ក្រុង​វ៉ាស៊ីនតោនៈ ក្រុមហ៊ុន​បច្ចេកវិទ្យា​ Huawei របស់​ប្រទេស ​ចិន បាន​ឲ្យ​ដឹង​កាល​ពី​ចុង​សប្តាហ៍​មុន​ថា ខ្លួន​នឹង​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ចិត្ត​​របស់​ការិយាល័យ​ឧស្សាហកម្ម និង​សន្តិសុខ (BIS) នៃ​ក្រសួង​​ពាណិជ្ជកម្ម​អាមេរិក។

ក្រុមហ៊ុន Huawei បាន​ធ្វើ​សេចក្តី​ប្រកាស​នេះ​ បន្ទាប់​ពី​ការិយាល័យ BIS នៅ​​ថ្ងៃ​ពុធ​​សប្តាហ៍​មុន​បាន​ដាក់​ក្រុមហ៊ុន​​នេះ​ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ទៅ​ក្នុង «បញ្ជី​អង្គភាព» មួយ ដែល​នឹង​រឹត​បន្តឹង​ការ​លក់ ​ឬ​ការ​ផ្ទែរ​បច្ចេកវិទ្យា​​អាមេរិក​ទៅ​ឲ្យ​ក្រុមហ៊ុន​នេះ។

ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ផ្តល់​ជូន​ទីភ្នាក់ងារ​ព័ត៌​មាន​​ស៊ីនហួ​ថា សេចក្តី​សម្រេច​​នេះ​មិន​ស្ថិត​ក្នុង​ប្រយោជន៍​របស់​អ្នក​ណា​ម្នាក់​ទេ ហើយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្នែក​​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​អាមេរិក ដែល​​​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន Huawei ប៉ះពាល់​ដល់​ការងារ​អាមេរិក​រាប់​សែន​កន្លែង និង​រារាំង​ដល់​​កិច្ច​សហប្រតិបត្តិការ​បច្ចុប្បន្ន និង​ទំនុក​ចិត្ត​​ទៅ​វិញ​ទៅ​មក​ដែល​មាន​ក្នុង​ចង្វាក់​ ផ្គត់ផ្គង់​ពិភព​លោក។

សេចក្តី​ថ្លែង​ការណ៍​នេះ​​ឲ្យ​ដឹង​​​ថា ក្រុមហ៊ុន Huawei នឹង​ស្វែងរក​ដំណោះស្រាយ​ភ្លាមៗ និង​ស្វែង​រក​សេចក្តី​សម្រេច​មួយ​​ចំពោះ​បញ្ហា​នេះ ហើយ​ក៏​នឹង​ព្យាយាម​ចាត់​វិធានការ​បង្ការ​​​​ផង​ដែរ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​បញ្ហា​នេះ។

សេតវិមាន​ក៏​​ចេញ​បញ្ជា​ប្រតិបត្តិ​ផង​ដែរ​ ​ហាម​ឃាត់​ការ​ប្រើ​​​ឧបករណ៍​ទូរគមនាគមន៍​​បរទេស ដែល​ក្រុង​វ៉ាស៊ីនតោន​ចាត់​ទុក​ថា​​​បង្ក​ហានិភ័យ​​​មិនអាច​ទទួល​​យក​បាន៕ People''s Daily/KC​