ភ្នំពេញៈ ​ក្រុម​ហ៊ុន​ KrisEnergy ​មាន​មូល​ដ្ឋាន​​នៅ​ប្រ​ទេស​ សិង្ហ​បុរី​ ដែល​កំ​ពុង​​ប្រតិ​បត្តិ​ការ​ទាញ​យក​ប្រេង​​នៅ​ក្នុង​ប្លុក ​​A នៅ​​សមុទ្រ​​របស់​កម្ពុជា​​ បាន​ចុះ​​​កិច្ច​​​ព្រម​ព្រៀង​តម្លៃ​​ ២១,​៧ ​លាន​​​ដុ​ល្លារ​ជា​មួយ​ក្រុម​ហ៊ុន​ Keppel Shipyard Ltd ​សម្រាប់​ការ​ទាញ​យក​ប្រេង​នៅ​ក្នុង​​​គម្រោង​​អប្សរា​​។ នេះ​បើ​យោង​តាម​​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​របស់​ក្រុម​ហ៊ុន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​។

ក្រុម​ហ៊ុន KrisEnergy ប្រ​កាស​ថា SJ ​Production ​Barge​ Ltd​ ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​គ្រប់​គ្រង​ទាំង​ស្រុង​របស់​​ខ្លួន​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន ​Keppel ​Shipyard Ltd ​​សម្រាប់​ការ​កែ​លម្អ និង​ធ្វើ​ឲ្យ​ប្រ​សើរ​នូវ​កប៉ាល់​ផលិត​កម្ម​ញែក​​​ប្រេង​ពី​គម្រោង​អប្សរា។

លោក ​Brian ​Helyer អនុ​ប្រ​ធាន​​ប្រតិ​បត្តិ​ការ​ទទួល​បន្ទុក​​ក្រុម​ហ៊ុន KrisEnergy បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​នេះ​ថា ​ភាព​ជា​ដៃគូ​ជា​មួយ​​ក្រុម​ហ៊ុន ​Keppel Shipyard នឹង​ជា​ជំ​ហាន​ដ៏​សំ​ខាន់​មួយ​សម្រាប់​ការ​ផលិត​ប្រេង​នៅ​កម្ពុជា​។​

លោក​ថ្លែង​ថា​៖ «​យើង​រីក​រាយ​ក្នុង​ការ​ចាប់​ដៃ​ជា​មួយ​​ក្រុម​ហ៊ុន Keppel Shipyard លើ​គម្រោង​អភិ​វឌ្ឍន៍​ប្រេង​​ដ៏​សំ​ខាន់​នេះ​សម្រាប់​ប្រទេស​ កម្ពុជា​»​។

លោក​បាន​បន្ត​ថា​៖ «​ដោយ​មាន​ការ​គាំ​ទ្រ​របស់​ដៃ​គូ​​​មាន​បទ​​ពិ​សោធ ​និង​សមត្ថ​ភាព​ យើង​ជឿ​​ជាក់​ថា ​យើង​នឹង​អភិវឌ្ឍ​​ប្រ​កប​ដោ​យ​ប្រ​សិទ្ធ​ភាព​នូវ​ទ្រព្យ​សកម្ម​​ប្លុក A សម្រា​ប់​អត្ថ​ប្រ​យោជន៍​របស់​កម្ពុជា ​ព្រម​ទាំង​​ភាគ​​ទុ​និក​របស់​យើង​​ផង​ដែរ​»​។​

យោង​តាម​សេចក្តី​ប្រ​កាស​ព័ត៌​មាន ​ការ​ងារ​របស់​ក្រុម​ហ៊ុន​ Keppel Shipyard ​លើ​កប៉ាល់​ផលិត​កម្ម​ញែក​ប្រេង​ រួម​មាន​ការ​ដំ​ឡើង​ម៉ា​ស៊ីន​ផលិត​ថាម​ពល​ Electrical House កន្លែង​ស្នាក់​នៅ​ថ្មី ​និង​ការ​ងារ​កែ​លម្អ​ថ្មី​ផ្សេង​ទៀត​។​

នៅ​ពេល​បញ្ចប់​ក្នុង​អំ​ឡុង​​ត្រី​មាស​ទី ៣​ ឆ្នាំ​ ២០១៩ ​នា​វា​ផលិត​​នេះ​នឹង​អាច​ញែក​ល្បាយ​ប្រេង​​បាន​​រហូតដល់​ ៣០ ​០០០​ បា​រ៉ែល​​ក្នុង​មួយ​ថ្ងៃ​ ក្នុង​នោះ​ក៏​មាន​បំ​ពាក់​ដោយ​ម៉ា​ស៊ីន​ញែក​​​ឧស្ម័ន​ ​ប្រេង ​និង​ទឹក​ផង​ដែរ​។ នេះ​បើ​យោង​តាម​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​របស់​ក្រុម​ហ៊ុន Kris Energy​។​​

ក្រុម​ហ៊ុន​ KrisEnergy បាន​ក្លាយ​ជា​ភាគ​ទុ​និក​លើក​​ដំ​បូង​សម្រាប់​​ប្លុក A កាល​ពីឆ្នាំ​ ២០១០​ បន្ទាប់​ពី​ការ​ទិញ​​ភាគ​ហ៊ុន​​​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ Chevron ​ក្នុង​តម្លៃ​ ៦៥ ​​លាន​ដុល្លារ​។ ​ក្រុម​ហ៊ុន​ KrisEnergy គ្រប់​គ្រង​ ៩៥ ​ភាគ​រយ​នៃ​អណ្ដូង​ប្រេង​អប្សរា​នៅ​ប្លុក​ A ខណៈ​រដ្ឋា​ភិ​បាល​កម្ពុជា​​គ្រប់​គ្រង​ភាគ​ហ៊ុន​ដែល​នៅ​សល់​។​

Keppel S​hipyard​ គឺជា​​ក្រុម​ហ៊ុន​បុត្រ​ស​ម្ព័ន្ធ​គ្រប់​គ្រង​ទាំង​ស្រុង​​របស់​ក្រុម​ហ៊ុន Keppel Offshore & Marine Ltd (Keppel O&M)។

លោក​ Chor How Jat​ នា​យក​​គ្រប់​គ្រង​ក្រុម​ហ៊ុន ​Keppel O&M ​បាន​ឲ្យ​ដឹង​ថា ​ជាមួយ​នឹង​ភាព​រឹង​មាំ​​​នៅ​ក្នុង​គម្រោង​ជួស​ជុល​ ​កែ​លម្អ​ថ្មី និង​ការ​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​ ​ក្រុម​ហ៊ុន​ Keppel Shipyard បាន​ស្ថិត​នៅ​ក្នុង​​ទី​តាំង​ដ៏​ល្អ​ខាង​វិស្វ​កម្ម​ និង​អនុវត្ត​ដំ​ណោះ​ស្រាយ​ដ៏​ទូ​លំ​ទូ​លាយ​មួយ​ចំ​នួន​សម្រាប់​នា​វា​ផ្សេង​ៗ​។

លោក​ថ្លែង​ថា​៖ «​កិច្ច​ព្រម​ព្រៀង​ថ្មី​ពី​ក្រុម​ហ៊ុន​ KrisEnergy បង្ហាញ​​គម្រោង​ដំ​បូង​របស់​យើង​រួម​គ្នា​ ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ Keppel O&M ត្រូវ​បាន​ចាត់​តាំង​កាល​ពី​ដើម​ឆ្នាំ​នេះ​​ជា​​ដៃ​គូ​ពេញ​ចិត្ត​របស់​ខ្លួន​ សម្រាប់​ភាព​ត្រឹម​ត្រូវ​​ដ៏​ទូ​លំ​ទូ​លាយ​នៃ​ដំ​ណោះ​ស្រាយ​ប្រេង​ និង​​ឧ​ស្ម័ន​ក្នុង​សមុទ្រ​»​​។​

ក្រុម​ហ៊ុន ​KrisEnergy កំ​ពុង​អភិ​វឌ្ឍ​ប្រេង​នៅ​ក្នុង​​ប្លុក ​A របស់​កម្ពុជា​​ដែល​គ្រប​ដណ្ដប់​លើ​ទំហំ ​៣ ០៨៣​ គី​ឡូ​ម៉ែត្រ​កា​រ៉េ​ នៅ​ឈូង​សមុទ្រ​ថៃ​ ដែល​ជម្រៅ​ទឹក​ជ្រៅ​ចាប់​ពី ៥០ ​ម៉ែត្រ​ទៅ​ ៨០ ​ម៉ែត្រ​។​

ប្រេង​ឆៅ​ដែល​​ផលិត​ នឹង​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រយៈ​បំ​ពង់​បង្ហូរ​ប្រេង​ប្រ​វែង​ ១,៥ ​គី​ឡូ​ម៉ែត្រ​សម្រាប់​ស្ដុក​ទុក​​ទៅ​ដាក់​នៅលើ​នា​វា​ស្ដុក​បណ្ដែត​ទឹក​។​

លោក ​ជៀប សួរ ​អគ្គនា​យក​នៃ​អគ្គ​នា​យក​ដ្ឋាន​ប្រេង​កាត​ នៃ​ក្រ​សួង​រ៉ែ និង​ថាម​ពល​បាន​ឲ្យ​ដឹង​​ថា ក្រ​សួង​មិន​ទាន់​បាន​ដឹង​ពី​ព័ត៌​មាន​​​នៃ​ការ​វិ​វឌ្ឍ​នេះ​នៅ​ឡើយ​ទេ​​។ ប៉ុន្តែ​លោក​អះ​អាង​ថា ​កិ​ច្ច​ព្រម​ព្រៀង​រវាង​ ​Kris Energy ​និង​​ក្រុម​ហ៊ុន​ Keppel Shipyard Ltd គឺ​ជា​ជំ​ហាន​វិ​វឌ្ឍ​ថ្មី​មួយ​ទៀត​សម្រាប់​ដំ​ណើរ​ការ​ទាញ​យក​ប្រេង​របស់​កម្ពុជា​។

លោក​ថ្លែង​ថា៖ ​«​ខ្ញុំ​មាន​សុ​ទិដ្ឋិ​និ​យម​ថា ផែន​ការ​​ក្នុង​ការ​ទាញ​យក​ប្រេង​នៅ​ចុង​ឆ្នាំ​ ២០១៩ ខាង​មុខ​នឹង​​​សម្រេច​បាន​តាម​ការ​គ្រោង​ទុក»​។​​

ខណៈ​បច្ចុ​ប្បន្ន​ក្រុម​ហ៊ុន​ Krisenergy​ បាន​ចុះ​កិច្ច​សន្យា​ជា​មួយ Keppel Shipyard ដើម្បី​អភិវឌ្ឍ​កប៉ាល់​ផលិត​កម្ម​ញែក​ប្រេង​ ក្រុម​ហ៊ុន​នេះ​​កំពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ជ្រើស​រើស​ដៃ​គូ​ដើ​ម្បី​​សាង​សង់​ក្បាល​អណ្ដូ​ង​ និង​​ក្រុម​ហ៊ុន​ខួង ​និង​បូម​ប្រេង​​។

រដ្ឋា​ភិ​បាល​កម្ពុជា​ប៉ាន់​ប្រ​មាណ​​ថា ​ប្លុក A ត្រូវ​បាន​ជឿ​ជាក់ថា នឹង​មាន​ប្រេង​ប្រ​ហែល​ ៣០ ​លាន​បា​រ៉ែល​ ដែល​អាច​ត្រូវ​បាន​បូម​យក​​​រហូត​ដល់​រយៈ​ពេល​​​ ៩ ឆ្នាំ​។

អេ​មី​រ៉ាត​អា​រ៉ាប់​រួម​​ ថ្មី​ៗ​នេះ​ក៏​បាន​បង្ហាញ​ចំ​ណាប់​អារម្ម​ណ៍​​លើ​​ការ​វិនិ​យោ​គ​ក្នុង​ផលិត​កម្ម​ប្រេង​ និង​ឧស្ម័ន​​កម្ពុជា​ផង​ដែរ ​ខណៈ​សន្យា​ថានឹង​ផ្ដល់​​កម្ចី ៥០០ ​លាន​ដុ​ល្លារ ដើ​ម្បី​នាំ​ចូល​ទំ​និញ​ពី​បណ្ដា​ប្រ​ទេស​ អា​រ៉ាប់​៕​LA