វីយែនៈ ដោយប្រឈមនឹងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក និងការស្ដុកទុកលើសតម្រូវការដែលដាក់សម្ពាធលើតម្លៃប្រេង ក្រុមប្រទេសនាំចេញប្រេង (OPEC) និងដៃគូរបស់ខ្លួនអាចស្វែងរកការកាត់បន្ថយទិន្នផលកាន់តែច្រើនទៀត នៅពេលពួកគេជួបគ្នានៅទីក្រុងវីយែននៅថ្ងៃសុក្រនេះ។
ការកាត់បន្ថយទិន្នផល ១,២ លានបារ៉ែលក្នុង ១ ថ្ងៃចាប់ពីខែតុលា ឆ្នាំ ២០១៨ ត្រូវបានបង្គ្រប់កាលពីខែធ្នូឆ្នាំមុន ហើយត្រូវបានពន្យារពេលរួចហើយនៅក្នុងកិច្ចប្រជុំរបស់ OPEC កាលពីខែកក្កដា។
ក្រុមអ្នកអង្កេតមួយចំនួនបានរំពឹងថានឹងកាត់បន្ថយដើម្បីរក្សាដំណើរការរហូតដល់ចុងឆ្នាំ ២០២០។
ប៉ុន្តែលោក Thamer Ghadban រដ្ឋមន្ដ្រីក្រសួងប្រេងរបស់ប្រទេស អ៊ីរ៉ាក់ នៅពេលការមកដល់របស់លោកកាលពីថ្ងៃអង្គារនៅទីក្រុងវីយែនបានផ្ដល់យោបល់ដល់សមាជិកមួយចំនួននឹងជំរុញឲ្យកាត់បន្ថយទិន្នផលចំនួន ៤០០ ០០០ បារ៉ែលបន្ថែមក្នុង ១ ថ្ងៃ។
ប៉ុន្តែលោកបន្ថែមថារាល់ការកាត់បន្ថយណាមួយគឺ «ស្របខ្លាំងជាមួយនឹងបណ្ដាប្រទេសជាសមាជិក»។ នៅក្នុងការអត្ថាធិប្បាយដែលរាយការណ៍ដោយទីភ្នាក់ងារ Bloomberg កាលពីថ្ងៃពុធលោក Ghadban បានគាំទ្រការពន្យារពេលកិច្ចព្រមព្រៀងបច្ចុប្បន្នរហូតដល់ចុងឆ្នាំក្រោយ។
ក្រុមអ្នកអង្កេតមួយចំនួនឲ្យដឹងថា ការកាត់បន្ថយការផលិតពេលថ្មីៗ និងការបង្កើនតម្លៃនឹងត្រូវជាមួយនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈប្រទេសនេះព្យាយាមក្នុងការគាំទ្រការបោះផ្សាយ IPO នៃ Aramco ជាក្រុមហ៊ុនប្រេងជាតិរបស់ខ្លួន។
សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក កំពុងដើរតួនាទីជាការអូសបន្លាយកំណើនសេដ្ឋកិច្ចចិន ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេ ខណៈសេដ្ឋកិច្ចអឺរ៉ុប បច្ចុប្បន្នក៏កំពុងនៅទ្រឹងផងដែរ។ លើសពីនេះទិន្នផលនៃការផលិតប្រេងនៅក្រៅពី OPEC កំពុងបំបែកកំណត់ត្រាគឺ អាមេរិកជាប្រទេសផលិតធំជាងគេរបស់ពិភពលោកចាប់ពីឆ្នាំ ២០១៨៕ LA