ភ្នំពេញៈ ធនា​គារ​អភិ​វឌ្ឍន៍​ជន​បទ (​RDB)​ ​គ្រប់​គ្រង​ដោ​យ​រដ្ឋ​ គ្រោង​​ស្នើ​សុំ​ថ​វិ​កា​ ៥០​​ លាន​​ដុល្លារ​បន្ថែម​ទៀត​​ពី​រដ្ឋា​ភិ​បាល​ សម្រាប់​ផ្តល់​កម្ចី​ទៅ​ក្នុង​​ឧស្សា​ហក​ម្ម​ស្រូវ​អង្ករ​ ខណៈ​ធនា​គារ​នេះ​បាន​បញ្ចេ​ញ​កម្ចី​​ ៤៩ ​លាន​ដុ​ល្លារ​រួច​ហើយ​ទៅ​ដល់​វិ​ស័យ​នេះ​។ នេះ​បើ​យោង​តាម​លោក​ កៅ​ ថាច​ អគ្គ​នា​យក ​RDB។​

លោក ​កៅ ​ថាច ​ឲ្យ​ដឹង​ថា ​ខណៈ​ឃ្លាំង​ស្ដុក​​ស្រូវ​ជា​ច្រើន​កំ​ពុង​ដាក់​ឲ្យ​ដំ​ណើរ​ការ ​តម្រូវ​ការ​កម្ចី​នឹង​បន្ត​កើន​ឡើង​។​ លោក​បន្ថែម​ថា ​RDB ​បច្ចុ​ប្បន្ន​សល់​ប្រាក់​តែ​ ១ ​លាន​ដុល្លារ​​ប៉ុ​ណ្ណោះ ​ខណៈ​រដូវ​ប្រ​មូល​ផល​ចាប់​ផ្ដើម​។​ ​

លោក​បញ្ជាក់​ថា​៖ «​យើង​កំ​ពុង​មាន​អ្នក​ដាក់​​ពាក្យ​សុំ​កម្ចី​បន្ថែម​ទៀត​ ឃ្លាំង​ស្ដុក​ស្រូវ​ជា​ច្រើន​ត្រូ​វ​បាន​ដាក់​ឲ្យ​ដំ​ណើរ​​ការ​ ដូច្នេះ​តម្រូវ​ការ​កម្ចី​នឹង​កើន​ឡើង​ផង​ដែរ​​»​។​

រដ្ឋា​ភិ​បាល​​​សម្រេច​​​បញ្ចេញ​កម្ចី​ដោយ​ផ្ទាល់​តាម​​រយៈ​ RDB ដើម្បី​ជួយ​ដល់​វិ​ស័យ​ស្រូវ​អង្ករ​ឲ្យ​​គេច​ផុត​ពី​បញ្ហា​​​​តាំង​ពី​ខែ ​មី​នា ឆ្នាំ ២០​១៦​។

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១៦​ រដ្ឋា​ភិ​បាល​ផ្តល់​កញ្ចប់​ថ​វិ​កា​ ២៧ លាន​ដុល្លារ​ដល់ RDB ដើ​ម្បី​ឲ្យ​​ធនា​គារ​នេះ​អាច​បញ្ចេ​ញ​កម្ចី​​ដល់​រោង​ម៉ា​ស៊ី​​ន​កិន​ស្រូវ​ក្នុង​​ការ​​ទិញ​ស្រូវ​ពី​កសិ​ករ​ ហើយ​ខែ​សី​ហា​ ឆ្នាំ ២០១៧​ ថវិ​កា​ ២៣ ​លាន​ដុ​ល្លារ​​ផ្សេង​ទៀត​ ត្រូវ​បាន​ចាក់​បញ្ចូល​​ ដែល​ធ្វើ​ឲ្យ​ថវិ​កា​សរុប​​កើន​ឡើង​ដល់ ​៥០​ លាន​ដុ​ល្លារ​។

ដោយ​សារ​តែ​តម្រូវ​ការ​កម្ចី​កាន់​តែ​ខ្ពស់​ ​RDB​ នឹង​ស្នើ​សុំ​កម្ចី ៥០ លាន​ដុ​ល្លារ​ផ្សេង​ទៀត​ពី​ក្រ​សួង​សេដ្ឋ​កិច្ច និង​ហិរ​ញ្ញវត្ថុ​ (MEF) ដើ​ម្បី​ឆ្លើយ​តប​​នឹង​តម្រូវ​ការ​របស់​ឧ​ស្សា​ហ​កម្ម​នេះ​។ នេះ​បើ​យោង​តាម​លោក ​កៅ ​ថាច​។​

លោក​ថ្លែង​ថា​៖ «​យើង​ចាំ​បាច់​ត្រូវ​ស្នើ​សុំ​ទៅ ME​F ឲ្យ​ចាក់​បញ្ចូល​ទឹក​ប្រាក់​ ៥០ ​លាន​ដុល្លារ​ផ្សេង​ទៀត ​សម្រាប់​រដូវ​​​ប្រ​មូល​ផល​ក្រោយ​ ដោយ​សារតែ​ថវិ​កា​របស់​យើង​នៅ​រដូវ​នេះ​​មិន​អាច​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​ឧស្សា​ហ​កម្ម​ស្រូវ​អង្ករ​បាន​ទេ​»​។​

លោក ​ឡាយ​ ឈុន​ហួ ​ម្ចាស់​រោង​ម៉ា​ស៊ីន​កិន​ស្រូវ ​ឡាយ​ សែ​ នៅ​ខេត្ត​បាត់​ដំ​បង​ ដែល​​បាន​ប្រើ​ប្រាស់​កម្ចី​រួច​ហើយ​ពី​ RDB រ​យៈ​​ពេល​ ២ ឆ្នាំ​មក​ហើយ​នេះ បាន​ឲ្យ​ដឹង​ថា​ ថវិកា​របស់​រដ្ឋា​ភិ​បាល​សម្រាប់​ឧស្សាហ​កម្ម​ស្រូវ​អង្ករ​ មាន​តួនា​ទីដ៏​សំ​ខាន់​​ក្នុង​ការ​រក្សា​ទី​ផ្សារ​ និង​តម្លៃ​សម្រាប់​កសិករ​។​ ​

លោក​ថ្លែង​ថា​៖ «​ចាប់​តាំង​ពី​រដ្ឋា​ភិ​បាល​ផ្ដល់​កម្ចី​តាម​រយៈ​ RDB​​ វា​មិន​គ្រាន់​តែ​ជួយ​រោង​ម៉ា​ស៊ីន​កិន​ស្រូវ​​ប៉ុ​ណ្ណោះ​ទេ ប៉ុ​ន្តែ​ថែម​ទាំង​​ជួយ​​ដល់​កសិ​ករ​ដោយ​​រក្សា​តម្លៃ​ស្រូវ​ និង​ទប់​ស្កាត់​ស្រូវ​របស់​​យើ​ង​ មិន​ឲ្យ​ហូរ​ចូល​ក្រៅ​ផ្លូវ​​ការ​​ច្រើន​ទៅ​ប្រ​ទេស​ជិត​ខាង​​ផង​ដែរ​​»​។​

លោក​ ឡាយ​ ឈុន​ហួ ស្នើ​ឲ្យ​រដ្ឋា​ភិ​បាល​បង្កើន​កម្ចី​សម្រា​ប់​ឧ​ស្សា​ហ​កម្ម​ស្រូវ​អង្ករ​។​ ​លោក​ថ្លែង​ថា​៖ «​ប្រ​សិន​បើ​រដ្ឋា​​ភិ​បា​ល​​បង្កើន​កម្ចី​ឲ្យ​​ដល់​ ៣ ដង វា​នឹង​ជួយ​ដល់​ការ​​ប្រ​មូល​ផល​ស្រូវ​ទាំង​​អស់​ ដើ​ម្បី​​​ឆ្លើយ​តប​តាម​ចង្វាក់​​ផលិត​សម្រាប់​ការ​នាំ​ចេញ​ជា​មិន​ខាន​​»៕​LA