ភ្នំពេញៈ ភ្នាក់​ងារ​វាយ​តម្លៃ​ចំ​ណាត់​​ថ្នាក់​ឥណ​ទាន​ពិ​ភព​លោក ​Moody’s​ Investors ​Services ​ព្រ​មាន​ថា ការ​បាត់​បង់​​សក្ដា​នុ​ពល​អនុ​គ្រោះ​ពន្ធ​ពា​ណិជ្ជ​កម្ម​របស់​កម្ពុជា​​ចូល​ទៅ​​ស​ហ​ភាព​​អឺ​រ៉ុប​ នឹង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​​ដល់​កំ​ណើន​​សេដ្ឋ​កិច្ច ​​ហើយ​នឹង​ធ្វើ​ឲ្យ​ចំ​ណាត់​ថ្នាក់​របស់​ប្រ​ទេស​នេះ​ស្ថិត​ក្នុង​ភាព​អ​វិជ្ជ​មាន​។ ​នេះ​បើ​​តាម​របាយ​ការណ៍​​ចេញ​​កាល​ពី​ថ្ងៃ​សៅរ៍​​។

ក្នុង​របាយ​ការណ៍ ​Moody ​កត់​សម្គាល់​ថា ​ខណៈ​កម្ពុជា​បាន​​​រក្សា​ចំ​ណាត់​ថ្នាក់​បំ​ណុល​ប្រ​កប​​ដោយ​ស្ថិរ​ភាព​​ B2 ​​​​ប្រ​ទេ​ស​​នេះ​នឹង​​បាត់​បង់​​ស​មត្ថ​ភាព​ប្រ​កួត​​​ប្រ​ជែង​តម្លៃ​នៃ​ការ​នាំ​ចេញ​សម្លៀ​ក​​​បំ​ពាក់​របស់​ខ្លួន បើ​​មិន​មាន​​ការ​ប៉ះ​ប៉ូវ​ដោយ​ការ​ទទួល​បាន​ផលិត​ភាព​ផ្សេង​ទៀត​នោះ​​។​

Moody ​បាន​ឲ្យ​ដឹង​ថា ការ​​កើន​ឡើង​​តម្លៃ​នឹង​កាត់​បន្ថយ​​ភាព​ទាក់​​ទាញ​របស់​​​​កម្ពុជា​​ជា​​មូល​ដ្ឋាន​​ផលិត​ ​និង​អាច​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​លំ​ហូរ​ចូល​​ការ​វិ​និ​យោគ​​​ផ្ទាល់​ពី​បរ​ទេស​ដែល​បាន​​រួម​ចំ​ណែក​ដល់​ស្ថិរ​ភាព​សេដ្ឋ​កិច្ច និង​​ហិ​រញ្ញ​វត្ថុ​។

របា​យ​ការណ៍​​បាន​ឲ្យ​ដឹង​ថា​៖ «​ការ​ប្រ​កួត​​ប្រ​ជែង​ពី​ក្រុម​ហ៊ុន​​ផលិត​សម្លៀ​ក​​បំ​ពាក់​​ក្នុង​តំ​បន់​បង្ក​ឲ្យ​មាន​ការ​គំ​រាម​​កំ​ហែង​យ៉ាង​ខ្លាំង​ដល់​ការ​នាំ​ចេញ​​សម្លៀក​បំ​ពាក់​របស់​កម្ពុជា​»។

របាយ​ការណ៍​នេះ​បន្ត​ថា​ ប្រ​ទេ​ស​បង់​ក្លា​ដែស​ មា​ន​​ចំ​ណែក​ទី​ផ្សារ​សម្លៀក​បំ​ពា​ក់​​ ពិ​ភព​​លោក​ ៦,៥ ​ភាគ​រយ​ ​ធៀប​នឹង​​​​ ១,៦ ​ភាគ​រយ​របស់​កម្ពុជា និង​ធ្វើ​ឲ្យ​​ស​មត្ថ​ភាព​​របស់​ខ្លួន​កាន់​តែ​ធំ​ ក្នុង​ការ​​បង្កើន​ការ​ផលិត​​នៅ​ក្នុង​វិ​ស័យ​នេះ​។

លោក ​Matthew Circosta អ្នក​វិ​ភាគ​មក​ពី​​ក្រុម​ហ៊ុន Mood​y​ ​​ប្រាប់​ភ្នំ​ពេញ​ប៉ុស្ដិ៍​តាម​អីុ​មែល​​កាល​ពី​ម្សិ​ល​មិញ​ថា ​ការ​ដក EBA ​អាច​ប៉ះ​ពាល់​ដល់​កំ​ណើន​សេដ្ឋ​កិច្ច​ ដែល​រួម​ទាំង​ការ​ប៉ះ​ពាល់​ដល់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​​របស់​កម្ពុជា​ផង​ដែរ​។​ ប៉ុន្តែ​​លោក​បាន​ឲ្យ​ដឹង​ថា​ វា​ត្រូវ​​ការ​ពេល​វេ​លា​ដើ​ម្បី​មើល​​ថា​ តើ​នឹង​មាន​ការ​ប្រែ​ប្រួ​ល​​ដូច​ម្តេច​​​ក្នុង​អំ​ឡុង​ពេល​នេះ​។​

លោក​ថ្លែង​ថា​៖ «​យើង​​ត្រូវ​​រង់​ចាំ​​​​ព័ត៌​មាន​លម្អិត​បន្ថែម​ទៀត​ ជុំ​វិញ​ការ​កំ​ណត់​ពេល​វេលា​ និង​​ដំ​ណើរ​ការ​ចរចា​ ក្នុង​ការ​កំ​ណត់​​ផល​ប៉ះ​ពាល់ ​ដែល​អាច​​កើត​ឡើង​លើ​កំ​ណើន​​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP)​»​។ លោក​បន្ត​ថា​៖ «​ដូច​បាន​ពន្យ​ល់​​​នៅ​ក្នុង​របាយ​ការណ៍​ ​អាច​មាន​ការ​លើក​លែង​ពន្ធ​នាំ​ចូល​​លើ​ផលិត​​ផល​មួយ​ចំ​នួន​​»​។

លោក​ Matthew Circosta ​​ឲ្យ​ដឹង​ថា​ ខណៈ​​របាយ​ការណ៍​​​​បាន​ផ្ដល់​ទស្សនៈ​ជា​មួយ​​នឹង​ព័ត៌​មាន​ចុង​ក្រោយ​​នៅ​ក្នុង​ដៃ​​ Moody នឹង​បន្ត​តាម​ដាន​មើល​​​ការ​អភិ​វឌ្ឍ​បន្ត​ទៀត​។

Moody បាន​ឲ្យ​ដឹង​ថា​ កិច្ច​ព្រម​ព្រៀង​ពា​ណិជ្ជ​កម្ម​សេ​រី​របស់​វៀត​ណាម​ជា​មួយ​ EU ដែល​​លុប​​ពន្ធ​វាយ​ន​ភណ្ឌ​ និង​សម្លៀក​បំ​ពាក់ ​និង​​​លទ្ធ​ភាព​​នៅ​ក្នុង​​កិច្ច​ព្រម​ព្រៀង​​​ភាព​ជា​ដៃ​គូ​អន្តរ​ប៉ា​ស៊ី​ហ្វិក​ នឹង​បង្កើន​ជា​​បញ្ហា​ប្រ​ឈម​ផ្នែក​ស​មត្ថ​ភាព ​ប្រ​កួត​ប្រ​ជែង​របស់​កម្ពុជា​។​

EU ​គឺ​ជា​ទី​ផ្សារ​នាំ​ចេញ​ឈាន​​មុខ​គេ​របស់​កម្ពុជា​ និង​ជា​អ​តិ​ថិ​ជន​ធំ​ជាង​គេ សម្រាប់​​សម្លៀក​បំ​ពាក់​ និង​ផលិត​ផល​​ស្បែក​ជើង។ ការ​នាំ​ចេញ​របស់​កម្ពុជា​​ទៅ​ EU ​មាន​ប្រ​ហែល​ ៤០ ​​ភាគ​រយ​ដែល​មាន​តម្លៃ​ ៤,៣ ​​ពាន់​លាន​ដុ​ល្លារ​កាល​ពី​ឆ្នាំ​ ២០១៧​ ឬ​ ២០ ​ភាគ​រយ​នៃ​​ GDP ​ហើយ​​ប្រ​ហែល ៩០ ​ភាគ​រយ​ស្ថិត​ក្រោម​​​ EBA។

វិ​ស័យ​សម្លៀក​បំ​ពាក់ និង​ស្បែក​ជើង​ បាន​ផ្ដល់​ការ​ងារ​ប្រ​ហែល ​៧០ ម៉ឺន​នាក់​ ឬ​ប្រ​ហែ​ល​ ៧,៥ ​ភាគ​រយ​នៃ​​កម្លាំ​ង​ពល​កម្ម​សរុប​។ ផល​ប៉ះ​ពាល់​អ​វិជ្ជ​​មាន​ណា​មួយ​​លើ​វិ​ស័យ​កាត់​ដេរ​នឹ​ង​ដាក់​សម្ពាធ​លើ​តម្រូវ​ការ​ក្នុង​ស្រុក​ ដែល​បាន​គាំ​ទ្រ​ដល់​កំ​ណើន​ជា​រួម​របស់​​កម្ពុជា​»​។​

ផែន​ការ​របស់​ EU​ ក្នុង​ការ​ដ​ក​ កិច្ច​ព្រម​ព្រៀង​ EBA ជា​មួយ​កម្ពុជា​ កំ​ពុង​ទាក់​ទាញ​​ការ​បារម្ភ​​​ពី​វិ​ស័យ​ឯក​ជន​។​

សភា​ពា​ណិជ្ជ​កម្ម​អឺ​រ៉ុប ​និង​សភា​ពា​ណិជ្ជ​កម្ម​ចក្រ​ភព​អង់​គ្លេស​​​ប្រ​ចាំ​កម្ពុជា​ បង្ហាញ​​ការ​បារម្ភ​យ៉ាង​​ខ្លាំង​​លើ​បញ្ហា​នេះ​ដោយ​​ថ្លែង​​​​ថា​នឹង​ប៉ះ​ពាល់​ដល់​ការ​​វិ​និ​យោគ​អឺ​រ៉ុប​រយៈ​ពេល​វែង​​នៅ​កម្ពុជា​។​

ស​មា​គម​​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMA​C​)​​ ​​ក៏​អំ​ពាវ​នាវ​ដល់​ EU​ កុំ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​​ណា​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​វិ​ស័យ​ដែល​គាំ​ទ្រ​របស់​​​កម្ពុជា​។​ ​GMAC ​​ឲ្យ​ដឹង​ថា​៖ «​ការ​ផ្អាក​EBA បណ្ដោះ ​អា​សន្ន​​ ឬ​ការ​ដាក់​ទណ្ឌ​​កម្ម​ឯក​តោ​ភាគី​រយៈ​ពេល​ខ្លី​ណា​មួយ​​​អាច​​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​​អ​វិជ្ជ​មាន​រយៈ​ពេល​វែង​លើ​ជី​វិត​របស់​កម្ម​ករ​របស់​យើង​ និង​​​គ្រួ​សារ​របស់​ពួកគេ​»។ ​

GMAC​ ​បន្ត​ថា៖ «​ការ​រីក​ចម្រើន​ទាំង​អស់​ដែល​ កម្ពុជា​ទទួល​បាន​​​ក្នុង​រយៈ​ពេល​​ ២ ទស​វត្សរ៍​កន្លង​​មក​ តាម​រយៈ​​កិច្ច​ខិត​ខំ​ប្រឹង​​ប្រែ​ង​​របស់​ភា​គី​​ពាក់​ព័ន្ធ​ទាំង​​អស់​ដែ​ល​​រួម​ទាំង​ ដៃ​គូ​អភិ​វឌ្ឍន៍​ដូច​ជា​ EU អា​ច​​ត្រូវ​​បំ​ផ្លាញ​ចោល​យ៉ាង​រហ័ស​»​។

លោក​ ង៉ែត ​ជូ ​ទី​ប្រឹ​ក្សា​យោ​បល់​ជាន់​​ខ្ពស់​នៅ​ក្រុម​ហ៊ុន​ពិ​គ្រោះ​យោ​បល់ Emerging Markets បាន​ថ្លែង​ថា បញ្ហា EBA ​នៅ​ពេល​នេះ​ កំ​ពុង​ក្លាយ​ជា​បញ្ហា​ដ៏​រសើប​នៅ​កម្ពុជា​ ជា​ពិ​សេស​ក្នុង​ចំ​ណោម​វិ​ស័យ​ឯក​ជន​​។​​

​លោក​ថ្លែង​ថា​៖ «​​បើ​វា​កើត​ឡើង​មែន​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​ប្រតិ​បត្តិ​ការ​ ដែល​ក្រុម​វិ​និ​យោ​គិន ត្រូវ​ការ​ពិ​ចារ​ណា​ថា តើ​ពួក​គេ​អាច​បន្ត​រស់​​ដើ​ម្បី​ប្រ​តិ​បត្តិ​ការ​នៅ​កម្ពុជា​ឬ​យ៉ាង​ណា​?»។

លោក​បន្ថែម​ថា​​​​៖ «​យើង​ត្រូវ​ការ​រក្សា​វិ​និ​យោ​គិន​របស់​យើង​នៅ​ក្នុង​ដៃ​ មុន​ពេល​ពួក​គេ​ផ្លាស់​ប្តូរ​ទៅ​ទិស​ដៅ​ផ្សេង​​ទៀត​ រដ្ឋា​ភិ​បាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់ ក្នុង​ការ​​ស្វែង​រក​​ការ​ចរ​ចា​កាន់​តែ​​ប្រ​សើរ​​ជា​មួយ​ EU ​ជា​ជាង​​ជួស​ជុល​វា​ក្រោយ​បញ្ហា​កើត​ឡើង​​»​។​

ទោះ​បី​យ៉ាង​នេះ​ក្តី Moody​ បាន​ឲ្យ​ដឹង​ថា ការ​ដក​​ EBA អាច​​បង្កើន​ល្បឿន​កិច្ច​ខិត​ខំ​​ប្រឹង​​ប្រែង​របស់​កម្ពុជា​ ក្នុង​ការ​ធ្វើ​​ពិ​ពិ​ធ​កម្ម​នៅ​ក្នុង​ឧស្សាហ​កម្ម​​ផលិត​កម្ម​ផ្សេង​ទៀត​។​

យោង​តាម​​ Moody ដោយ​មិន​រាប់​បញ្ចូល​​សម្លៀក​បំ​ពាក់ ​អង្ករ ​និង​កៅ​ស៊ូ ​ចំ​ណែក​នៃ​ការ​នាំ​ចេញ​ផ្សេង​ទៀត​របស់​កម្ពុជា ​ដូច​ជា​ កង់ ការ​វេច​ខ្ចប់​ និង​គ្រឿ​ង​អេ​ឡិច​ត្រូ​និក ​​កើន​ឡើង​ជា​ង ២០ ​ភាគ​រយ​នៃ​ការ​នាំ​ចេញ​​សរុប​កាល​ពី​ឆ្នាំ ២០១៧ ​ធៀប​នឹង​ប្រ​មាណ​ ២ ​ភាគ​រយ​កាល​ពី​ឆ្នាំ​ ២​០០៨​។​​

របាយ​ការណ៍​នេះ​​បញ្ជាក់​ថា​៖ «​ការ​ធ្វើ​ពិ​ពិធ​កម្ម​បន្ថែម​ទៀត​ដល់​មូល​ដ្ឋាន​នាំ​ចេញ​របស់​ខ្លួន ​ពិ​សេស​នៅ​ក្នុ​ង​ឧស្សាហ​កម្ម​បន្ថែម​តម្លៃ​កាន់​តែ​ខ្ពស់​​នឹង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​កាន់​តែ​រឹង​មាំ​​»៕​LA