ក្រុង​វ៉ាស៊ីនតោនៈ ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei ដែល​ជា​កម្មវត្ថុ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ជុំវិញ​ក្តី​បារម្ភ​ពី​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​នេះ​ជាមួយ​រដ្ឋាភិបាល​​ក្រុង​​ប៉េកាំង កំពុង​មាន​ផែនការ​​កាត់​បន្ថយ​បុគ្គលិក​ក្នុង​ទ្រង់ទ្រាយ​​ធំ​មួយ​នៅ​ប្រតិបត្តិការ​របស់​​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​កាសែត​ Wall Street Journal កាល​ពី​ថ្ងៃ​អាទិត្យ។

Wall Street Journal បាន​រាយការណ៍​ដោយ​ដក​ស្រង់​ប្រភព​​ដែល​បាន​ដឹង​ពី​ស្ថានភាព​​នេះ​ថា ការ​ជម្រុះ​បុគ្គលិក​នេះ​ត្រូវ​បាន​រំពឹង​ថា​​នឹង​ធ្វើ​ឡើង​នៅ​អង្គភាព​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​​ Futurewei Technologies ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​​អាមេរិក។

កាសែត​នេះ​បាន​រាយការណ៍​បន្ត​ថា ក្រុមហ៊ុន Futurewei Technologies បច្ចុប្បន្ន​មាន​បុគ្គលិក​ចំនួន ៨៥០ នាក់​ដែល​​​កំពុង​បម្រើ​ការងារ​នៅ​មន្ទីរ​ពិសោធន៍​មួយ​ចំនួន​នៅ​សហរដ្ឋ​​អាមេរិក ប៉ុន្តែ​បុគ្គលិក​រាប់រយ​នាក់​អាច​ត្រូវ​បាន​ជម្រុះ​ចោល។

និយោជិត​ជនជាតិ​ចិន​មួយ​ចំនួន​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​​ផ្តល់​ជូន​ជម្រើស​ក្នុង​ការ​រក្សា​ការងារ​របស់​ពួក​គេ ហើយ​វិល​ត្រឡប់​ទៅ​បម្រើ​ការងារ​ នៅ​ប្រទេស​កំណើត​វិញ។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ដាក់​ក្រុមហ៊ុន Huawei ចូល​​ទៅ​ក្នុង​បញ្ជី​មួយ​​​ឈ្មោះ​ថា ​បញ្ជី​អង្គភាព ពោល​គឺ​​ជា​បញ្ជី​ខ្មៅ​ ដែល​មាន​ន័យ​ថា ក្រុមហ៊ុន​​អាមេរិក​ចាំបាច់​​ត្រូវ​ការ​អាជ្ញាប័ណ្ណ​​ដើម្បី​ផ្គត់ផ្គង់​បច្ចេកវិទ្យា​អាមេរិក​​ទៅ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដ៏​ធំ​មួយ​​នេះ។

Huawei ដែល​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​ខាង​ផ្នែក​បច្ចេក​វិទ្យា​អ៊ីនធឺណិត​​ឥត​ខ្សែ​ជំនាន់​​ថ្មី 5G នៅ​​តែ​ត្រូវ​បាន​រារាំង​​មិន​ឲ្យ​អភិវឌ្ឍ​បណ្តាញ 5G នៅ​អាមេរិក ហើយ​រដ្ឋបាល​របស់​លោក ត្រាំ កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ឲ្យ​ធ្វើ​ដូច​អាមេរិក​ដែរ។

នៅ​សប្តាហ៍​មុន ប្រទេស ​ម៉ូណាកូ ​បាន​ក្លាយ​ជា​ប្រទេស​ទី១ ​​​នៅ​អឺរ៉ុប​ដែល​បាន​ដាក់​បង្ហាញ​​​បណ្តាញ​បច្ចេកវិទ្យា 5G ដែល​មាន​មូលដ្ឋាន​លើ​បច្ចេកវិទ្យា​របស់​ Huawei។

ទីក្រុង​វ៉ាស៊ីនតោន​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន Huawei ថា​បាន​ធ្វើ​ការងារ​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ពោល​​គឺ​ជា​អះអាង​មួយ​ដែល​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ក្រុមហ៊ុន​ចិន​មួយ​នេះ។

បន្ទាប់​ពី​លោក ត្រាំ បាន​ជួប​ជាមួយ​លោក ស៊ី ជីនភីង នៅ​ក្រៅ​ជំនួប​កិច្ច​ប្រជុំ G20 ក្នុង​ប្រទេស ​ជប៉ុន ​កាល​ពី​ខែ​មុន ក្រុមហ៊ុន Huawei ទទួល​បាន​ការ​​​បន្ធូរ​បន្ថយ​បន្តិច​នៅ​ពេល​​លោក ត្រាំ បាន​និយាយ​ថា លោក​នឹង​បន្ធូរ​បន្ថយ​វិធានការ​ទណ្ឌកម្ម​ដរាប​ណា​ឧបករណ៍​ដែល​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​នេះ​មិន​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ៕ AFP/KC