ភ្នំពេញៈ ក្រុម​ហ៊ុន​ Negocia Ventures របស់​កម្ពុជា​បាន​បង្ហាញ​ផែន​ការ​អភិ​វឌ្ឍន៍​ធន​ធាន​មនុស្ស​នៅ​ក្នុង​វិ​ស័យ​អា​កាស​​ចរណ៍​​​តាម​រយៈ​​ការ​ផ្ដល់​ការ​​​បណ្ដុះ​បណ្ដាល​​អ្នក​បើក​បរ​យន្ត​ហោះ ខណៈ​​​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ថ្មី​ៗ កំ​ពុង​កើន​ឡើង​។ នេះ​បើ​យោង​តាម​ស្ថាប​និក​របស់​ក្រុម​ហ៊ុន​នេះ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​។​

ក្រុម​ហ៊ុន​ Negocia Ventures កាល​ពី​សប្ដាហ៍​មុន​បាន​ចុះ​ហត្ថ​លេ​ខា​លើ​​អនុ​ស្សរ​ណៈ​នៃ​ការ​យោ​គ​យល់​គ្នា​ (MoU) មួយ​ជា​មួយ​ក្រុម​ហ៊ុន​​ Alpha Aviation Group ដែល​ជា​ក្រុម​ហ៊ុន​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​​អ្នក​បើ​ក​បរ​យន្តហោះ​​មាន​មូល​ដ្ឋាន​​​នៅ​​​​ហ្វី​លី​ពីន​ ដើ​ម្បី​អភិ​វឌ្ឍ​​ផែន​ការ​បង្កើត​សា​លា​​បណ្ដុះ​បណ្ដាល​​ជំ​នាញ​​​​ហោះ​ហើរ​កម្ពុជា​ និង​​ការ​​បណ្ដុះ​បណ្ដាល​អ្នក​បើ​កបរ​យន្ត​ហោះ​​នៅ​​កម្ពុជា​។​

លោក Thierry Tea ​ប្រ​ធាន​និង​ជា​អគ្គ​នា​យក​ក្រុម​ហ៊ុន Negocia Ventures បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ភាព​ជា​​ដៃ​គូ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​ដែល​ចំ​នួន​​ក្រុម​ហ៊ុន​អា​កាស​ចរ​ណ៍​ថ្មីៗ​បា​ន​កើន​ឡើង​​ ក្នុង​​ប្រ​ទេស​ កម្ពុជា ដោយ​មាន​ការ​ បង្កើន​ចំ​នួន​យន្ត​ហោះ​ Airbus A320 ក្នុង​ការ​ធ្វើ​​ប្រតិ​បត្តិ​ការ​។ ​

លោក​បន្ថែម​ថា​យន្ត​ហោះ​ទាំង នេះ​​នឹង​តម្រូវ​​ឲ្យ​មាន​អ្នក​បើក​បរ​​ថ្មី​ច្រើន ដូ​ច្នេះ​​ក្រុម​ហ៊ុន​របស់​លោក និង​​ក្រុម​ហ៊ុន​ Alpha Aviation Group មាន​បំ​ណង​​បង្កើត​សា​លា​បណ្ដុះ​​​បណ្ដាល​អ្នក​​បើក​បរ​មួយ​​​នៅ​​កម្ពុជា ដើ​ម្បី​គាំទ្រ​​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ក្នុង​ស្រុក​​​ តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​​ប្រ​ជា​​ជន​កម្ពុជា​។​

ដោយ​ទទួល​ស្គាល់​ថា ទំ​ហំ​ទី​ផ្សារ​នៅ​តែ​តូច​ ខណៈ​ដែល​​ការ​វិ​និ​យោគ​​សា​លា​​បណ្ដុះ​បណ្ដាល​​អ្នក​បើក​បរ​​យន្ត​ហោះ​​ត្រូវ​ការ​​ការ​វិ​និ​យោគ​ធំ​នោះ ​លោក​ Thierry ដែល​​ជា​ជន​ជាតិ​កម្ពុជា​កើត​នៅ​ប្រ​ទេស​​​ បារាំង​ ដែល​​មាន​បទ​​ពិ​សោធ​ជាង ១០ ​ឆ្នាំ​​ក្នុង​នាម​ជា​អគ្គ​នា​យក​​ក្រុម​ហ៊ុន Airbus Helicopter Philippines បាន​ឲ្យ​ដឹង​ថា ​លោក​ស្វែង​រក​​ការ​វិ​និ​យោគ​រយៈ​ពេល​វែង​។​

លោក​ថ្លែង​ថា​៖ «​យើង​ចង់​ធ្វើ​ការ​ងារ​ជា​មួយ​យុវ​ជន​កម្ពុជា។ ​យើង​ជឿ​ជាក់​ថា ​អ្នក​បើក​បរ​យន្ត​ហោះ​កម្ពុជា​ អាច​បើក​​យន្ត​ហោះ​នៅ​បរ​ទេស​បាន​ បន្ទាប់​ពី​​ពួក​គេ​ក្លាយ​ជា​អ្នក​បើក​បរ​យន្ត​ហោះ​»។

លោក​បន្ត​ថា៖ «​ខ្ញុំ​ជឿ​ជាក់​ថា ក្នុង​រយៈ​ពេល​ពី​ ១០ ទៅ ​២០ ​ឆ្នាំ​ក្រោយ​ វា​គួរ​តែ​មាន​អ្នក​បើក​បរ​​យន្ត​ហោះ​ជា​ជន​ជាតិ​កម្ពុជា​​នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា​ ​ហើយ​នៅ​ពេល​នោះ​ អ្នក​បើក​បរ​យន្ត​ហោះ​​កម្ពុជា​ អាច​ទៅ​ធ្វើ​ការ​ងារ​នៅ​បរ​ទេស​ដូច​ជា​មជ្ឈិម​បូព៌ា​ ឬ​អា​ស៊ី​អា​គ្នេយ៍​​ផង​ដែរ​»​។​

លោក​ Thierry បដិ​សេធ​ផ្ដល់​ព័ត៌​មាន​លម្អិត​បន្ថែម​អំ​ពី​គម្រោង​បណ្ដុះ​បណ្ដាល​អ្នក​បើក​បរ​យន្ត​ហោះ​នេះ​ ដោយ​ថ្លែង​ថា វា​ជា​ព័ត៌​មាន​សម្ងាត់​។

ទោះ​បី​ជា​ទិស​ដៅ​ចម្បង​គឺ​ដើ​ម្បី​​បង្កើត​សា​លា​បណ្ដុះ​បណ្ដាល​​នៅ​​​​កម្ពុជា​ក្នុង​​ពេល​អនា​គត​ក្តី ក៏​លោក Thierry បាន​បន្ថែម​ថា គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​ពី​ការ​ងារ​តូច​ៗ ដូច​ជា​​ការ​បង្កើត​កា​រិ​យា​ល័យ​តំ​ណាង​សម្រាប់​ក្រុម​ហ៊ុន​ Alpha Aviation Group នៅ​​​កម្ពុជា និង​បញ្ជូន​និស្សិត​ទៅ​​​បណ្ដុះ​បណ្ដាល​នៅ​ប្រ​ទេស​ ហ្វី​លី​ពីន​។​

សា​លា​បណ្ដុះ​បណ្ដាល​ជំ​នាញ​​ហោះ​ហើរ​ថ្មី​នេះ នឹង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​រដ្ឋ​លេ​ខា​ធិ​ការ​ដ្ឋាន​​អា​កាស​ចរ​ស៊ី​វិល (SSCA)​។​

លោក ស៊ិន ចាន់​សិ​រី​វុត្ថា​ អ្នក​នាំ​ពាក្យ SSCA ស្វា​គមន៍​ព័ត៌​មាន​​ស្ដី​ពី​ផែន​ការ​អភិ​វឌ្ឍន៍​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​អ្នក​បើក​យន្ត​ហោះ​នេះ​ ប៉ុន្តែ​លោក​​ឲ្យ​ដឹង​ថា ​នឹង​មាន​បញ្ហា​ប្រ​ឈម​​ធំ​មួយ​ ដោយ​សារ​តែ​ទំ​ហំ​ទី​ផ្សារ​​នៅ​តូច​ ខណៈ​ដែល​​ការ​​វិ​និ​យោគ​​ត្រូវ​ការ​​មូល​និ​ធិ​ច្រើន​។​

លោក​ថ្លែង​ថា​៖ «​រយៈ​ពេល​ ២-៣ ឆ្នាំ​កន្លង​មក មាន​វិ​និ​យោ​គិន​​ចូល​មក​ស្វែង​រក​​ឱ​កាស​​ពា​ណិជ្ជ​កម្ម​សម្រាប់​​សាលា​បណ្ដុះ​បណ្ដាល​អ្នក​បើក​បរ​យន្ត​ហោះ​នៅ​​​កម្ពុជា​ ប៉ុន្តែ​ប​ន្ទាប់​ពី​​បញ្ចប់​ការ​សិក្សា​​​ពី លទ្ធ​ភាព​ គម្រោង​នេះ​​មិន​បាន​កើត​ឡើង​ទេ ដោយ​សារ​តែ​ទំ​ហំ​ទី​ផ្សារ​តូច​»។ ​លោក​បន្តថា​៖ «​វា​​ជា​ការ​វិ​និ​យោគ​ដែល​ត្រូវ​ការ​ដើម​​ទុន​ច្រើន​ ខណៈ​ចំ​នួន​សិស្ស​​នៅ​មាន​កម្រិត​នៅ​ឡើយ​»​។​

យោង​តាម​លោក ចាន់សិ​រី​វុត្ថា បច្ចុ​ប្បន្ន​មាន​​ក្រុម​ហ៊ុន​​អា​កាស​ចរណ៍​ចុះ​បញ្ជី​ក្នុង​ស្រុក​ចំ​នួន ៩ នៅ​​កម្ពុជា​ ដោយ​​ប្រើ​ប្រាស់​យន្ត​ហោះ​ប្រ​ហែល​ ២០ គ្រឿង​ ប៉ុន្តែ​​មាន​អ្នក​បើក​បរ​យន្ត​ហោះ​ជន​ជាតិ​កម្ពុជា​ប្រ​ហែល ១២​ នាក់​ប៉ុ​ណ្ណោះ​។​

រហូត​មក​ដល់​ពេល​នេះ ​កម្ពុជា​​​មាន​​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​​​​មួយ​សម្រាប់​វិ​ស័យ​អា​កាស​ចរណ៍​ដែល​មាន​ទី​តាំង​ក្នុង​ព្រ​លាន​​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំ​ពេញ។ មជ្ឈ​មណ្ឌល​នេះ​ត្រូវ​បាន​ កសាង​ឡើង​ក្រោម​ការ​វិ​និ​យោគ​ ១០,១ ​លាន​ដុល្លារ​ដែល​​​ផ្ដល់​មូល​និ​ធិ និង​​​គ្រប់​​គ្រង​​ដោយ​ទី​ភ្នាក់​ងារ​កូ​រ៉េ KOI​CA​។

វគ្គ​បណ្ដុះ​បណ្ដាល​នេះ​​ធ្វើ​ឡើង​សម្រាប់​សន្ដិ​សុខ​ព្រ​លាន​​យន្ត​ហោះ​ សេវា​​បញ្ជា​ឧប​ករណ៍​​វិទ្យុ​នាំ​ផ្លូវ​ អ្នក​គ្រប់​គ្រង​​ការ​ធ្វើ​ចរា​ចរណ៍​​ផ្លូវ​​អា​កាស​ និង​ការ​គ្រប់​គ្រង​ព្រ​លាន​ យន្ត​​ហោះ​ប៉ុ​ណ្ណោះ​ ប៉ុន្តែ​​មិន​មែន​ សម្រាប់​ការ​បណ្ដុះ​បណ្ដាល​អ្នក​បើក​បរ​យន្ត​ហោះ​ទេ៕​ LA