ក្រុងប៉ារីសៈ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ភាពតានតឹងពាណិជ្ជកម្មថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងប្រទេស ចិន គឺជាការគំរាមកំហែងដ៏ធំចំពោះសេដ្ឋកិច្ចពិភពលោក។
លោកស្រី Christine Lagarde បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទមួយក្នុងទីក្រុងប៉ារីសថា៖ «ច្បាស់ណាស់ ភាពតានតឹងរវាងអាមេរិក និងចិន គឺជាការគំរាមកំហែងសម្រាប់សេដ្ឋកិច្ចពិភពលោក»។ លោកស្រីបន្ថែមថា «ពាក្យចចាមអារ៉ាម និងការសរសេរលើបណ្តាញសង្គម Twitter» ថ្មីៗនេះ បានធ្វើឲ្យកិច្ចព្រមព្រៀងមួយរវាងប្រទេសទាំង ២ កាន់តែពិបាកនឹងសម្រេចបាន។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើឲ្យភាគហ៊ុនក្នុងពិភពលោកធ្លាក់ថ្លៃខ្លាំងកាលពីថ្ងៃចន្ទ ដោយសារការគំរាមនៅលើបណ្តាញសង្គម Twitter ថា ការដកហូតពន្ធដែលបានធ្វើឡើងរួចហើយលើទំនិញចិនតម្លៃ ២០០ ពាន់លានដុល្លារ ដែលនាំចូលទៅសហរដ្ឋអាមេរិកនោះនឹងកើនឡើងជាងទ្វេដងដល់ ២៥ ភាគរយនៅថ្ងៃសុក្រសប្តាហ៍នេះពីអត្រា ១០ ភាគរយនៅពេលបច្ចុប្បន្ន។
ថ្លែងក្នុងព្រឹត្តិការណ៍វេទិកាក្រុងប៉ារីសនោះដែរ លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំងបានព្រមានពីផលប៉ះពាល់ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង ២ នេះ។
លោកថ្លែងថា៖ «យើងកំពុងតាមដានមើលការចរចាបច្ចុប្បន្នយ៉ាងយកចិត្តទុកដាក់រវាងប្រទេស ចិន និងសហរដ្ឋអាមេរិក ហើយយើងចង់ឲ្យពួកគេគោរពគោលការណ៍តម្លាភាព និងពហុភាគីនិយម»។
លោកបានអំពាវនាវឲ្យភាគីទាំង ២ «ចៀសវាងធ្វើការសម្រេចចិត្តដែលនឹងគំរាម និងនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងពេលខាងមុខ»។
លោកបន្ថែមថា៖ «ការដំឡើងពន្ធគឺជាតែងតែជាផ្លូវទាល់មួយ និងការសេចក្តីសម្រេចចិត្តអវិជ្ជមានសម្រាប់ពិភពលោកទាំងមូល សម្រាប់សហរដ្ឋអាមេរិក សម្រាប់ប្រទេស ចិន សម្រាប់តំបន់អឺរ៉ូ សម្រាប់តំបន់អឺរ៉ុប និងកំណើនសេដ្ឋកិច្ចពិភពលោក»។
ចិនកាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា មេដឹកនាំចរចាជាន់ខ្ពស់របស់ខ្លួននឹងធ្វើដំណើរទៅកាន់អាមេរិកសម្រាប់ការចរចាជាមួយសមភាគីអាមេរិកនៅសប្តាហ៍នេះ។
ប្រទេសទាំង ២ បានជាប់គាំងក្នុង ការពិភាក្សារដោះស្រាយភាពតានតឹងដែលបានបណ្តាលឲ្យប្រទេសទាំង ២ដកហូតពន្ធលើទំនិញរបស់ភាគីទាំង ២ ក្នុងតម្លៃ ៣៦០ ពាន់លានដុល្លារ៕ AFP/KC