តូក្យូៈ ក្រុម​ហ៊ុន​ SoftBank Group ដែល​ជា​ប្រតិ​បតិ្ត​ករ​ទូរ​​គមនា​គមន៍ ​និង​បច្ចេក​វិទ្យា​ឈា​ន​មុខ​គេ​មាន​បំ​ណង​ស្វែង​​រក​​មូល​និ​ធិ​ជាង ២៣ ​ពាន់​លាន​ដុល្លារ ​តាម​រយៈ​ការ​ចុះ​បញ្ជី​​​​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​នៅ​ជប៉ុន​ ​របស់​​ខ្លួន​នៅ​សប្ដាហ៍​ក្រោ​យ​​ ដែល​​ជា​​ការ​បោះ​ផ្សាយ​មូល​បត្រ​​ជា​សា​ធា​រណៈ​លើក​ដំ​បូង​ (IPO) បច្ចេក​វិ​ទ្យា​ធំ​ជាង​គេ​មួយ​​​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​។​

នៅ​ក្នុង​សេ​ច​ក្ដី​ប្រ​កា​ស​ព័ត៌​មាន​​​មួយ​​កាល​ពី​ថ្ងៃ​ចន្ទ ​ក្រុម​ហ៊ុន​នេះ​​បាន​សម្រេច​ចិត្ត​ជា​ផ្លូវ​​ការ​​​​ក្នុង​ការ​លក់​ភាគ​ហ៊ុន​ ១,​៧​៦​ ពាន់​លាន​ភាគ​ហ៊ុន​ ច្រើន​ជាង​ ១ ​ភាគ​ ៣ ​នៃ​ភាគ​ហ៊ុន​ នៅ​​ក្រុម​​ហ៊ុ​ន​ទូរ​ស័ព្ទ​ SoftBank Corp ដោយ​ភាគ​ហ៊ុន​បាន​កំ​ណត់​តម្លៃ​ ១,៥០០ យ៉េន​ (​១៣​ដុល្លារ​) ក្នុង​ ១ ​ភាគ​ហ៊ុន​។​

IPO នេះ​នឹង​ជួយ​រក​មូល​និធិ​សម្រាប់​ក្រុម​ហ៊ុន​ ខណៈ​វា​នឹង​​​ប្រែ​ក្លាយ​​ទៅ​ជា​​ក្រុម​ហ៊ុន​វិ​និ​​យោគ​​មួយ ដែល​ចាក់​បញ្ចូល​សាច់​ប្រាក់​ទៅ​​ក្នុង​​ក្រុម​ហ៊ុន​ ​ និង​​គម្រោង​លំ​ដាប់​ធំ​ៗ​​ ជុំ​វិញ​ពិ​ភព​លោក​។​

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​នេះ​បាន​បញ្ជាក់​ពី​តម្លៃ​លក់​បណ្ដោះ​អា​សន្ន​ ដែល​បាន​កំណត់​​កាល​ពី​ខែ​វិ​ច្ឆិ​កា ​ទោះ​បី​ជា​ទី​ផ្សារ​ហ៊ុន​បច្ចុ​ប្បន្ន​ត្រូវ​បាន​គេ​លក់​ចេញ​ដោយ​សារ​មាន​​ការ​បារម្ភ​​ជម្លោះ​ពា​ណិជ្ជ​កម្ម​អា​មេ​រិក និង​ចិន​ ដែល​ជា​មហា​អំ​ណាច​​សេដ្ឋ​កិច្ច​ធំ​ជាង​គេ​របស់​ពិ​ភព​លោក​ និង​កិច្ច​ព្រម​ព្រៀង​ចាក​ចេញ​របស់​ចក្រ​ភព​អង់​គ្លេស​​ពី​ស​ហ​ភាព​អឺ​រ៉ុប​។​

បន្ទាប់​ពី​ការ​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​តូក្យូ ​នៅ​ថ្ងៃ​ទី ១៩​ ខែ​ធ្នូ ​ក្រុម​​ហ៊ុន SoftBank Group នឹង​​គ្រប់​គ្រង​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​​មួយ​នេះ​ប្រ​ហែល​ ៦៣ ​ភាគ​រយ​។​​

ប្រ​ព័ន្ធ​ព័ត៌​មាន​ក្នុង​ប្រ​ទេស​ ជប៉ុន ​​បាន​ឲ្យ​ដឹង​ថា​ ការ​ផ្តល់​ជូន​​តម្លៃ​នេះ​ បាន​ផ្ដល់​តម្លៃ​ដល់​​ក្រុម​​ហ៊ុន​ទូរ​ស័ព្ទ​មួយ​នេះ​​​ក្នុង​ចំ​នួន​​ជាង ៧ ពាន់​ពាន់​លាន​យ៉េន ​ហើយ​ IPO​ នេះ​អាច​ជា​ IPO ​ធំ​ជាង​គេ​​​មិន​ធ្លាប់​មាន​របស់​​ប្រ​ទេស​ ជប៉ុន​​។​

ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​លោក ​Masayos​hi ​Son ​អគ្គ​នា​យក​របស់​ខ្លួន​ ក្រុម​ហ៊ុន​ SoftBank Group បាន​​ប្រែ​ក្លាយ​ពី​​ការ​ចាប់​ផ្ដើម​ពី​​​ផែ្នក​សូហ្វ​វែរ​ ហើយ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​វិ​វឌ្ឍ​ខ្លាំង​ឡើង​ៗ​ជា​​ក្រុម​ហ៊ុន​វិ​និ​យោគ​មួយ​​​។​

ក្រោម​​ការ​ប្រើ​ប្រាស់​មូល​និ​ធិ​ SoftBank Vision Fund ​ដែល​មាន​តម្លៃ​ប៉ាន់​ប្រ​មាណ​ ១០​០​ ពាន់​លាន​ដុល្លារ​ លោក​ So​n ត្រូវ​បាន​គ្រប់​គ្រង​ភាគ​ហ៊ុន​​​មួយ​ចំ​នួន​របស់​​ក្រុម​ហ៊ុន​​ដ៏​ពេញ​និ​យម​ជា​ច្រើន​​ នៅ​ក្នុង​វិ​ស័យ​​បច្ចេក​វិទ្យា​ ដែល​រួម​មាន​ក្រុម​​ហ៊ុន​ Uber ក្រុម​ហ៊ុន​ Slack​ ក្រុម​ហ៊ុន​ WeWork ​និង​​ក្រុម​ហ៊ុន​ Nvidia។​

ប្រាក់​ជិត​ពាក់​កណ្ដាល​​នៅ​ក្នុង​មូល​និ​ធិ​នេះ​ បាន​មក​ពី​ទំ​នាក់​​ទំ​នង​ដ៏​ជិត​ស្និទ្ធ​របស់​​ប្រ​ទេស​​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត និង​​ក្រុម​​ហ៊ុន​ SoftBank ជា​មួយ​​ប្រ​ទេស​ ជប៉ុន ​បាន​ស្ថិត​ក្រោម​​ការ​ត្រួ​ត​ពិនិត្យ​នៅ​ពេល​ថ្មី​ៗ​ បន្ទាប់​ពី​ការ​សម្លាប់​អ្នក​កា​សែត​ ​Jamal ​Khashoggi ​នៅ​ក្នុង​ស្ថាន​​កុង​ស៊ុល​របស់​​​អា​រ៉ា​ប៊ី​សា​អូ៊​ឌីត​ នៅ​ទី​ក្រុង​អុី​ស្ដង់​ប៊ុល។​

កាល​ពី​ខែ​មុន លោក Son បាន​​ថ្កោល​ទោស​​ការ​សម្លា​ប់​នេះ ​ប៉ុន្តែ​បាន​ឲ្យ​ដឹង​ថា លោក​នឹង​បន្ត​ធ្វើ​ពា​ណិជ្ជ​កម្ម​ជា​មួយ​​​​អា​រ៉ា​ប៊ី​ សា​អ៊ូឌីត​។​

Uber ជា​ក្រុម​ហ៊ុន​​ហៅ​តាក់​ស៊ី​ជិះ ​គ្រោង​នឹង​ធ្វើ​ទី​ផ្សារ​​ដំ​បូង​ត្រឹម​ចុង​ឆ្នាំ​ ២០១៩​ ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​វិ​និ​យោគ​ ជា​មួយ​ក្រុម​ហ៊ុន SoftBank ដែល​​មាន​ភាគ​ហ៊ុន​ប្រ​ហែល ១៥ ​ភាគ​រយ​៕​ AFP/LA