ក្រុងគូឡាឡាំពួៈ ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​ ៣ ​របស់​ក្រុមហ៊ុន Goldman Sachs កាលពី​ថ្ងៃ​ចន្ទ​បាន​បដិសេធថា គ្មាន​កំហុស​នៅ​ប្រទេស​ម៉ាឡេស៊ី​ជុំវិញ​តួនាទី​ដែល​ត្រូវបាន​ចោទប្រកាន់​របស់​ធនាគារ​វិនិយោគ​នេះ​ក្នុង​រឿងអាស្រូវ​បាត់ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មូលនិធិ​រដ្ឋ​ 1MDB របស់​ម៉ាឡេស៊ី​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ម៉ាឡេស៊ី​។

មាន​ការចោទប្រកាន់​ថា​​​ ទឹកប្រាក់​ដ៏ច្រើន​ត្រូវបាន​គេ​លួច​ពី​មូលនិធិ​នេះ​នៅក្នុង​រឿង​អាស្រូវ​បោក​បន្លំ​ដែល​ល្បី​សាយភាយ​នៅ​ទូទាំង​ពិភពលោក ដែល​ត្រូវ​បាន​រាយការណ៍​ថា មាន​ការពាក់ព័ន្ធ​នឹង​លោក Najib Razak អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​គ្នីគ្នា​របស់លោក​។

តួនាទី​របស់​ក្រុមហ៊ុន Goldman ស្ថិត​នៅ​ក្រោម​ការឃ្លាំមើល​យ៉ាងខ្លាំង ខណៈ​ដែល​ធនាគារ​នេះ​បាន​ជួយ​រៀបចំ​ការបោះផ្សាយ​មូលបត្រ​បំណុល​ជាច្រើន​លើក​ដែលមាន​តម្លៃ ៦,៥ ​ពាន់​លាន​ដុល្លារ​ សម្រាប់​មូលនិធិ​ 1MDB​។

ប្រទេស​ម៉ាឡេស៊ី​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​ ៣​ របស់​ក្រុមហ៊ុន​នេះ​គឺ​ក្រុមហ៊ុន Goldman Sachs International ក្រុមហ៊ុន Goldman Sachs (Asia) និង​ក្រុមហ៊ុន Goldman Sachs (Singapore)​។ ក្រុមហ៊ុន​ទាំង​ ៣ ​នេះ​ត្រូវ​បាន​ចោទប្រកាន់​ថា​បានផ្តល់​របាយការណ៍​ក្លែងក្លាយ​។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​ម៉ាឡេស៊ី Bernama បាន​រាយការណ៍​ថា អ្នកតំណាង​ម្នាក់​របស់​ក្រុមហ៊ុន Goldman Sachs បាន​បដិសេធថា គ្មាន​កំហុស បន្ទាប់ពី​មាន​ការអាន​ការចោទប្រកាន់​នៅ​តុលាការ​ជាន់ខ្ពស់​ក្រុង​គូឡាឡំពួ​។

តុលាការ​គ្រោង​ជំនុំជម្រះ​នៅ​ខែ​មេសា ហើយ​សវនាការ​គ្រោង​ធ្វើឡើង​រហូត​ដល់​ខែ​មេសា ឆ្នាំ​ ២០២១៕ KC