ក្រុង​ឡាអេៈ ក្រុម​ហ៊ុន​​ផលិត​ស្រា​បៀរ​ Heineken ​របស់​ប្រ​ទេស​ ហូឡង់ ​​បាន​ឲ្យ​ដឹង​កាល​​ពី​ថ្ងៃ​ចន្ទ​ថា ​ខ្លួន​បាន​សម្រេច​​កិច្ច​ព្រម​ព្រៀង​ក្នុង​តម្លៃ​ ៣​ ពាន់​លាន​ដុល្លារ​​ក្នុង​ការ​ច្រ​បាច់​បញ្ចូល​​​គ្នា​នូវ​ប្រ​តិ​បត្តិ​ការ​នៅ​ប្រ​ទេស​ ចិន ​របស់​​ខ្លួន​​ជា​មួយ​​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​ឈាន​មុខ​គេ​របស់​ចិន​ ដែល​ពង្រីក​លទ្ធ​ភាព​ចូល​ទី​ផ្សារ​ស្រា​បៀរ​ឈាន​មុខ​គេ​របស់​ពិ​ភព​លោក។​

ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ​ ​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​របស់​ប្រ​ទេស​ ហូ​ឡង់ ​មួយ​នេះ​ បាន​​ឲ្យ​ដឹង​ថា ខ្លួន​នឹង​កាន់​កាប់​​ភាគ​ហ៊ុន​ ​៤០ ​ភាគ​រយ​​ក្នុង​ភាគ​ហ៊ុន​​ក្រុម​ហ៊ុន​ហូល​ឌីង​នេះ (holding company)​ ដែល​គ្រប់​គ្រង​​ក្រុម​ហ៊ុន​ China Resources Beer (CR Beer) នឹង​ច្រ​បាច់​បញ្ចូល​​ប្រតិ​​បត្តិ​ការ​របស់​​​ខ្លួន​​ក្នុង​ប្រ​ទេស​ ចិន ​​ទៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​ និង​ផ្តល់​​អាជ្ញា​ប័ណ្ណ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ផលិត​ស្រា​បៀរ​យី​ហោ Heineken សម្រាប់​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រ​ទេស​នេះ​។​

លោក​ Jean-Francois van Boxmeer អគ្គ​នា​យក​​ក្រុម​ហ៊ុន Heineken បាន​ថ្លែង​ថា​៖ «ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ដ្រ​រយៈ​ពេល​វែង​របស់​យើង នឹង​ជួយ​​ក្រុម​ហ៊ុន​ Heineken ​​ពង្រីក​​ភាព​​អាច​រក​បាន​នៃ​ស្រា​បៀរ​ Heineken ហើយ​នឹង​ពង្រឹង​​ការ​លក់​របស់​​ក្រុម​ហ៊ុន​ CR Beer ​ក្នុង​ផ្នែក​​ស្រា​បៀរ​តម្លៃ​ខ្ពស់​ដែល​កើន​ឡើង​យ៉ាង​រហ័ស​​នៅ​ក្នុង​ប្រ​ទេស​ ចិន»​។​

ក្រុម​ហ៊ុន Heineken ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​លំ​ដាប់​លេខ​ ២ ក្នុង​​ពិ​ភព​លោក​ កាល​​​ពី​ខែ​សី​ហា បាន​ចុះ​កិច្ច​ព្រម​ព្រៀង​បឋម​​មួយ​ស្ដី​ពី​ការ​លក់​ភាគ​ហ៊ុន​តម្លៃ​​ ២,៦​៨ ពាន់​លាន​អឺ​រ៉ូ (​៣,១ ​ពាន់​លាន​ដុ​ល្លារ) ​ក្នុង​ក្រុម​ហ៊ុន​ CR Beer។​ កិច្ច​ព្រម​ព្រៀង​នេះ​នៅ​តែ​កំ​ពុង​ស្ថិត​ក្រោម​​ការ​អនុ​ម័ត​​ដោយ​បទ​ប្ប​ញ្ញត្តិ​នៅ​ឡើយ​។​

ក្រុម​ហ៊ុន​ទាំង​ ២ នេះ​​នឹង​រួម​កម្លាំង​គ្នានៅ​ក្នុង​ពេល​មួយ​ដែល​​មាន​ការ​ប្រ​កួត​ប្រ​ជែង​កាន់​តែ​ខ្លាំង​ឡើង​ៗ​​នៅ​ក្នុង​ទី​ផ្សារ​របស់​ប្រ​ទេស​ ចិន​ ដោយ​សារ​តែ​អ​តិ​ថិ​ជន​ជា​ច្រើន​បាន​ងាក​ទៅ​រក​ស្រា​បៀរ​របស់​បរ​ទេស​ និង​ផលិត​ផល​តម្លៃ​ខ្ពស់​ ដោយ​​សារ​តែ​​មាន​កំ​ណើន​ប្រាក់​​​ចំ​ណូល​​ប្រ​ជា​ជន​ចិន​​​​ថ្នាក់​កណ្ដាល​​​៕​ AFP/​LA​