វ៉ាស៊ីនតោនៈ​ លោក​ Bill Gates សហស្ថាបនិក​​ក្រុមហ៊ុន​​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន Microsoft ​បាន​ខកខាន​​ឱកាស​នៅ​ក្នុង​ការ​​ក្លាយជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ខាង​ផ្នែក​​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត ​ដោយសារ​​ក្រុមហ៊ុន​បាន ​«ធ្វេស​ប្រហែស» ​​ក្នុង​អំឡុង​​សង្គ្រាម​​ប្រឆាំង​ភាព​ផ្ដាច់​មុខ​រយៈពេល​​យូរ​ជាមួយ​អាជ្ញាធរ​អាមេរិក​​។ ​

លោក ​Gates​ ដែល​ថ្លែង​នៅ​ក្នុង​​វេទិកា​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន Microsoft នឹង​​ក្លាយជា​ក្រុមហ៊ុន​កាន់​តែ​មាន​តម្លៃ​ប្រសិន​បើ​ក្រុមហ៊ុន​នេះ​បាន​ឈ្នះ​សង្គ្រាម​លើ​ប្រតិបត្តិការ​សូហ្វវែរ​សម្រាប់​​ឧបករណ៍​ចល័ត​ទល់​នឹង​​​ក្រុមហ៊ុន Google​ និង​កម្មវិធី​​ប្រព័ន្ធ Android ​របស់​ខ្លួន​។​

លោក ​Gates បាន​ថ្លែង​ក្នុង​អំឡុង​បទសម្ភាស​នៅ​លើ​ឆាក​​មួយ​ដែល​ឧបត្ថម្ភ​ដោយ​វេទិកា​ក្លិប​សេដ្ឋកិច្ច​របស់​ទីក្រុង​វ៉ាស៊ីនតោន​ថា៖ ​«​យើង​កំពុង​ស្ថិត​នៅ​ក្នុង​វិស័យ​នៃ​ការ​ធ្វើ​ប្រព័ន្ធ​​​ប្រតិបត្តិការ​សម្រាប់​កុំព្យូទ័រ​​ផ្ទាល់​ខ្លួន។ យើង​បាន​ដឹង​ថា​ ទូរស័ព្ទ​ចល័ត​នឹង​មាន​ភាព​ពេញ​និយម​​​យ៉ាង​ខ្លាំង​»។​

លោក​ថ្លែង​ថា​៖ «​យើង​​ខកខាន​ក្នុង​ការ​ធ្វើ​ជា​​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ចល័ត​ឈាន​មុខ​គេ​ដោយ​ចំនួន​តិចតួច​បំផុត​។ យើង​​ធ្វេស​ប្រហែស ​ក្នុង​អំឡុង​ការ​ជម្រះក្ដី​​ប្រឆាំង​​ភាព​ផ្ដាច់​​មុខ​របស់​យើង​។ យើង​មិន​បាន​​ប្រគល់​ភារកិច្ច​ដល់​​មនុស្ស​ល្អ​ បំផុត​ដើម្បី​ធ្វើ​ការងារ​នេះ​»។​

លោក​ Gates ដែល​បាន​ចាក​​ចេញ​ពី​​ការ​គ្រប់គ្រង​​ប្រចាំ​ថ្ងៃ​ ​១ ទសវត្សរ៍​​កន្លង​មក បាន​ឲ្យ​ដឹង​ថា ​ការ​បរាជ័យ​នៅ​ក្នុង​ទូរស័ព្ទ​ចល័ត​គឺ​ជា «​កំហុស​ដ៏​ធំ​ជាង​គេ​ដែល​ខ្ញុំ​បាន​ធ្វើ​» នៅ​ក្នុង​ក្រុមហ៊ុន Microsoft ព្រោះ​ជា​ជំនាញ​របស់​យើង​ស្រាប់​ទៅ​ហើយ​។ ​លោក​ថ្លែង​ថា​៖ «​យើង​ច្បាស់​ថា ​ក្រុមហ៊ុន​នោះ​គួរ​តែ​​​សម្រេច​បាន​ការងារ​នោះ ប៉ុន្តែ​​យើង​​មិន​បាន​ធ្វើ​វា»។​ ​លោក​បន្ត​ថា​៖ «​​ប្រព័ន្ធ​ Android គឺ​ជា​ទ្រព្យ​សកម្ម​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន Google ​»។​

លោក​ Gates បាន​សរសើរ​លោក​ Satya Nadella ប្រធាន​​ប្រតិបត្តិ​បច្ចុប្បន្ន​ សម្រាប់​ការ​ជួយ​កែទម្រង់​​ក្រុមហ៊ុន Microsoft និង​ការ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ត្រឡប់​ទៅ​ធ្វើជា​​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​បំផុត​របស់​ពិភព​លោក​ ជាមួយ​​​មូលធន​ទីផ្សារ​​ជាង ​១ ​ពាន់​ពាន់​លាន​ដុល្លារ​។​

ប៉ុន្តែ​លោក​ក៏​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន​សូហ្វវែរ​ធំៗ​ផ្សេង​ទៀត​​ក៏​បាន​ធ្វើ​ខុស​ក្នុង​ការ​អនុញ្ញាត​ឲ្យ ​Amazon កា្លយជា​​​ក្រុមហ៊ុន​​កុំព្យូទ័រ​ខ្លោដ​ឈាន​មុខ​គេ​ទោះ​បី​វា​គ្រាន់​តែ​ជា​​​កម្មវិធី​សេវា​គេហទំព័រ Amazon ​ក៏​ដោយ​។​

លោក​​ Gates ថ្លែង​ថា៖​ «​វា​ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ និង​វា​ជា​ការ​កោត​សរសើរ​ដ៏​ធំ​មួយ​ចំពោះ​​លោក Jeff Bezos អគ្គ​​នាយក​ក្រុមហ៊ុន​ Amazon និង​ក្រុម​របស់​លោក​ដែល​​ពួក​គេ​បាន​ចេញ​មុខ​ ហើយ​ជាមួយ​នឹង AWS បាន​​ផលិត​​​ផលិតផល​ខ្លោដ​ល្អ​បំផុត​»។​​

លោក​បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​​ក្រុមហ៊ុន Microsoft ជា​ក្រុមហ៊ុន​លំដាប់​លេខ ២​ ដ៏​រឹងមាំ ប៉ុន្តែ​​មាន​ក្រុមហ៊ុន​ជា​ច្រើន​​ដែល​រួម​ទាំង​​​ក្រុមហ៊ុន Microsoft ​ដែល​គួរ​មាន​អារម្មណ៍​មិន​ល្អ «ក្នុង​ការ​បរាជ័យ​ដែល​ត្រូវ​បាន​នាំមុខ ដោយ​ក្រុមហ៊ុន Amazon ខាង​ឧបករណ៍​ខ្លោដ​។​

ពេល​នេះ​ទីប្រឹក្សា​​យោបល់​​​ផ្នែក​បច្ចេកវិទ្យា​មួយ​រូប​នៅ​ក្រុមហ៊ុន Microsoft លោក Gates បាន​ឲ្យ​ដឹង​ថា លោក​ចំណាយ​ពេល​វេលា​​ប្រហែល​ ១ ​ភាគ ​៦ ​នៃ​ពេលវេលា​របស់​លោក​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ និង​លះបង់​ពេល​វេលា​ជា​ច្រើន​របស់​លោក​ដល់​មូលនិធិ​សប្បុរស​ធម៌​របស់​លោក​ និង​មូលនិធិ​វិនិយោគ​រួម​ថាមពល​មួយ ដែល​ធ្វើ​ការ​វិនិយោគ​​ក្នុង​គោល​បំណង​ជួយ​ទប់ស្កាត់​ការ​បំភាយ​ឧស្ម័ន និង​​​ផ្លាស់ប្តូរ​​ការ​ប្រែប្រួល​អាកាសធាតុ​៕​ AFP/LA​