ក្រុង​ហ្សិនចិនៈ ស្ថាបនិក​​របស់​ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​​ចិន​ដែល​មាន​បញ្ហា​​មួយ​នេះ នឹង​កាត់​​បន្ថយ​ការ​​​ផលិត​​ក្នុង​រយៈពេល ​២ ​ឆ្នាំ​ក្រោយ​ ដោយសារ​តែ​ក្រុមហ៊ុន​កំពុង​ជួប​បញ្ហា​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ឯកា​ពី​​​អន្តរជាតិ​។​

លោក​ Ren Zhengfei បាន​ថ្លែង​ក្នុង​អំឡុង​ការ​ពិភាក្សា​មួយ​​នៅ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​​នៅ​ទីក្រុង​ហ្សិនចិន​ថា៖ «​នៅ​ក្នុង​រយៈពេល ២ ​ឆ្នាំ​ខាង​មុខ ​ក្រុមហ៊ុន​​នឹង​កាត់​បន្ថយ​ការ​​ផលិត​ក្នុង​ទឹក​ប្រាក់​ចំនួន ​៣០ ​ពាន់​លាន​ដុល្លារ»។​

ក្រុមហ៊ុន Huawei រក​ប្រាក់​ចំណូល​បាន​ជាង​ ១០០ ​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ​២០១៨។​

ប៉ុន្តែ​លោក Ren ដែល​ប្រៀបធៀប​​​ក្រុមហ៊ុន​ Huawei ទៅ​នឹង​​យន្តហោះ​ដែល​ខូច បាន​បន្ថែម​ថា លោក​បាន​រំពឹង​ថា ក្រុមហ៊ុន​នឹង​ត្រឡប់​ទៅ​​ផ្លូវ​ត្រឹមត្រូវ​ពី​មុន​របស់​ខ្លួន​វិញ​នៅ​​ត្រឹម​ឆ្នាំ ២០២១។​

លោក​ថ្លែង​ថា៖ «​ក្នុង​ឆ្នាំ​ ២០២១ យើង​នឹង​ទទួល​បាន​មក​វិញ​នូវ​ថាមពល​របស់​យើង​ និង ​(បន្ត​) ផ្ដល់​សេវា​ដល់​សង្គម​​មនុស្ស​»។​

ក្រុមហ៊ុន Huawei បាន​ក្លាយ​ជា​ចំណុច​ដ៏​សំខាន់​មួយ​​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស ចិន និង​អាមេរិក​ដែល​កើត​មាន​កាន់​តែ​ខ្លាំង ដោយ​​បាន​​មើល​ឃើញ​ការ​ហូត​ពន្ធ​នាំចូល​តបត​គ្នា​​លើ​ទំនិញ​​ក្នុង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​។​

រដ្ឋាភិបាល​​របស់​​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ហាមឃាត់​​ក្រុមហ៊ុន​ Huawei មិនឲ្យ​ចូល​ក្នុង​ទីផ្សារ​​ដ៏​ធំ​របស់​អាមេរិក​ និង​រារាំង​​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​មិន​ឲ្យ​ផ្គត់ផ្គង់​​គ្រឿង​​ផ្គុំ​សំខាន់ៗ​ដល់​ក្រុមហ៊ុន​​​​នេះ ​បើ​មិន​មាន​ការ​អនុញ្ញាត​ពី​ទីក្រុង​វ៉ាស៊ីនតោន។​

ទីក្រុង​វ៉ាស៊ីនតោន​បារម្ភ​ថា ប្រព័ន្ធ​របស់​​​​ក្រុមហ៊ុន Huawei ​អាច​ត្រូវ​បាន​ប្រើប្រាស់​​សម្រាប់​​ការ​ស៊ើបការណ៍​៕​ AFP/LA​​