ភ្នំពេញ: ក្រុមហ៊ុន Minebea Cambodia Co.,Ltd ដែលជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក​របស់​ជប៉ុន​នឹង​ផលិត​ឧបករណ៍​ក្មេង​លេង ដែល​នឹង​បិទ​ស្លាក​ថា​ «​ផលិត​នៅ​កម្ពុជា​ (Made in Cambodia)» ដើម្បី​នាំទៅ​កាន់​ទីផ្សារ​ពិភពលោក​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​ក្រុមហ៊ុន​។

លោក Yoshihisa Kainuma ប្រធាន​ក្រុមហ៊ុន Minebea Cambodia Co.,Ltd បាន​ឲ្យ​ដឹង​នៅក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​ថា រាល់​ផលិតផល​ឧបករណ៍​ក្មេង​ដែល​ក្រុមហ៊ុន​ផលិត​នឹង​បិទ​ស្លាក​សញ្ញា «​ផលិត​នៅ​កម្ពុជា​»​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​ទើប​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ផលិត​ឧបករណ៍​កម្សាន្ត​របស់​ក្មេង​។ ផលិតផល​នេះ​នឹង​នាំចេញ​ទៅ​ទូទាំង​ពិភពលោក​»​។

នៅក្នុង​ជំនួប​នេះ​លោក ហ៊ុន សែន បាន​ថ្លែងថា គោលនយោបាយ​របស់​រដ្ឋាភិបាល​កំពុងតែ​ធ្វើកំណែ​ទម្រង់​ក្នុង​ការកាត់បន្ថយ​ថ្លៃដើម​ផលិត និង​សេវា​ដឹកជញ្ជូន ដើម្បី​ជំរុញ​ការប្រកួតប្រជែង​របស់​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​នេះ​ជា​មោទនភាព​របស់​កម្ពុជា​ចំពោះ​ការបិទ​ស្លាក​សញ្ញា​សម្គាល់​ប្រភព​ដើម​ផលិត​នៅ​កម្ពុជា​លើ​ឧបករណ៍​ក្មេង​លេង​»​។

បើ​តាម​លោក Yoshihisa Kainuma ក្រុមហ៊ុន Minebea Cambodia មាន​ទុនវិនិយោគ​នៅ​កម្ពុជា​ប្រមាណ ៣៧២ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ ហើយ​ក្រុមហ៊ុន​រំពឹងថា ទុន​នេះ​នឹង​កើន​ដល់​ ៤០០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​។ លោក​បន្តថា ក្រៅពី​ផលិតផល​ឧបករណ៍​ក្មេង​លេង ក្រុមហ៊ុន​ក៏ផលិត​អំពូល​ភ្លើង​ឆ្លាតវៃ​ផងដែរ​។

Minebea គឺជា​ក្រុមហ៊ុន​ជប៉ុន​ធំជាងគេ​នៅ​កម្ពុជា​ដែល​បានចាប់ផ្តើម​វិនិយោគ​នៅ​ឆ្នាំ​ ២០១១ ជាមួយ​នឹង​ទឹកប្រាក់​ប្រហែល ២៣ ​លាន​ដុល្លារ ដើម្បី​ផលិត​ផលិតផល​អេឡិចត្រូនិក​នានា​ដូចជា​ឌីណាម៉ូ និង​ម៉ូទ័រ ដើម្បី​នាំចេញ​ទៅកាន់​បរទេស​៕LA