ក្រុងប៉ារីសៈ ការវិភាគ​ថ្មី​មួយ​បានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បណ្ដា​ប្រទេស​អ្នកមាន​កំពុង​ចាក់​បញ្ចូល​សាច់ប្រាក់​តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល ដើម្បី​ផ្ដល់​ទឹកប្រាក់​ចំនួន ៣០ ​ពាន់​លាន​ដុល្លារ​ ដល់​គម្រោង​ឥន្ធនៈ​ហ្វូស៊ីល​ក្នុង​ ១ ​ឆ្នាំៗ​ដែល «​ប្រឆាំង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​»​។

ការវិភាគ​នេះ​បាន​ឲ្យ​ដឹងថា ទីភ្នាក់ងារ​ឥណទាន​នាំចេញ (ECAs) របស់​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​ ២០ (G20) បច្ចុប្បន្ន​ផ្ដល់​ហិរញ្ញប្បទាន​ដែល​គាំទ្រ​ដោយ​រដ្ឋ​ដល់​គម្រោង​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម នៅ​បរទេស​ពោល​គឺ​ច្រើនជាង ១០ ​ដង​បើ​ធៀប​ទំហំ​ទឹកប្រាក់​ដែល​ប្រទេស​ទាំងនោះ​បាន​ផ្តល់​ដល់​ផែនការ​ថាមពល​កកើត​ឡើងវិញ​។

ស្ថិតក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ការបំភាយ​ឧស្ម័ន​ពី​គម្រោង​ទាំងនេះ មិន​រាប់បញ្ចូល​ថា​ជា​ផ្នែក​មួយ​នៃ​បរិមាណ​កាបូន​បញ្ចេញ​ទៅ​បរិយាកាស​របស់​បណ្ដា​ប្រទេស​ម្ចាស់ជំនួយ​ទេ​។

ECAs ជា​ស្ថាប័ន​សាធារណៈ​ដែល​ផ្ដល់​កម្ចី និង​ការធានារ៉ាប់រង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​នៅក្រៅ​ប្រទេស​។

អង្គការ​ឃ្លាំមើល​ទីផ្សារ Oil Change International និង Friends of the Earth America បាន​បង្ហាញថា ការផ្ដល់​ហិរញ្ញប្បទាន​របស់ G20 សម្រាប់​ធ្យូងថ្ម​តាមរយៈ ECA បាន​កើនឡើង​ជា​ភាគរយ​នៃ​ការផ្ដល់​ហិរញ្ញប្បទាន​គម្រោង​ថាមពល​ចាប់តាំងពី​មាន​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ឆ្នាំ​ ២០១៥​។

ចំនួន​នោះ​ស្មើនឹង​ចំនួន ៧,១​ ពាន់​លាន​ដុល្លារ ​ប្រចាំឆ្នាំ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ចាប់តាំងពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​រួមបញ្ចូល​ប្រទេស​ជាច្រើន​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន​។

អ្នកស្រី Bronwen Tucker អ្នកវិភាគ​នៅ​អង្គការ Oil Change បាន​ថ្លែងថា​៖ «​វា​ជាការ​ធ្វេសប្រហែស និង​មិនអាច​ទទួលយកបាន​សម្រាប់​រដ្ឋាភិបាល​ណាមួយ​ដែល​នៅតែ​ផ្ដល់​ហិរញ្ញប្បទាន​សាធារណៈ​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម​»​។

អ្នកស្រី​មាន​ប្រសាសន៍​ថា​៖ «​វា​កាន់តែ​ជា​រឿង​អាក្រក់​ថែមទៀត នៅពេល​ការផ្ដល់ប្រាក់​ដល់​គម្រោង​ឥន្ធនៈ​ហ្វូស៊ីល​ទាំងនេះ​ចេញ​មកពី​រដ្ឋាភិបាល​ដែលមាន​ការទទួល​ខុសត្រូវ​ជា​ប្រវត្ដិសាស្ដ្រ​ខ្លាំង​បំផុត​លើ​វិបត្តិ​អាកាសធាតុ​»​។

ការវិភាគ​នេះ​បានលើក​ឡើង​ពី​ចិន ជប៉ុន កូរ៉េខាងត្បូង និង​កាណាដា ថា​ជា​ប្រទេស​ស្ថិត​ក្នុង​ប្រទេស​ល្មើស​អាក្រក់​បំផុត​ដែល​មាន ៧៨ ​ភាគរយ​នៃ​ការគាំទ្រ​ឥន្ធនៈ​ហ្វូស៊ីល​របស់ G20 ចាប់តាំងពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០១៨​។

ការវិភាគ​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ទោះបី​ជា​មាន​ភាពអាសន្ន​អាកាសធាតុ​ក្តី ក៏ ECA នៅតែ [​ប្រឹង​ផ្តល់​ហិរញ្ញប្បទាន​] ដល់​ឥន្ធនៈ​ហ្វូស៊ីល​បន្ថែម​»​។

ការវិភាគ​បន្តថា​៖ «ECA របស់​ប្រទេស​ ជប៉ុន​ បន្ត​គាំទ្រ​គម្រោង​ធ្យូងថ្ម​ថ្មីៗ​។ ECA របស់​ប្រទេស​ កាណាដា ​កំពុង​ចាក់​បញ្ចូល​សាច់ប្រាក់​គម្រោង​ប្រេង​ដីខ្សាច់ (tar sands) ហើយ ECA ជាច្រើន​កំពុង​ចាប់យក​ឱកាស​ក្នុងការ​គាំទ្រ​ដល់​ឧស្ម័ន​ធម្មជាតិ​នៅ​ប្រទេស​ភាគ​ខាង​ម៉ូហ្សំប៊ិក​ខាងជើង និង​ទីកន្លែង​ផ្សេងទៀត​»​។

អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ការ​បំភាយ​ឧស្ម័ន​កាបូន​ត្រូវតែ​ធ្លាក់ចុះ ៧,៦ ​ភាគរយ ​ប្រចាំឆ្នាំ​ត្រឹម​ឆ្នាំ ២០៣០ ដើម្បី​ម្រេច​បានការ​កម្រិត​ការកើនឡើង​កម្ដៅ ១,៥ អង្សាសេ​។

ផ្ទុយទៅវិញ​ការបំភាយ​ប្រេងឥន្ធនៈ​ហ្វូស៊ីល​កំពុង​កើនឡើង​ប្រចាំឆ្នាំ ដោយសារ​តែ​តម្រូវការ​ថាមពល​កើនឡើង​។

អ្នកស្រី Tucker ប្រាប់ AFP ថា​៖ «ECA ជា​អ្វីមួយ​ដែល​ស្ទើរតែ​គ្មាន​នរណាម្នាក់​បាន​ដឹងឮ តែ​ក្នុងនាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សាធារណៈ ពួកគេ​ជួយ​រដ្ឋាភិបាល​បន្ត​សម្រេច​បាន​យុទ្ធសាស្ដ្រ​ពាណិជ្ជកម្ម ហើយ​ប្រទេស​នីមួយៗ​អាច​លាក់បាំង​ការវិនិយោគ​របស់​ពួកគេ​ជុំវិញខ្លួន​ពួកគេ​»៕ LA