ក្រុងប្រ៊ុចសែលៈ ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​បង្កើត​មជ្ឈមណ្ឌល​ផលិតកម្ម​នៅ​សហភាព​អឺរ៉ុប ខណៈ​ក្រុមហ៊ុន​នេះ​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​សម្ពាធ​របស់​អាមេរិក​ទៅលើ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដើម្បី​បញ្ឈប់​ក្រុមហ៊ុន​របស់ខ្លួន​មិន​ឲ្យ​ប្រតិបត្តិការ​នៅ​ទីនោះ​។

មន្ត្រី​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ទទួល​បន្ទុក​សហភាព​អឺរ៉ុប​លោក Abraham Liu ថ្លែង​ក្នុង​កម្មវិធី​ចូលឆ្នាំថ្មី​នៅ​ទីក្រុង​ប្រ៊ុចសែល​ថា​៖ «​ក្រុមហ៊ុន Huawei មាន​ការប្តេជ្ញាចិត្ត​កាន់តែ​ខ្លាំង​ចំពោះ​អឺរ៉ុប​​ជាង​ពេលណាៗ​ទាំងអស់​»​។

លោក​បាន​បន្ថែមថា​៖ «​ហេតុដូច្នេះ​ហើយ​បានជា​យើង​សម្រេចចិត្ត​ថា យើង​ចង់​បង្កើត​មូលដ្ឋាន​ផលិតកម្ម​នៅ​អឺរ៉ុប ដើម្បី​ឲ្យ​យើង​អាចមាន 5G ដែល​ផលិត​នៅ​អឺរ៉ុប​សម្រាប់​អឺរ៉ុប​»​។

ការប្រកាស​នេះ​បាន​ធ្វើឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​សហភាព​អឺរ៉ុប​បានផ្តល់​អនុសាសន៍​ថា រដ្ឋ​សមាជិក​អាច​ហាមឃាត់​ប្រតិបត្តិករ​ទូរគមនាគមន៍​នានា​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​បង្ក​ហានិភ័យ​សន្តិសុខ​តាមរយៈ​ការមិន​ប្រើប្រាស់​សម្ភារ​សំខាន់ៗ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ 5G​។

ប៉ុន្តែ​ផែនការ​របស់​សហភាព​អឺរ៉ុប​ដែល​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​វិធាន​ដែល​ត្រូវ​បាន​កំណត់​ដោយ​ចក្រភព​អង់គ្លេស​ដែល​អនុញ្ញាត​ឲ្យ​មាន​តួនាទី​ដែល​មាន​កម្រិត​សម្រាប់​ក្រុមហ៊ុន Huawei បាន​បញ្ឈប់​ការហាមឃាត់​ក្រុមហ៊ុន​នេះ​ពី​បណ្តាញ​ទូរគមនាគមន៍​ជំនាន់​ក្រោយនេះ​ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ការផ្ទេរ​ទិន្នន័យ​ដែល​ស្ទើរតែ​ធ្វើឡើង​ភ្លាមៗ​។

គោលការណ៍​ណែនាំ​ទាំងនោះ​គឺជា​ផ្លែផ្កា​នៃ​ការឈឺចាប់​ខ្លាំង​អស់​រយៈពេល​ជាច្រើន​ខែ​នៅក្នុង​សហភាព​អឺរ៉ុប ដែល​បាន​តស៊ូ​ស្វែងរក​វិធី​កណ្តាល​មួយ​ដើម្បី​រក្សា​តុល្យភាព​រវាង​ភាព​លើសលុប​ដ៏សម្បើម​របស់​ក្រុមហ៊ុន Huawei នៅក្នុង​វិស័យ 5G និង​ក្តីបារម្ភ​អំពី​សន្តិសុខ​ដែល​ត្រូវ​បានដាក់​សម្ពាធ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​។

ក្នុង​សុន្ទករថា​របស់​លោក Liu លោក​បាន​ទទួលស្គាល់​ថា ពិភពលោក​ដែលមាន​បច្ចេកវិទ្យា «​កាន់តែ​មាន​ការពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ ការចរចា​ពាណិជ្ជកម្ម និង​ការពិភាក្សា​ការទូត​រវាង​ប្រទេស និង​ប្រទេស​»​។

លោក​ថា​៖ «​ការសង្ស័យ​ដោយសារ​ហេតុផល​នយោបាយ មិន​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ខាង​មុខ​ឡើយ​»​។

លោក​ក៏បាន​ជំរុញ​ឲ្យ​អឺរ៉ុប សហរដ្ឋអាមេរិក និង​ប្រទេស​​ ចិន «​ចូលរួម​បន្ថែមទៀត​ក្នុង​ការពិភាក្សា​នយោបាយ ដើម្បី​ជជែក​អំពី​កិច្ចសហប្រតិបត្តិការ និង​វិធាន​រួម​នានា​»​។

នៅ​សហភាព​អឺរ៉ុប ការហាមឃាត់​លើ​ក្រុមហ៊ុន Huawei ឥឡូវនេះ​ជា​ចុងក្រោយ​នឹង​អាស្រ័យ​រដ្ឋ​សមាជិក ប៉ុន្តែ​អនុសាសន៍​ផ្លូវកណ្តាល​របស់​គណៈកម្មការ​អឺរ៉ុប​ប្រឆាំង​ការស្នើសុំ​ពី​ទីក្រុង​វ៉ាស៊ីនតោន​។

ការសាងសង់​រោងចក្រ​នៅ​អឺរ៉ុប​ក៏​នឹង​ជួយ​បញ្ចុះបញ្ចូល​ប្រទេស​នៅ​អឺរ៉ុប​ឲ្យ​ងាក​ចេញ​ពី​វិធានការ​តឹងរ៉ឹង​ប្រឆាំង Huawei ផងដែរ ខណៈ​គ្រប់គ្នា​កំពុង​សម្លឹងមើល​អាល្លឺម៉ង់​ដែល​បាន​ពន្យារពេល​សេចក្តី​សម្រេច​ស្តីពី​ការហាមឃាត់​ដែល​អាច​កើតមាន​៕ KC