ក្រុង​សានហ្រ្វានស៊ីស្កូៈ ក្រុមហ៊ុន​អ៊ីនធឺណិត​ Google របស់​អាមេរិក ដែល​​ជា​ម្ចាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ឧបករណ៍​អេឡិចត្រូនិក​ចល័ត Android ដែល​ដំណើរការ​លើ​ទូរស័ព្ទ​ភាគ​ច្រើន​​​លើ​ពិភព​លោក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ក្រុមហ៊ុន​កំពុង​ចាប់​ផ្តើម​កាត់​ផ្តាច់​ទំនាក់​ទំនង​​ជាមួយ​ក្រុមហ៊ុន Huawei របស់​ប្រទេស ​ចិន ដែល​ទីក្រុង​វ៉ាស៊ីនតោន​​ចាត់​ទុក​ថា​ជា​ការ​​គំរាម​ផ្នែក​សន្តិសុខ​ជាតិ​របស់​ខ្លួន។

ក្នុង​គ្រា​ដែល​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម​​ជាមួយ​ប្រទេស ​ចិន លោក​ប្រធានាធិបតី ដូណាល់ ត្រាំបាន​ហាម​ក្រុមហ៊ុន​អាមេរិក​ជា​ច្រើន​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​​​ទូរគមនាគមន៍​ជាមួយ​ក្រុមហ៊ុន​បរទេស​ ដែល​ត្រូវ​បាន​ចោទ​ថា​ គំរាម​ដល់​សន្ដិសុខ​ជាតិ​អាមេរិក។

វិធានការ​នេះ​ផ្តោត​ទិសដៅ​លើ​ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​ប្រទេស ​ចិន ដែល​ក្នុង​ភ្នែក​របស់​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចុះ​បញ្ជី​ក្រុមហ៊ុន​នេះ​ថា​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ក្រុមហ៊ុន​អាមេរិក​អាច​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បាន​​តែ​នៅ​ពេល​ដែល​ទទួល​បាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​ប៉ុណ្ណោះ។

ការ​ហាមឃាត់​នេះ​រួម​ទាំង​ការ​​ចែក​រំលែក​បច្ចេកវិទ្យា​ផង​ដែរ។

អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន Google បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «យើង​កំពុង​អនុលោម​តាម​បទ​បញ្ជា​នេះ ហើយ​កំពុង​ពិនិត្យ​មើល​ភាព​ជំពាក់​ជំពិន​នានា»។

អ្នក​នាំពាក្យ​រូប​នេះ​ថ្លែង​ថា៖ «សម្រាប់​អ្នក​ប្រើប្រាស់​សេវា​របស់​យើង​ដូចជា Google Play និង​សេវា​​ការពារ​សន្តិសុខ​នានា​ពី Google Play Protect នឹង​បន្ត​មាន​មុខងារ​ដដែល​លើ​ឧបករណ៍​ Huawei ដែល​មាន​ស្រាប់»។

វិធានការ​នេះ​អាច​បង្ក​ឲ្យ​មាន​ភាព​ជំពាក់​ជំពិន​ខ្លាំង ដោយសារ​​ក្រុមហ៊ុន Google ដូច​ទៅ​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​អស់​ដែរ ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ ដើម្បី​ធានា​ថា ប្រព័ន្ធ​របស់ខ្លួន​មាន​ភាព​ស៊ី​គ្នា​​នឹង​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ទាំង​នោះ។

ប្រភព​មួយ​ដែល​ស្និទ្ធ​នឹង​បញ្ហា​​នេះ​បាន​ប្រាប់ AFP ថា ក្រុមហ៊ុន Goolge នឹង​ត្រូវ​តែ​ផ្អាក​សកម្មភាព​អាជីវកម្ម​ជាមួយ​​ក្រុមហ៊ុន Huawei ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ហាដវែរ សូហ្វរែរ និង​សេវា​បច្ចេកទេស​នានា ដែល​មិន​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ជា​សាធារណៈ ពោល​គឺ​មាន​ន័យ​ថា ក្រុមហ៊ុន Huawei នឹង​ត្រឹមតែ​អាច​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​​បើក​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ដោយ​សេរី (open source) ​តែ​ប៉ុណ្ណោះ។

ក្រុមហ៊ុន Huawei នឹង​លែង​មាន​លទ្ធភាព​ចូល​ទៅ​ប្រើប្រាស់​​កម្មវិធី (App) និង​សេវា​ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន Google ដូចជា​សេវា​អ៊ីមែល Gmail តទៅ​ទៀត​ហើយ។

ក្រុមហ៊ុន Huawei មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​នោះ​ទេ​ទៅ​នឹង​សំណើ​សុំ​អត្ថាធិប្បាយ។

តែ​​​កាល​ពី​ថ្ងៃ​សៅរ៍ លោក Ren Zhengfei ស្ថាបនិក ​ក្រុមហ៊ុន Huawei បាន​​ថ្លែង​​ថា៖ «យើង​មិន​​បាន​ធ្វើ​អ្វី​ដែល​រំលោភ​​ច្បាប់​ទេ»។ លោក​បាន​បន្ថែម​ថា វិធានការ​​​អាមេរិក​​នឹង​​មាន​ផល​ប៉ះពាល់​តិចតួច។

លោក​បន្ថែម​ថា ក្រុមហ៊ុន​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ដោះស្រាយ​ជាមួយ​​​វិធានការ​​បង្ក្រាប​​របស់​ទីក្រុង​វ៉ាស៊ីនតោន​​​នេះ ហើ​យ​ក្រុមហ៊ុន​នឹង​បន្ត​អភិវឌ្ឍ​គ្រឿង​ផ្គុំ​ផ្ទាល់​របស់​ខ្លួន ដើម្បី​​​បន្ថយ​ការ​ពឹង​ផ្អែក​​លើ​​ក្រុមហ៊ុន​ផ្គត់ផ្គង់​​​ខាង​ក្រៅ។

ក្រៅ​ពី​ក្រុមហ៊ុន Google ​ក្រុមហ៊ុន​​ផលិត​បន្ទះ​ឈីប​អាមេរិក​​​មួយ​ចំនួន​ទៀត​ ដូចជា​ក្រុមហ៊ុន​​ Qualcomm Inc ក្រុមហ៊ុន​Xilinx Inc. ក្រុមហ៊ុន ​Broadcom Inc. ក៏​​បាន​ប្រាប់​​និយោជិត​របស់​ខ្លួន​​ផង​ដែរ​​ថា ក្រុមហ៊ុន​ទាំង​នេះ​​​នឹង​ឈប់​ ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន Huawei រហូត​​ទាល់​តែ​មាន​ការ​ជូន​ដំណឹង​​​បន្ថែម។ នេះ​បើ​​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ Bloomberg ​ពី​ម្សិលមិញ​ដែល​​ដក​ស្រង់​ប្រភព​​​ដែល​​ដឹង​ពី​​ចំណាត់​ការ​​នេះ៕ AFP/KC