សៀមរាបៈ ខណៈ​ក្រុម​ហ៊ុន​អឺ​រ៉ុប​ (EU) ​មួយ​ចំ​នួន​ដែល​កំ​ពុង​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​​ប្រ​ទេស​ កម្ពុជា បង្ហាញ​ការ​បារម្ភ​ពី​ការ​ដក​ប្រ​ព័ន្ធ​អនុ​គ្រោះ​ពន្ធ​ អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អា​វុធ (EBA) ឯក​អគ្គ​រដ្ឋ​ទូត​អឺ​រ៉ុប​ប្រ​ចាំ​​ប្រ​ទេស​ កម្ពុជា​ សង្ឃឹម​ថា ​ការ​​ដក​ EBA ពី​​កម្ពុ​ជា​នឹង​មិន​អាច​​កើត​ឡើង​នោះ​ទេ​។​

លោក ​George ​Edgar ឯក​​អគ្គ​រដ្ឋ​ទូត​ EU ប្រ​ចាំ​ប្រ​ទេស​ កម្ពុជា​ បាន​ឲ្យ​ដឹង​ក្នុង​អំ​ឡុង​ដំ​ណើរ​ទស្ស​ន​កិច្ច​សារ​ព័ត៌​​មាន​រយៈ​​ពេល​ ៣ ថ្ងៃ​ទៅ​កាន់​ខេត្ត​សៀម​រាប​នៅ​សប្ដាហ៍​នេះ​ ដែល​​រៀប​ចំ​ដោយ​​គណៈ​ប្រតិ​ភូ​អឺ​រ៉ុប​ថា ​ក្រុម​​ហ៊ុន​ EU ​គឺ​ជា​ដៃ​គូ​ដ៏​រឹង​មាំ ​និង​ជា​ដៃ​គូ​ទុក​ចិត្ត​​បាន​របស់​កម្ពុជា ​ដែល​​មិន​គ្រាន់​តែ​រួម​ចំ​ណែក​ដល់​កំ​ណើន​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​​​ទេ ប៉ុ​ន្តែ​ថែម​ទាំ​ង​នាំ​មក​ជា​មួយ​​ទិដ្ឋ​ភាព​​ទទួ​ល​ខុស​ត្រូវ​សង្គម ​ដូច​​ជា​ស្ដង់​ដារ​ការ​ងារ​ បច្ចេក​វិ​ទ្យា​ខ្ពស់ ​និង​បរិ​ស្ថាន​ផង​ដែរ​។ ​​

លោក​ថ្លែង​ថា​៖ «​ការ​ផ្លាស់​ប្តូរ​សេដ្ឋ​កិច្ច​ គឺជា​កត្តា​ជំរុញ​សម្រាប់​កំ​ណើ​ន។ ​ក្រុម​ហ៊ុន​ EU​ បង្កើត​ការ​ងារ​​​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ ​ក្រុម​ហ៊ុន​ទាំង​នោះ​​មាន​ចក្ខុ​​វិ​ស័យ​រយៈ​ពេល​វែង ​ជំ​រុញ​នវា​នុ​វត្តន៍​ និង​លើក​កម្ពស់​ការ​ ទទួល​ខុស​ត្រូវ​​សង្គម​ និង​ការ​អនុ​វត្ត​​មិន​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​»​។​

លោក​បាន​​ឲ្យ​ដឹង​ថា ​ខណៈ​ការ​អនុ​គ្រោះ​​ពន្ធ EBA ​របស់​កម្ពុជា ​កំ​ពុង​ស្ថិត​​ក្នុង​ការ​ពិ​ភា​ក្សា ​លោក​សង្ឃឹម​ថា ​វា​​នឹង​មិន​អាច​កើត​ឡើង​នោះ​ទេ​។​ ​លោក​​​ថ្លែង​ថា​៖ «​EBA គឺ​​កំ​ពុ​ង​ស្ថិត​​ក្នុង​ការ​ ពិ​ភាក្សា​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ​ការ​ដក​ការ​អនុ​គ្រោះ​ពន្ធ ​EBA ​នឹង​មិន​កើត​ឡើង​នោះ​ទេ​នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា​»​។​​

បច្ចុ​ប្បន្ន ​មាន​ក្រុម​ហ៊ុន​វិ​និ​យោគ​អឺ​រ៉ុប​​ជាង​ ៣​០០ ​ដែល​កំ​ពុង​រួម​​ចំ​ណែ​ក​ដល់​ការ​អភិ​វឌ្ឍ​ប្រ​ទេស​ កម្ពុជា​ និង​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​។ ​នេះ​បើ​យោង​តាម​ George ​Edgar។ ​

មាន​​ក្រុម​ហ៊ុន​អឺ​រ៉ុប​ ៤​ ដែល​បាន​ចូល​​រួម​​ក្នុង​ដំ​ណើរ​ទស្សន​កិច្ច​នេះ ​ដូច​ជា ​ក្រុម​ហ៊ុន ​Artisans ​Angkor ​ក្រុម​ហ៊ុន ​Pactic ​ក្រុម​ហ៊ុន ​VINCI ​និង​ក្រុ​ម​ហ៊ុន​ TOTAL។​​

លោក ​Pierre ​Andre​ Romano​ អគ្គ​នា​យក​​ក្រុម​ហ៊ុន Artisans ​Angkor ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​​​ពី​ឆ្នាំ ១​៩៩២ បាន​ផ្ដល់​ការ​បណ្ដុះ​​បណ្ដាល​ប្រ​កប​ដោយ​ស្ដង់​ដារ​​ទាក់​ទង​នឹង​សិប្ប​ កម្ម​កែ​ច្នៃ​​នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា​។​

ក្រុម​ហ៊ុន​នេះ​បាន​លក់​​ផលិត​ផល​​ផលិត​ដោយ​ដៃ​ជាង​ ៣០០,០០០​ ជា​រៀង​រាល់​ឆ្នាំ ​និង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​​អន្តរ​ជាតិ​ជាង​​កន្លះ​លាន​នាក់​ មក​ទស្សនា​ហាង​សិប្ប​កម្ម​ទាំង ៤៨​ របស់​ខ្លួន​​នៅ​ខេត្ត​សៀម​រាប​។ រហូត​​ដល់​​ពេល​នេះ​ក្រុម​ហ៊ុន​​បង្កើត​កា​រ​ងារ​ ១,២០០ ​នាក់។​ នេះ​បើ​យោង​តាម​​លោក​ Pierre Andre Romano។​

លោក​ថ្លែង​ថា​៖ «​យើង​លើក​កម្ពស់​ការ​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នៃ​សិល្បៈ និង​សិប្ប​​កម្ម​ខ្មែរ​ តាម​រយៈ​ការ​ផ្ដល់​ការ​បណ្ដុះ​​​បណ្ដាល​ជំ​នាញ​ដល់​​ប្រ​ជា​ជន​ក្នុង​ស្រុក​ និង​អនុ​ញ្ញាត​​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ទស្សនា​សហ​គមន៍​​​សិប្ប​កម្ម​របស់​យើង​ផង​ដែរ​»​។​

លោក​ថ្លែង​ថា​៖ «​ផលិត​ផល​របស់​យើង​​ត្រូវ​បាន​ផលិត​ដោយ​ដៃ​ ដែល​​មាន​​តម្លៃ​ខ្ពស់​បន្តិច​ ដើ​ម្បី​ប្រ​កួត​​ប្រ​ជែង​​​ជា​​មួយ​​ទី​ផ្សារ​ជិត​ខាង​ យើង​កំ​ពុង​មាន​ការ​បារម្ភ​ថា ​ប្រ​សិន​បើ EBA ត្រូវ​បាន​ដ​ក​ចេញ​ វា​នឹង​ប៉ះ​ពាល់​​ដល់​អា​ជីវ​​កម្ម​របស់​យើង​ វា​នឹង​បង្កើន​ការ​​ចំ​ណាយ​ប​ន្ថែម​ទៀត​ ហើយ​នឹង​​មាន​ការ​ពិ​បាក​ក្នុង​ការ​ប្រ​កួ​ត​ប្រ​ជែង​​នៅ​លើ​ទី​ផ្សារ​នេះ​​ផង​ដែរ​»​។​

អ្នក​ស្រី​ ឃឿន ផល្លា​ ដែល​កំពុង​ធ្វើ​​ការ​ងារ​ជា​សិប្ប​ករ​ចម្លាក់​ថ្ម ​ឲ្យ​ក្រុម​ហ៊ុន Artisans Angkor រយៈ​ពេល​ ១០ ​ឆ្នាំ ​បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ស្រ​ឡា​ញ់​ការ​ងារ​នេះ​ខ្លាំង​ណាស់​។​ អ្នក​ស្រី​ថ្លែង​ថា​​៖ «​បន្ទាប់​ពី​បញ្ចប់​ការ​បណ្ដុះ​បណ្ដាល​ រយៈ​ពេល​ ៦ ខែ​ ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​ការ​ងារ​នៅ​ទី​នេះ​ ដោយ​សារ​តែ​​ប្រាក់​ខែ​ល្អ ដើ​ម្បី​ជួយ​គ្រួ​សារ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​​មាន​ការ​ធា​នា​រ៉ាប់​រង​សង្គម​ផង​ដែរ​»​។​

លោក Arjen LAAN ​អគ្គ​នា​យក​​ក្រុម​​ហ៊ុន​ Pactics group ដែល​ផលិត​​ក្រ​ណាត់​ជូត​វ៉ែន​តា​ និង​ផលិត​ផល​​ធ្វើ​ដំ​ណើរ​ និង​វ៉ាលី​ និង​ទី​ផ្សារ​សំ​ខាន់​របស់​ខ្លួន​ពឹង​ផ្អែក​លើ​អឺ​រ៉ុប អា​មេ​រិក និង​ចិន​ បាន​បង្ហាញ​​ការ​ បា​រម្ភ​អំពី​ការ​ដក​ការ​អនុ​គ្រោះ​ពន្ធ EBA​ នឹង​ប៉ះ​ពាល់​ដល់​អា​ជីវ​កម្ម​នេះ ជា​ពិ​សេស​​បុគ្គ​លិក​ជា​ច្រើន​។​ ​

លោក​ថ្លែង​ថា​៖ «​វា​នឹង​ប៉ះ​ពាល់​ភ្លាម​ៗ​ដល់​ពួ​ក​យើង ជា​ពិ​សេស​​កម្មករ​នៅ​ទី​នេះ»។ លោក​បន្ត​ថា​៖ «​បើ​គ្មាន​​ការ​អនុ​គ្រោះ​ពន្ធ EBA យើង​នឹង​ពិ​បាក​ប្រ​កួ​ត​ប្រ​ជែង​[នៅ​ក្នុង​ទី​ផ្សារ​នេះ​]»។

ជា​មួយ​​​កម្ម​ករ​ជាង​ ៦០០ នាក់ លោ​ក​ជំ​រុញ​ឲ្យ​ EU គួរ​តែ​មាន​កិច្ច​ព្រម​ព្រៀង​កាន់​តែ​ប្រ​សើរ​ជា​មួយ​​កម្ពុជា​៕​LA