ប៉ារីសៈ អង្គការ​កិច្ច​សហ​ប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD) ​កាល​ពី​ថ្ងៃ​អង្គារ បាន​កាត់​បន្ថយ​ការ​ព្យាករ​របស់​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ពិភព​លោក ​ដោយ​បាន​​​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជា​ច្រើន​​ត្រូវ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​របស់​ពួក​គេ ​ខណៈ​មាន​ការ​កើន​ឡើង​ខ្លាំង​ឡើងៗ​នៅ​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​សង្គ្រាម​​ពាណិជ្ជកម្ម​រវាង​ប្រទេស ​ចិន ​និង​អាមេរិក​ ដែល​គំរាម​កំហែង​ដល់​កំណើន​ សេដ្ឋកិច្ច​ពិភព​លោក​។​

អង្គការ ​OECD ​បាន​ឲ្យ​ដឹង​ថា ​ខណៈ​ពេល​អង្គការ​នេះ​បាន​កាត់​បន្ថយ​ការ​ព្យាករ​​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​​មក​នៅ​ត្រឹម ​៣,២ ​ភាគរយ ​នៅ​ឆ្នាំ​នេះ​ធៀប​នឹង ​៣,៣ ​ភាគរយ ​កាល​ពី​ឆ្នាំ ​២០១៨ ​ថា​ រដ្ឋាភិបាល​ទាំង​អស់​​ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់​ក្នុង​ការ​ធ្វើ​ឲ្យ​កំណើន​ស្ទុះ​ងើប​ឡើង​វិញ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​ទាំង​អស់​គ្នា​។​

អង្គការ ​ OECD ​ឲ្យ​ដឹង​ថា៖​ «​ការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​​តាមរយៈ​ការ​បង្កើន​កិច្ច​សហ​​​ប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​នឹង​ការ​កែ​លម្អ​ប្រព័ន្ធ​មាន​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​»។​​ ​អង្គការ​នេះ​បន្ត​ថា​៖ «​ការ​វិនិយោគ​​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ការ​​ផ្ទេរ​ឌីជីថល ​និង​ជំនាញ​ ដើម្បី​​ឆ្លើយ​តប​នឹង​បញ្ហា​​ប្រឈម​នៅ​ថ្ងៃ​អនាគត​​។ នៅ​ក្នុង​តំបន់​ចាយ​​​ប្រាក់​អឺរ៉ូ ​រចនា​សម្ព័ន្ធ​រួម​ជាមួយ​គោល​នយោបាយ​សារពើពន្ធ​ ដើម្បី​​ជំរុញ​សកម្មភាព​»។​

ប្រភព​ពី​អង្គការ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ​ថា ការ​ព្យាករ​បច្ចុប្បន្នភាព​របស់​អង្គការ OECD ​មិន​បាន​ពិចារណា​ដោយ​ផ្ទាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ពេល​ថ្មីៗ​នេះ​ រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​ទេ ​នៅ​តែ​មាន​ភាព​មិន​ច្បាស់លាស់​ដ៏​ធំ​អំពី​រយៈពេល​ (ពន្ធ​នាំចូល​) នឹង​នៅ​តែ​មាន​ការ​វិវត្ត​នៅ​ពេល​អនាគត​នៃ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​​ប្រទេស​ទាំង ​២ ​នេះ​»។​ ​ប្រភព​នេះ​បន្ត​ថា ​ប៉ុន្តែ​ការ​ព្យាករ​នេះ ​បាន «ដាក់​បញ្ចូល​» ភាព​មិន​ច្បាស់​លាស់​ខ្លាំង​ឡើងៗ​ដែល​បាន​បង្កើត​ឡើង​ដោយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​នេះ​។​

ខណៈ​ទាំង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​ប៉េកាំង ​បាន​សង្កត់​ពន្ធ​នាំចូល​ទំនិញ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​រារាំង​​ក្រុមហ៊ុន​របស់​អាមេរិក​មិន​ឲ្យ​ចូលរួម​​ក្នុង​ពាណិជ្ជកម្ម​ទូរគមនាគមន៍​ជាមួយ​ក្រុមហ៊ុន​បរទេស​ដោយ​និយាយ​​ថា នឹង​គំរាម​កំហែង​ដល់​សន្ដិសុខ​ជាតិ​​អាមេរិក​។

Google ​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ឈាន​មុខ​គេ​របស់​អាមេរិក​ ដែល​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ចល័ត​ Android របស់​ខ្លួន​ ដាក់​ឲ្យ​ដំណើរការ​លើ​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​ពិភព​លោក​ភាគ​ច្រើន​ ​ពេល​នេះ​ប្រកាស​​ថា ​ខ្លួន​ចាប់​ផ្ដើម​កាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​​ Huawei ជា​ក្រុមហ៊ុន​របស់​​​ចិន​ ដែល​ក្រុង​វ៉ាស៊ីនតោន​ចាត់​ទុក​ថា ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​​សន្ដិសុខ​ជាតិ​។​

ខណៈ ​OECD ​បាន​កាត់​បន្ថយ​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​​ពិភព​លោក​របស់​ខ្លួន​សម្រាប់​ឆ្នាំ​​នេះ ​អង្គការ​នេះ​បាន​ព្យាករ​​កំណើន​​ដល់​ទៅ ​៣,​៤ ​ភាគរយ​នៅ​ឆ្នាំ​ក្រោយ​។​

អង្គការ​នេះ​បាន​​ព្យាករ​ពី​​កំណើន​សេដ្ឋកិច្ច​អាមេរិក នៅ​ឆ្នាំ​នេះ​ពី​ ​០,២ ​ភាគរយ ​ដល់ ​២,​៨ ​​ភាគរយ ប៉ុន្តែ​បាន​ព្យាករ​ថា នឹង​​ធ្លាក់​ចុះ​​មក​នៅ​ត្រឹម ​២,៣ ​ភាគរយ​ ​នៅ​ឆ្នាំ​ក្រោយ​។​

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ​ចិន ​ត្រូវ​បាន​ព្យាករ​ថា នឹង​ធ្លាក់​ចុះ​​មក​នៅ​ ៦,២ ​ភាគរយ​​នៅ​ឆ្នាំ​នេះ និង​ ៦ ​ភាគរយ​នៅ​​ឆ្នាំ​ក្រោយ​។​ ចក្ខុ​វិស័យ​សម្រាប់​​កំណើន​សេដ្ឋកិច្ច​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ ត្រូវ​បាន​រក្សា​នៅ​ដដែល​​​ក្នុង​ចំនួន​ ១,២ ​ភាគរយ​ នៅ​ឆ្នាំ​នេះ​​៕​ AFP/LA​