រីយ៉ាដៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ការរីករាលដាលវីរុសកូរ៉ូណាដែលបណ្ដាលឲ្យមនុស្សស្លាប់នឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ខណៈក្រុមរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុក្រុមប្រទេស G20 និងប្រធានធនាគារកណ្ដាលបានថ្លឹងថ្លែងផលប៉ះពាល់សេដ្ឋកិច្ចរបស់ខ្លួននៅក្នុងជំនួបរយៈពេល ២ ថ្ងៃនៅទីក្រុងរីយ៉ាដ។
លោកស្រី Kristalina Georgieva ប្រធាន IMF បានមេដឹកនាំ G20 នៅអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃសៅរ៍ថា ការរីករាលដាលនេះនឹងកាត់បន្ថយប្រហែល ០,១ ពិន្ទុភាគរយពីកំណើនសេដ្ឋកិច្ចពិភពលោក និងរារាំងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនមកនៅត្រឹម ៥,៦ ភាគរយនៅឆ្នាំនេះ។
កិច្ចប្រជុំនេះធ្វើឡើងចំពេលការប្រកាសអាសន្នកាន់តែខ្លាំងឡើងជុំវិញវីរុសថ្មីខណៈអាជ្ញាធរចិនបិទការធ្វើចរាចរណ៍មនុស្សរាប់លាននាក់ ដើម្បីបង្ការការរីករាលដាលដែលមានផលប៉ះពាល់សំខាន់ៗលើសេដ្ឋកិច្ច។
នៅពេលនេះវីរុសនេះបានឆក់យកជីវិតមនុស្ស ២ ៣៤៥ នាក់ ក្នុងប្រទេស ចិន ដែលកាត់បន្ថយការដឹកជញ្ជូនរំខានដល់ពាណិជ្ជកម្ម និងការគាំទ្រដល់ការប្រកាសអាសន្នរបស់វិនិយោគិន ខណៈអាជីវកម្មរបស់ពួកគេត្រូវបង្ខំចិត្តបិទទ្វារ។ លោកស្រី Georgieva បានថ្លែងថា៖ «កំណើនសេដ្ឋកិច្ចពិភពលោកនឹងមានប្រហែល ០,១ ពិន្ទុភាគរយកាន់តែទាប»។
លោកស្រីបញ្ជាក់ថា៖ «ប៉ុន្តែយើងក៏កំពុងសម្លឹងមើលសេណារីយោកាន់តែអាក្រក់ដែលការរីករាលដាលរបស់វីរុសនេះបន្តក្នុងរយៈពេលកាន់តែវែង និងកាន់តែច្រើនទៀតទូទាំងពិភពលោក និងផលវិបាកកំណើនសេដ្ឋកិច្ចមានរយៈពេលកាន់តែវែងផងដែរ»។
នៅក្នុងកិច្ចប្រជុំនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត ដែលជាប្រទេស អារ៉ាប់ ដំបូងគេ ធ្វើជាប្រធាន G20 មេដឹកនាំហិរញ្ញវត្ថុក៏បានពិភាក្សាការលាងប្រាក់ រូបិយប័ណ្ណឌីជីថល និងមធ្យោបាយក្នុងការសម្រេចបានប្រព័ន្ធពន្ធពិភពលោកសម្រាប់សម័យ ឌីជីថលផងដែរ។
លោក Bruno Le Maire រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុប្រទេសបារាំងបានឲ្យដឹងថា ប៉ុន្តែនៅក្នុងស្នូលនៃការពិភាក្សានេះគឺជាផែនការសកម្មភាព ដើម្បីការពារសេដ្ឋកិច្ចពិភពលោកដែលប្រឈមនឹងការធ្លាក់ចុះរួចហើយ ដោយសារតែផលប៉ះពាល់ការរីករាលដាលនេះ។
លោក Le Maire បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «សំណួរនៅតែបើកចំហ គឺថា តើវានឹងមានជារូបរាងអក្សរ V ជាមួយនឹងការស្ទុះងើបឡើងវិញយ៉ាងរហ័សនៃសេដ្ឋកិច្ចពិភពលោក ឬថា តើវានឹងមានរូបរាងអក្សរ L ជាមួយនឹងការធ្លាក់ចុះជាបន្តក្នុងកំណើនសេដ្ឋកិច្ចពិភពលោកដែរឬយ៉ាងណា»។
មន្ដ្រីរតនាគារជាន់ខ្ពស់អាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនកំពុង «ឃ្លាំមើលដោយយកចិត្តទុកដាក់បំផុត» ការអភិវឌ្ឍដែលជាប់ទាក់ទងនឹងវីរុសនេះ និងការវាយតម្លៃផលប៉ះពាល់របស់ខ្លួន។
ប្រទេសចិនបានឲ្យដឹងថា ខ្លួននឹងមិនបញ្ជូនមេដឹកនាំណាមួយពីទីក្រុងប៉េកាំង ទៅចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងរីយ៉ាដនោះទេ ដែលបានដឹកនាំដោយលោក Mohammed al-Jadaan រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ និងលោក Ahmed al-Kholifey ប្រធានធនាគារកណ្ដាល។
ប៉ុន្តែប្រទេសនេះបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតប្រទេស ចិន ប្រចាំនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត នឹងដឹកនាំក្រុមគណៈប្រតិភូមួយក្រុមតូចជំនួស។
កិច្ចប្រជុំក៏បានរៀបចំសន្និសីទថ្នាក់រដ្ឋមន្ដ្រីស្ដីពីពន្ធដារអន្តរជាតិកាលពីថ្ងៃសៅរ៍ផងដែរ ដោយផ្ដោតលើបញ្ហាប្រឈមដែលកើតចេញពីការធ្វើឲ្យមានលក្ខណៈឌីជីថលនៃសេដ្ឋកិច្ចសកល។
លោក Le Maire ថ្លែងថា៖ «មានការព្រមព្រៀងក្នុងចំណោមសមាជិករបស់ G20 លើភាពចាំបាច់នៃការទទួលបានប្រព័ន្ធពន្ធដារអន្តរជាតិថ្មីនេះសម្រាប់ជាប្រយោជន៍ភាពស្មើភាពគ្នា និងប្រសិទ្ធភាព»៕ LA