ក្រុង​សាន​ហ្រ្វាន​ស៊ីស្កូៈ ក្រុម​ហ៊ុន​ Samsung កាល​ពី​ថ្ងៃ​ពុធ បាន​ដាក់​បង្ហាញ​​អេ​ក្រង់​ដែល​អាច​បត់​បាន​ ដែល​អាច​ឲ្យ​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​​ក្លាយ​ជា​ថេ​ប្ល៊ិត​នៅ​ពេល​បើក​ឡើង​។​

លោក​ Justin Denison អនុ​ប្រ​ធាន​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ទី​ផ្សារ​ផលិត​ផល​​ចល័ត​ បាន​ដក​យក​គំ​រូ​​ស្មាត​ហ្វូន​ដែល​អាច​បត់​បាន​ចេញ​ពី​ហោ​ប៉ាវ​អាវ​ធំ​ក្នុង​សន្និ​សីទ​ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​​របស់​ក្រុម​ហ៊ុន​ Samsung នៅ​ទី​ក្រុង​សាន​ហ្វ្រាន​ស៊ី​ស្កូ​ ដោយ​ថ្លែង​ថា ​ក្រុម​ហ៊ុន​នឹង​ត្រៀម​ជា​ស្រេច​​ក្នុង​ការ​ចាប់​ផ្ដើ​ម​​ការ​ផលិត​អេ​ក្រង់​​ក្នុង​បរិ​មាណ​ច្រើន​នៅ​ក្នុង​រយៈ​ពេល​ប៉ុ​ន្មាន​ខែ​ខាង​មុខ​។​

លោក Denison បាន​ផ្ដល់​បទ​បង្ហាញ​​សង្ខេប​អំ​ពី​​ឧប​ករ​ណ៍​គំ​រូ​មួយ​ ដែល​បាន​​ផលិត​ឡើង​មាន​បំពាក់​ «​អេ​ក្រង់​ Infinity Flex​​» របស់​ក្រុម​ហ៊ុន Samsung​ នៅ​លើ​វេ​ទិ​កា​មួយ​​ក្នុង​អំ​ឡុង​​ពេល​ធ្វើ​បទ​បង្ហាញ​​ដ៏​សំ​ខាន់​មួយ​ ដោយ​មិន​បាន​​ផ្ដល់​ព័ត៌​មាន​លម្អិត​ទាក់​ទង​នឹង​​ថា​ តើ​ពេល​ណា​ដែល​ទូរ​ស័ព្ទ​ដែល​មាន​បំ​ពាក់​អេ​ក្រង់​អាច​បត់​បាន​នេះ អាច​រក​បាន​សម្រាប់​អ​តិ​ថិ​ជន​។​

លោក​ Denison មាន​ប្រ​សាសន៍​ថា​៖ «​​អេ​ក្រង់​នេះ​គឺ​ជា​មូល​ដា្ឋន​មួយ​សម្រាប់​ទូរ​ស័ព្ទ​ស្មា​ត​ហ្វូន​នៅ​ថ្ងៃ​ស្អែក​»​។​

លោក​បន្ត​ថា​៖ «​នៅ​ពេល​ទូរ​ស័ព្ទ​បើក​ឡើង​ វា​ជា​ថេ​ប្ល៊ិត​ ដែល​ផ្ដល់​​អេ​ក្រង់​ធំ​។ នៅ​ពេល​បិទ​វិញ វា​ក្លាយ​ជា​ទូរ​ស័ព្ទ​ និង​ត្រូវ​នឹង​ហោ​ប៉ៅ​របស់​អ្នក​​»​។​

អេ​ក្រង់​ Infinity Flex​ ត្រូវ​បាន​​ផលិត​ឡើង​ឲ្យ​ធ​ន់​នឹង​ការ​បត់​ និង​បើក​ឡើង​ជា​ច្រើន​​ដង​។ នេះ​បើ​យោង​តាម​លោក Denison។​

ក្រុម​ហ៊ុន​ Samsung ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រ​ទេស​ កូ​រ៉េ​ខាង​ត្បូង​ គឺ​ជា​​ក្រុម​ហ៊ុន​ផលិត​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​ឈា​នមុខ​គេ​របស់​ពិ​ភព​លោក​ ដែល​​​ភាគ​នៃ​ទូរស័ព្ទ​របស់​ខ្លួន​​ដំ​ណើរ​ការ​ដោយ​ប្រ​ព័ន្ធ​ប្រតិ​បត្តិ​ការ​​ Android របស់​ក្រុមហ៊ុន Google ដែល​ផ្តល់​ដោយ​មិន​គិត​ថ្លៃ តែ​ក្រុម​ហ៊ុន​ Samsung ក៏​​លក់​​គ្រឿង​ផ្គុំ​​ផង​ដែរ ដូច​ជា​បន្ទះ​ឈីប និង​អេ​ក្រង់​​ឲ្យ​​ក្រុម​ហ៊ុន​ផលិត​ទូរ​ស័ព្ទ​ផ្សេង​ទៀត​។​

ក្រុម​ហ៊ុន Samsung ក៏​បាន​បង្ហាញ​​ផង​ដែរ​នូវ​​កម្ម​វិ​ធី​សម្គាល់​ផ្ទៃ​មុខ​អ្នក​ប្រើ​ប្រាស់​ «One UI» ដែល​នឹង​​បំ​ពាក់​ក្នុង​​​ឧប​ករណ៍​ចល័ត​នា​ពេល​អ​នា​គត។ កម្ម​វិ​ធី​នេះ​​បង្កើត​ឡើង​ដើ​ម្បី​ដំ​ណើរ​ការ​​យ៉ាង​រលូន​ជា​​មួយ​នឹង​អេ​ក្រង់​ដែល​អាច​បត់​បាន​ថ្មី​នេះ​។​

ក្រុម​ហ៊ុន Google ​កំ​ពុង​ធ្វើ​ការ​ងារ​ជា​មួ​យ​ក្រុម​ហ៊ុន Samsung ដើ​ម្បី​កែត​ម្រូវ​ប្រ​ព័ន្ធ​ Android ទៅ​នឹង​តម្រូវ​ការ​អេ​ក្រង់​ដែល​​អាច​បត់​បាន​នេះ៕ AFP/LA