ក្រុង​ញូវយ៉កៈ ក្រុម​ហ៊ុន​ McDonald''s ​កាល​ពី​​ថ្ងៃ​អង្គារ​​បាន​ប្រកាស​ផែន​ការ​​​កាត់​បន្ថយ​​ថ្នាំ​អង់​ទីប៊ីយ៉ូទិក​​នៅ​ក្នុង​សាច់​គោ​ ​ដោយ​ពង្រីក​កំណែ​ទម្រង់​​​ដែល​ផ្តោត​ទៅ​រក​​សុខ​ភាព​​ឆ្ពោះ​ទៅ​រក​​ប្រភព​សាច់​ថ្មី​ក្រៅ​ពី​សាច់​មាន់។

ក្រុម​ហ៊ុន​អាហារ​ហ្វាស់​ហ៊្វូត​​​​ដ៏​ធំ​មួយ​នេះ​​បាន​រៀប​រាប់​ដំណើរ​ការ​មួយ​ដែល​មាន​បី​ដំណាក់​កាល​​ ដែល​ដំបូង​​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​សិក្សា​​ទៅ​លើ​ទីផ្សារ​​ប្រភព​សាច់​គោ​ធំៗ​​ទាំង​ ១០ ​​របស់​ខ្លួន​​ដែល​មាន​ប្រើ​ថ្នាំ​​អង់​ទីប៊ីយ៉ូទិក​នា​ពេល​បច្ចុប្បន្ន​​​​ក្នុង​​បសុសត្វ​ ​ហើយ​នៅ​ត្រឹម​ឆ្នាំ​ ២០២០​​ បង្កើត​ទិស​ដៅ​កាត់​បន្ថយ។

ដោយ​ចាប់​ផ្តើម​ពី​ឆ្នាំ​ ២០២០ ទៅ​ ក្រុម​ហ៊ុន McDonald''s នឹង​ចាប់​ផ្តើម​រាយការណ៍​ពី​​វឌ្ឍន​ភាព​ទិស​ដៅ​កាត់​បន្ថយ​ជាតិ​អង់​ទី​ប៊ី​យ៉ូទិក។

លោក Keith Kenny អនុ​ប្រធាន​ពិភព​លោក​​​ទទួល​បន្ទុក​ផ្នែក​ចីរភាព​​របស់​ក្រុម​ហ៊ុន McDonald''s ​បាន​ថ្លែង​ថា​៖ «​ក្រុម​ហ៊ុន McDonald''s ​​ជឿ​​ថា ​ភាព​ស៊ាំ​​ទៅនឹង​​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិក​គឺ​ជា​បញ្ហា​សុខ​ភាព​សាធារណៈ​យ៉ាង​សំខាន់​មួយ​ ​​ហើយ​យើង​គិត​គូរ​​បន្ត​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នេះ»។

ក្រុម​ហ៊ុន McDonald''s ក្រុម​ហ៊ុន Walmart ក្រុម​ហ៊ុន Tyson Foods និង​ក្រុម​ហ៊ុន​ដទៃ​ៗ​ទៀត​​បាន​ប្រកាស​ផែន​ការ​រួច​ហើយ​​​ក្នុង​ការ​ដាក់​កម្រិត​​ឬ​​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​​អង់​ទី​ប៊ី​យ៉ូទិក​នៅ​ក្នុង​​សត្វ​មាន់។

​ចំណាត់​ការ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​​ពី​មាន​ការ​ព្រមាន​​ពី​ភាព​ស៊ាំ​ទៅនឹង​​អង់​ទីប៊ី​យ៉ូ​ទិក​​ពី​មន្រ្តី​សុខា​ភិបាល​ និង​បន្ទាប់​ពី​មាន​សេចក្តី​សម្រេច​របស់​មហា​សន្និបាត​​​របស់​អង្គការ​សហប្រជា​ជាតិ​​​កាល​ពី​ខែ ​កញ្ញា​ ឆ្នាំ ​២០១៦ ​​ដែល​បាន​ប្តេជ្ញា​​ចិត្ត​សម្រប​​សម្រួល​ឲ្យ​មា​ន​ចំណាត់​ការ​​ដោះ​ស្រាយ​ការ​ប្រើ​ប្រាស់​​ថ្នាំ​​អង់​ទី​ប៊ី​យ៉ូ​ទិក​ហួស​កម្រិត។

​ប៉ុន្តែ​បើ​ទោះ​បី​ជា​មាន​រលក​នៃ​ការ​ប្រកាស​នានា​ស្តីពី​សត្វ​មាន់​ក៏​ដោយ ក៏​​មិន​ទាន់​មាន​វឌ្ឍ​ន​ភាព​​​ដែល​អាច​ប្រៀប​ធៀប​ចំពោះ​​​​អំពី​សាច់​គោ​ឡើយ​។ នេះ​បើ​យោង​តាម​លោក​ស្រី​ Lena Brook ​អ្នក​ជំនាញ​ផ្នែក​​​​គោល​នយោបាយ​ស្បៀង​អាហារ​​នៅ​ក្រុម​ប្រឹក្សា​​ការ​ពារ​ធន​ធាន​ធម្មជាតិ​ ដែល​​បាន​សរសើរ​ក្រុម​ហ៊ុន McDonald''s ដែល​បាន​​ការ​​ចាត់​វិធាន​ការ​នាំមុខ​គេ​​បន្ទាប់​ពី​មាន​សម្ពាព​ពី​ស្ថាប័ន​របស់​លោក​ស្រី និង​ស្ថាប័ន​ដទៃ​ៗ​ទៀត។

លោក​ស្រី Brook ​បាន​ថ្លែង​ថា ៤៣ ​ភាគ​រយ​នៃ​​ថ្នាំ​​អង់​ទី​ប៊ី​យ៉ូទិក​​ដែល​សំខាន់​ផ្នែក​​វេជ្ជ​សាស្រ្ត​​​ដែល​​ត្រូវ​បាន​លក់​ទៅ​​ឧស្សាហកម្ម​បសុសត្វ​ ​មាន​ប្រើ​នៅ​ក្នុង​ឧស្សាហកម្ម​សាច់​គោ ខណៈ​មាន​តែ ​៦ ​ភាគ​រយ​ប៉ុណ្ណពោះ​ប្រើ​នៅ​ក្នុង​​សាច់​មាន់៕ AFP/PS