ក្រុង​តូក្យូៈ ក្រុម​អ្នក​បង្កើត​គោលនយោបាយ​ហិរញ្ញវត្ថុ​ជាន់​ខ្ពស់​មក​ពី​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​រីក​ចម្រើន​ធំ​ទាំង ២០ ក្នុង​ពិភព​លោក (G20) នឹង​ជួប​ប្រជុំ​គ្នា​នៅ​ចុង​សប្តាហ៍​នេះ​ក្នុង​ប្រទេស ​ជប៉ុន ខណៈ​​​សង្គ្រាម​ពាណិជ្ជកម្ម​​រវាង​អាមេរិក ​និង​ចិន​បង្ក​ផល​ប៉ះពាល់​​ដល់​សេដ្ឋកិច្ច​ពិភព​លោក​។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​មន្ត្រី​ធនាគារ​កណ្តាល​​របស់​ក្រុម​ប្រទេស G20 ដែល​នឹង​ជួប​ប្រជុំ​នៅ​ទីក្រុង​កំពង់ផែ Fukuoka​ ដែល​ស្ថិត​នៅ​ភាគ​និរតី​ប្រទេស ​ជប៉ុន ក៏​នឹង​ដោះស្រាយ​​បញ្ហា​លំបាក​​អំពី​របៀប​ដែល​ត្រូវ​ដក​ហូត​ពន្ធ​លើ​ក្រុមហ៊ុន​ឌីជីថល​ធំៗ​ដូច​ជា ​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Facebook ផង​ដែរ។

ក្រុម​អ្នក​បង្កើត​គោល​នយោបាយ​កំពុង​ប្រឈម​ចក្ខុវិស័យ​មិន​ច្បាស់លាស់​កាន់​តែ​ខ្លាំង ខណៈ​ភាព​ចលាចល​ពី​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កើត​មាន​កាន់​តែ​ខ្លាំង​ឡើង​ បាន​ហៀរ​ចូល​ទៅ​ក្នុង​​សេដ្ឋកិច្ច​ពិត ដែល​ជំរុញ​ឲ្យ​ធនាគារ​កណ្តាល​មួយ​ចំនួន​កាត់​​បន្ថយ​អត្រាការ​ប្រាក់ ឬ​បង្ហាញ​សញ្ញា​បន្ធូរ​បន្ថយ​គោល​នយោបាយ​រូបិយវត្ថុ។

មុន​នឹង​កិច្ច​ប្រជុំ​នេះ ធនាគារ​ពិភព​លោក​បាន​កាត់​បន្ថយ​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​របស់​ខ្លួន​សម្រាប់​ឆ្នាំ​នេះ ខណៈ​ដែល​ទំនុក​ចិត្ត​បាន​ធ្លាក់​ចុះ ហើយ​ការ​វិនិយោគ​ត្រូវ​បាន​ពន្យារពេល ​ដោយសារ​បញ្ហា​ភូមិសាស្រ្ត​នយោបាយ ដូច​ជា​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ជា​ដើម។

សេដ្ឋកិច្ច​ពិភព​លោក​ ត្រូវ​បាន​​រំពឹង​ថា​នឹង​កើន​ឡើង ២,៦ ភាគរយ ​នៅ​ឆ្នាំ​នេះ ដែល​ទាប​ជា​ការ​ព្យាករ​កាល​ពី​ខែ​មករា និង​ទាប​ជាង​កំណើន ៣ ភាគរយ ​​​នៅ​ឆ្នាំ ២០១៨។ នេះ​បើ​​តាម​របាយការណ៍​ស្តីពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ពិភព​លោក។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ទីក្រុង​វ៉ាស៊ីនតោន​ មាន​ផែនការ​ដាក់​សម្ពាធ​ឲ្យ​សមាជិក​ក្រុម​ប្រទេស G20 ផ្សេង​ទៀត​ កាត់​បន្ថយ​អតុល្យភាព​ពាណិជ្ជកម្ម៕ AFP/KC