ភ្នំពេញៈ ​គម្រោង​​រដ្ឋា​ភិ​បាល​កម្ពុជា​សម្រាប់​កម្ចី​ថ្មី​​ដែល​មាន​ចំ​នួន​អ​តិ​បរ​មា​ជិត​ ២ ​ពាន់​លា​ន​ដុ​ល្លារ ​សម្រាប់​​ផែន​ការ​ថ​វិ​កា​ជាតិ​​​ឆ្នាំ​ក្រោយ​ នឹង​បង្កើន​​កម្រិត​បំ​ណុល​កម្ពុជា​ដល់​​ ៣១,៥ ភាគ​រយ ​ធៀប​​នឹង​ទំ​ហំ​សេដ្ឋ​កិច្ច​​កើន​​នៅ​ឆ្នាំ​​​ ២០១៩​។ នេះ​បើ​​តាម​​ការ​បញ្ជាក់​ពី​អ្នក​ជំ​នាញ​នៃ​​ទី​ភ្នាក់​ងារ​វាយ​តម្លៃ​ហា​និ​ភ័យ​ឥណ​ទាន Moody ប្រ​ចាំ​នៅ​សិង្ហ​បុរី។

កម្រិត​បំ​ណុល​នេះ​ត្រូវ​បាន​អ្នក​ជំ​នាញ​បញ្ជាក់​ថា ជា​កម្រិត​​ទាប​​នៅ​ឡើយ​ធៀប​​នឹង​កម្រិត​បំ​ណុល​របស់​បណ្តា​ប្រ​ទេស​ផ្សេង​ៗ​ក្នុង​ពិ​ភព​លោក​។

ប៉ុន្តែ​ទន្ទឹម​នេះ ​ខណៈ​កម្ពុជា​ ត្រូវបា​ន​ព្រ​មាន​ថា​អាច​នឹង​បាត់​បង់​ការ​អនុ​គ្រោះ​ពន្ធ​ពី​ទី​ផ្សារ​​ស​ហ​ភាព​អឺ​រ៉ុប​ EBA​ អ្នក​វិ​ភាគ​របស់​ Moody បាន​បញ្ជាក់​ថា​​ ប្រ​សិន​បើ​ EBA ពិត​ជា​លែង​បន្ត​​មែន ​វា​នឹង​ជះ​ឥទ្ធិ​ពល​អ​វិជ្ជ​មាន​​ដល់​​ស្ថាន​ភាព​វាយ​តម្លៃ​ឥណ​ទាន​​របស់​កម្ពុជា​ និង​បន្ថយ​ការ​ទទួល​បាន​ហិ​រញ្ញ​ប្ប​ទាន​​សម្រាប់​រដ្ឋា​ភិ​បាល​ និង​ការ​​ថម​​ថយ​​លំ​ហូរ​ចូល​ការ​​វិ​និ​យោគ​ផ្ទាល់​ពី​បរ​ទេស​​​។​

លោក ​Matthew​ Circosta ​អ្នក​វិ​ភាគ​នៅ​​ Moody’s Investors Service ​បាន​​ប្រាប់​ភ្នំ​ពេញ​ ប៉ុស្ដិ៍​​តាម​អីុ​មែល​​​ថា​ រដ្ឋា​​ភិ​បាល​កម្ពុជា​ ដែល​ជា​​ធម្មតា​​ទទួល​កម្ចី​មាន​លក្ខ​ខ​ណ្ឌ​​សម្ប​ទា​ន​ខ្ពស់​បាន​ធ្វើ​ឲ្យ​​បន្ទុក​ចំ​ណាយ​លើ​​​ការ​ប្រាក់​ទាប​ និង​ អាច​គាំ​ទ្រ​ដល់​លទ្ធ​ភាព​ទទួល​​​បំ​ណុល​ខ្ពស់​​។​ ​

ប៉ុន្តែ​លោក​ថ្លែង​ថា​ ​មាន​ហានិ​​ភ័យ​នៃ​ការ​ផ្លាស់​ប្តូរ​អ​វិជ្ជ​មាន​នៃ​ទំ​នាក់​ទំ​នង​ន​យោ​បាយ​​ដែល​អាច​​កើត​ឡើង​ ជា​មួយ​​ដៃ​គូ​អភិ​វឌ្ឍន៍​ទ្វេ​ភា​គី និង​អន្តរ​ជាតិ​​ ដូច​ជា ​ស​ហ​ភាព​អឺ​រ៉ុប ​និង​អា​មេរិ​​ក​ ដែល​បណ្ដាល​​ឲ្យ​មាន​​ការ​​បាត់​បង់​លទ្ធ​ភាព​ទទួល​បាន​​ការ​អនុ​គ្រោះ​ពន្ធ​ពា​ណិជ្ជ​កម្ម​ អាច​ជា​បញ្ហា​ប្រ​ឈម​មួយ​ដែល​អាច​បណ្តាល​ឲ្យ​បន្ថយ​ការ​ទទួល​បាន​ហិ​រញ្ញ​ប្ប​ទាន​សម្រាប់​រដ្ឋា​ភិ​បាល និង​ការ​ថម​​ថយ​​លំ​ហូរ​ចូល​ការ​វិ​និ​យោគ​ផ្ទាល់​ពី​បរ​ទេស​​​។​ ​​​

លោក​លើក​ឡើង​ថា​៖ ​«​តាម​ការ​យល់​ឃើញ​​របស់​យើង​ ប្រ​សិន​បើ​ការ​គំ​រាម​នេះ​ក្លាយ​ជា​ពិត​ ហា​និ​ភ័យ​បែប​នេះ នឹង​​មាន​ផល​ប៉ះ​ពាល់​ដល់​​កំ​ណើន​សេដ្ឋ​កិច្ច​ ​​និង​​ហិ​រញ្ញ​វត្ថុ​សា​ធារ​ណៈ និង​អាច​​បង្កើន​សម្ពាធ​​លើ​ការ​ផ្ដល់​ហិ​រញ្ញ​ប្ប​ទាន​ទៅ​លើ​ឱន​ភាព​គណនី​ច​រន្ត​»​។​

យោង​តាម​សេច​ក្ដី​ព្រាង​ថ​វិ​កា​ជាតិ​សម្រាប់​ឆ្នាំ​ ២០១៩ ដែ​ល​បាន​រៀប​ចំ​ដោយ​ក្រ​សួង​សេដ្ឋ​កិច្ច និង​ហិរ​ញ្ញ​វត្ថុ ​រដ្ឋា​ភិ​បាល​គ្រោង​នឹង​ខ្ចី​ ១,៤ ​ពាន់​លាន SDR ​បន្ថែម​ទៀត​ ឬ​ជិត​ ២ ​ពាន់​លាន​ដុ​ល្លារ​ ដើ​ម្បី​ឆ្លើយ​តប​នឹង​ថវិ​កា​ដែល​​គ្រោង​ទុក​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ ២០១៩​។​

កំ​ណើន​​ ១,៤ ពាន់​លា​ន​ SDR បាន​មក​ពី​ការ​អ​នុ​ម័ត​គម្រោង​ ២៥ ដែល​​រ​ដ្ឋា​ភិ​បាល​ខ្ចី​ពី​​ធ​នា​គា​រ​​ពិ​ភ​ព​លោក ធនា​គារ​អភិ​វឌ្ឍន៍​អា​ស៊ី​ មូល​និ​ធិ​​អន្តរ​ជាតិ​​សម្រា​ប់​​ការ​អភិ​វឌ្ឍន៍​កសិ​កម្ម​ ​ប្រ​ទេស​ ចិន​ ជប៉ុន​ កូ​រ៉េ​ខាង​ត្បូង ​ថៃ​ និង​​ប្រ​ទេស​​ ឥណ្ឌា​។​

គម្រោង​នេះ​ត្រូវ​ជាប់​ទាក់​ទង​សំ​ខាន់​ទៅ​នឹង​ការ​អភិ​វឌ្ឍ​វិស័​យ​​ថាម​ពល​ ហេ​ដ្ឋា​រច​នា​ស​ម្ព័ន្ធ ​ធារា​សាស្ដ្រ​​របស់​កម្ពុជា ​និង​វិ​ស័យ​អា​ទិ​ភាព​មួយ​ចំ​នួន​ផ្សេង​ទៀត​ រួម​​មាន​ ការ​អប់​រំ​ និង​សុ​ខា​ភិ​បាល​។​

ទិន្ន​ន័យ MEF បង្ហាញ​ថា​ បំ​ណុ​ល​សា​ធា​រណៈ​របស់​កម្ពុ​ជា ​កាល​ពី​ចុង​ខែ​កញ្ញា​​ឆ្នាំ​នេះ​ មាន​​​ ៦,៨២ ​ពាន់​លាន​ដុ​ល្លារ​។ សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​របស់​ MEF មិន​​បាន​ផ្ដល់​ព័ត៌​មាន​លម្អិត​ពី​អត្រា​ការ​ប្រាក់​​លើ​កម្ចី​នេះ​ទេ ប៉ុន្តែ​​បញ្ជាក់​ថា រដ្ឋា​ភិ​បាល​​នឹង​ទទួ​ល​តែ​​កម្ចី​ណា​​​​មាន​លក្ខ​ខណ្ឌ​ សម្ប​ទាន​ខ្ពស់​តែ​ប៉ុ​ណ្ណោះ​។​

លោក ច័ន្ទ ​សុ​ផល នា​យក​មជ្ឈ​មណ្ឌល​សិ​ក្សា​គោល​​ន​​​យោ​បាយ​​​​ឲ្យ​ដឹង​​ថា កម្រិត​បំ​ណុល​បច្ចុ​ប្បន្ន​របស់​កម្ពុជា​ គឺ​អាច​គ្រប់​គ្រង​បាន​​។

លោក​បន្ថែម​ថា ​កម្ពុជា​ពិត​ជា​ត្រូវ​ការ​ផ្លូវ​ថ្នល់ ​ស្ពាន និ​ង​​ប្រ​ព័ន្ធ​​ធារា​សាស្ដ្រ​ សម្រាប់​ការ​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច​ និង​អាច​ខ្ចី​បន្ថែម​ទៀត​សម្រាប់​តម្រូវ​ការ​នេះ ប៉ុ​ន្តែ​ត្រូវ​​ធ្វើ​ឲ្យ​ប្រា​កដ​ថា កម្ចី​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ការ​ទទួល​ខុស​ត្រូវ​ និង​ការ​​​សាង​​សង់​ដោយ​មាន​គុណ​ភាព​​​។​

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​​​គាំ​ទ្រ​​ដែល​​​ឃើញ​មាន​កញ្ចាប់​ថ​វិ​កា​ច្រើន​ជាង​មុន​​​ត្រូវ​បាន​វិ​និ​យោគ​ទៅ​​ហេ​ដ្ឋា​រច​នាស​ម្ព័ន្ធ​ និង​​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ ក្នុង​ថ​វិ​កា​​ ​ឆ្នាំ​ ២០១៩ ​ខណៈ​​កម្ពុជា ​ត្រូវ​​ការ​ចាប់​យក​ និង​រៀប​ចំ​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​បដិ​វត្តន៍​ឧស្សាហ​កម្ម​ទី ៤​»៕​LA