ភ្នំពេញៈ ​អង្គ​ការ​ HEKS/EPER របស់​ស្វ៊ីស​បាន​ប្រ​កាស​គម្រោង​លើក​កម្ពស់​ខ្សែ​ចង្វាក់​ផលិត​កម្ម​ស្វាយ​ចន្ទី ​និង​ការ​គ្រប់​​គ្រង​ដី​ធ្លី​ ដែល​មាន​ទឹក​ប្រាក់​ ៧,៨ ​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល​ ៥ ​ឆ្នាំ​។

គម្រោង​​ដែល​នឹង​អនុ​វត្ត​ពី ​ឆ្នាំ ២០១៨​ ដល់​ ២០២២​ នេះ ត្រូវ​​បាន​ប្រ​កាស​នៅ​ក្នុង​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​គម្រោង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​​ដោយ​​គេ​​រំ​ពឹង​ថា​​ នឹង​ជួយ​បង្កើន​សន្តិ​សុខ​​ស្បៀង​ និង​ប្រាក់​ចំ​ណូល​របស់​សហ​គមន៍​ក្រី​ក្រ​នៅ​តាម ​ជន​បទ និង​ការ​គ្រប់​គ្រង​ដី​ធ្លី​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព​។

លោក ​Marc ​Zoss ​ប្រ​ធាន​ប្រ​ចាំ​អា​ស៊ី​អឺ​រ៉ុប នៃ​អង្គ​ការ​ HEKS ប្រ​ចាំ​ប្រ​ទេស​ ស្វ៊ីស ​បាន​ថ្លែង​ថា ​គម្រោង​នេះ​នឹង​ជួយ​លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​នៅ​តាម​ជន​បទ​ដែល​​ចូល​រួម​ក្នុង​គម្រោង​នេះ​។​

លោក​​ថ្លែង​ថា៖​ «សម្រាប់​គម្រោង​ថ្មី​នេះ​ [​ខ្សែ​ចង្វាក់​ផលិត​កម្ម​ស្វាយ​ចន្ទី​ និង​ដី​ធ្លី] យើង​រំ​ពឹង​ថា វា​នឹង​ជួយ​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​ជន​បទ ក្នុង​ខេត្ត​គោល​ដៅ​ចំ​នួន ៧ ​ដោយ​ផ្ទាល់​យ៉ាង​ហោច​ណាស់​​ ១០ ​ម៉ឺន​​នាក់​ និង​ដោយ​​ប្រ​យោល​ប្រ​មាណ​ ២៥ ​ម៉ឺន​​នាក់​»។

តាម​អង្គ​ការ ​HEKS​/EPER ​គម្រោង​នេះ ​នឹង​ត្រូវ​អនុ​វត្ត​ក្នុង​ខេត្ត​​គោល​ដៅ​ចំ​នួន​ ៧ ​រួម​មាន​ ខេត្ត​ពោធិ៍​សាត់ ​កំ​ពង់​ឆ្នាំង ​ព្រៃ​វែង ​ត្បូង​ឃ្មុំ ក្រចេះ ​មណ្ឌល​គិ​រី ​និង​ខេត្ត​ស្ទឹង​ត្រែង។​

គម្រោង​នេះ​ផ្ដោត​សំ​ខាន់​​ទៅ​លើ​​ការ​ពង្រឹង​ស​មត្ថ​ភាព​ និង​បច្ចេក​ទេស ​នៃ​ការ​​ដាំ​ដុះ​ស្វាយ​ចន្ទី ​ការ​គ្រប់​គ្រង​ដី​ធ្លី និង​​ការ​ពង្រីក​ទំ​នាក់​ទំ​នង​ទី​ផ្សារ​កសិ​ផល ​ដើ​ម្បី​បង្កើន​ប្រាក់​ចំ​ណូល ​និង​លើក​ស្ទួយ​សេដ្ឋ​កិច្ច​នៅ​ក្នុង​​សហ​គមន៍​ទី​ជន​បទ​។​

HEKS/EPER ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គ​ការ​ Swiss International NGO ក្នុង​ឆ្នាំ ១៩៤៦​​ ទទួល​បាន​ជំ​នួយ​គាំ​ទ្រ​ពី Swiss Protestant Churches។

បច្ចុ​ប្បន្ន​អង្គ​ការ​នេះ​កំ​ពុង​​​ធ្វើ​កិច្ច​​ការ​នៅ​ក្នុង​ប្រ​ទេស​ចំ​នួន​ ៣៣ ហើយ​ក្នុង​អំ​ឡុង​ពេល​ប្រតិ​បតិ្ត​ការ​ប្រមាណ​​​ ៤០ ​ឆ្នាំ នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​ ១៩៧​៩ ​អង្គ​ការ​នេះ ​បាន​ជួយ​លើក​កម្ពស់​ជីវ​ភាព​ប្រជា​កសិករ​ក្រី​ក្រ​កម្ពុជា ​ប្រ​មាណ​​ជាង ​៤០ ០០០ ​គ្រួ​សារ តាម​រយៈ​ការ​គាំ​ទ្រ​ស្បៀង​អា​ហា​រ​។

លោក ​ហ៊ាន ​វណ្ណ​ហន ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​កសិ​កម្ម ​​ថ្លែង​​ក្នុង​សិក្ខា​សា​លា​នោះ​ថា ​ស្វាយ​ចន្ទី ​ជា​ដំ​ណាំ​យុទ្ធ​សាស្ត្រ​​សំ​ខាន់​ៗ​​ទាំង ១០ ​នៅ​កម្ពុជា​​។

លោក​បន្ត​​ថា៖ «​បច្ចុប្ប​ន្ន ​ប្រ​ជា​ក​​សិករ​យើង ​កំ​ពុង​កែ​ប្រែ​ទម្លាប់​ពី​ការ​ផលិត​ស​ម្រាប់​បម្រើ​សេច​ក្ដី​​ត្រូវ​ការ​របស់​ខ្លួន ​មក​ជា​ផលិត​សម្រាប់​លក់ ​ព្រោះ​មាន​ទី​ផ្សារ​ខ្ពស់​។​ ផ្អែក​លើ​ការ​ប្រែ​ប្រួល​​​នេះ​យើង​អាច​សន្និ​ដ្ឋាន​ថា កសិករ​យើង​កំ​ពុង​ប្រែ​ក្លាយ​ខ្លួន​ចេញ​ពី​កសិករ​ ទៅ​ជា​កសិ​ពា​ណិជ្ជ​ករ​​»។

តាម​លោក​ វណ្ណ​ហន ​ក្នុង​ឆ្នាំ ២០១៧-២០១៨​ ផ្ទៃ​ដី​ដាំ​ដុះ​ស្វាយ​ចន្ទី​នៅ​ ២២ ​ខេត្ត មាន​ផ្ទៃ​ដី​សរុប ១៤៩,៦៦០ ហិក​តា ក្នុង​នោះ​​ផ្ទៃ​ដី​​ប្រ​មូល​ផល​បាន មាន​ចំ​នួន​ ៨៧,​៦២១ ​ហិក​តា ដោយ​ទទួល​បាន​បរិ​មាណ​ផល ចំ​នួន ១១៦,​៣៤៣ ​តោន។

លោក​បន្ត​ថា ខេត្ត​ដែល​ដាំ​ដុះ​ដំ​ណាំ​ស្វាយ​ចន្ទី​ បាន​ច្រើន​ជាង​​គេ​មាន ខេត្ត​កំ​ពង់​ធំ កំពង់​ចាម​ ក្រ​ចេះ​ និង​​រតន​គិ​រី​។

លោក​ស្រី Carin Saleno នា​យក​ប្រ​ចាំ​ប្រ​ទេស​ទី​ភ្នាក់​ងារ​អភិ​វឌ្ឍន៍​នៃ​ប្រ​ទេស​ ស្វ៊ីស ​បាន​ថ្លែង​ថា ដើម្បី​ឲ្យ​គម្រោង​នេះ​ដំណើរ​ការ​បាន​ដោយ​ជោគ​ជ័យ​​​ចាំ​បាច់​ត្រូវ​មាន​ការ​ចូល​រួម​​ពី​​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ ពិសេ​ស​ ប្រ​ជា​ក​សិករ​ក្នុង​សហ​គ​មន៍​មូល​​ដ្ឋាន​ និង​ស្ថាប័​ន​​ជំ​នាញ​របស់​រដ្ឋា​ភិបា​ល​​កម្ពុជា​។

លោក​ស្រី​ថ្លែង​ថា​៖ «គម្រោង​នេះ​ នឹង​ជួយ​ពង្រឹង​ចំ​ណេះ​ដឹង ​និង​បច្ចេក​​ទេស​នៃ​ការ​ដាំ​ដុះ​ស្វាយ​ចន្ទី​ និង​ការ​ស្វែង​រក​ទី​ផ្សារ​​ច្បាស់​លាស់​មួយ​ ដែល​អាច​ធា​នា​បាន​នូវ​ស្ថិរ​ភាព​នៃ​តម្លៃ​ទី​ផ្សារ​​សម្រាប់​សហ​គមន៍​»៕LA