ក្រុងប៉ារីសៈ ក្រុមហ៊ុន Huawei កាលពីថ្ងៃអង្គារបានបដិសេធការចោទប្រកាន់ដែលត្រូវបានរាយការណ៍ក្នុងកាសែត Wall Street Journal (WSJ) ថា ក្រុមហ៊ុនបានលួចបច្ចេកវិទ្យាពីអ្នកច្នៃប្រឌិតជនជាតិព័រទុយហ្គាល់ម្នាក់ដោយក្រុមហ៊ុនចោទប្រកាន់បុរសរូបនោះថា «កំពុងកេងយកចំណេញពីស្ថានភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន»។
កាសែត WSJ បានរាយការណ៍កាលពីសប្តាហ៍មុនថា ក្រសួងយុត្តិធម៌អាមេរិកកំពុងសម្លឹងមើលទៅកាន់ការអះអាងនេះដែលអាចបន្ថែមទៅក្នុងករណីឧក្រិដ្ឋកម្មដែលមានស្រាប់ប្រឆាំងនឹងក្រុមហ៊ុន Huawei។
ក្រុមហ៊ុន Huawei ដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុននាំមុខគេក្នុងពិភពលោកខាងផលិតឧបករណ៍បច្ចេកវិទ្យា 5G ដែលមានល្បឿនលឿនខ្លាំង និងជាក្រុមហ៊ុនលក់ទូរស័ព្ទដៃទំនើបបានច្រើនជាងគេលំដាប់ទី ២ ក្នុងពិភពលោកកាលពីខែឧសភាបានធ្លាក់ចូលទៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកាន់តែឡើងកម្តៅរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនដែលបានមើលឃើញការដកហូតពន្ធគយពិន័យដែលមានទឹកប្រាក់រាប់រយពាន់លានដុល្លារនៃពាណិជ្ជកម្មទ្វេភាគី។
ភាពចម្រូងចម្រាសចុងក្រោយបំផុតនេះមានការពាក់ព័ន្ធនឹងលោក Rui Pedro Oliveira អ្នកច្នៃប្រឌិតជនជាតិព័រទុយហ្គាល់ម្នាក់ដែលអះអាងថា ក្រុមហ៊ុន Huawei បានមកជួបលោក ហើយក្រោយមកបានលួចយកគំនូររចនាមួយក្នុងចំណោមការរចនារបស់លោក ដើម្បីផលិតម៉ាស៊ីនថតប៉ាណូរ៉ាម៉ា Huawei EnVizion 360។
ក្រុមហ៊ុន Huawei បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលបាន «ច្រានចោលការអះអាងរបស់លោក Oliveira អំពីការរំលោភសិទ្ធិប៉ាតង់នេះ»។ ក្រុមហ៊ុនបានឲ្យដឹងថា៖ «ការចោទប្រកាន់នេះមិនពិតឡើយ»។
ក្រុមហ៊ុនបានបន្ថែមថា៖ «រយៈពេល ២-៣ ខែចុងក្រោយនេះ រដ្ឋាភិបាលអាមេរិកបានប្រើប្រាស់ប្រយោជន៍ពីឥទ្ធិពលនយោបាយ និងការទូតរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលនានាឲ្យហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei»។
ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះបានឲ្យដឹងទៀតថា៖ «លើសពីនេះទៀត អាមេរិកបាននិងកំពុងប្រើប្រាស់រាល់ឧបករណ៍ទាំងអស់ដែលអាចប្រើប្រាស់បានភ្លាមៗរួមទាំងអំណាចតុលាការ និងអំណាចរដ្ឋបាលព្រមទាំងមធ្យោបាយអសីលធម៌ជាច្រើនផ្សេងទៀត ដើម្បីបង្អាក់ប្រតិបត្តិការអាជីវកម្មប្រក្រតីរបស់ក្រុមហ៊ុន Huawei និងដៃគូរបស់ក្រុមហ៊ុន»។
ក្រុមហ៊ុនបានឲ្យដឹងថា៖ «លោក Oliveira បានបង្កើតរឿងរ៉ាវភូតភរកុហក់ទៅកាន់ប្រពន្ធផ្សព្វផ្សាយក្នុងការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Huawei។ លោកបានប្រឹងប្រែងបន្ថែមទៀតដើម្បីដាក់សម្ពាធលើក្រុមហ៊ុន Huawei តាមរយៈមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដោយព្យាយាមធ្វើឲ្យក្រុមហ៊ុនធ្វើតាមការទាមទាររបស់គាត់ និងប្រគល់ប្រាក់ទៅឲ្យគាត់»៕ KC