយៈពេល​ប្រតិបត្តិការ​ ១១ ​ឆ្នាំ​នៅ​កម្ពុជា​។ លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​សន្យា​ផ្តល់​សេវាកម្ម​ឥតគិតថ្លៃ​មួយចំនួន​ដល់​គ្រប់​សមាជិក Fasmec ទាំងអស់​»​។

របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​បង្ហាញ​ថា កម្ពុជា​មាន​សហគ្រាស​សរុប ៥១៣ ៧៥៩ ក្នុង​នោះ​ជាង ៩៧ ភាគរយ​ជា​សហគ្រាស​ខ្នាតតូច និង​ ២,២ ​ភាគរយ​ជា​សហគ្រាស​ធុន​ធំ​៕LA