ក្រុងញូវយ៉កៈ ប្រភព​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន SoftBank ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការទិញ​ភាគហ៊ុន​មាន​សិទ្ធិ​គ្រប់គ្រង​នៅក្នុង​ក្រុមហ៊ុន​បង្កើត​ថ្មី WeWork ដែល​ផ្ដល់​សេវា​ទីតាំង​ការិយាល័យ​រួម និង​កំពុង​ត្រូវការ​សាច់ប្រាក់​ខ្លាំង​។

ប្រភព​នេះ​បាន​ឲ្យ​ដឹង​ដោយ​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រុមហ៊ុន Softbank ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការវិនិយោគ​ទឹកប្រាក់​ចំនួន​ពី ៤ ​ពាន់​លាន​ដុល្លារ​ទៅ ៥ ​ពាន់​លាន​ដុល្លារ​បន្ថែម​ក្នុង​ក្រុមហ៊ុន We-Work ដែល​ធ្វើឲ្យ​ក្រុមហ៊ុន Softbank កាន់កាប់​ភាគហ៊ុន​ភាគច្រើន​នៅ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​មួយ​នេះ ខណៈ​ដែល​វាយតម្លៃ​ក្រុមហ៊ុន​នេះ​ថា​មាន​តម្លៃ​រួម​ចំនួន ៨ ​ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន WeWork ដែល​បដិសេធ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ត្រូវ​បាន​វាយតម្លៃ​ថា មាន​ចំនួន​ជាង ៤៧​ ​ពាន់​លាន​ដុល្លារ​កាលពី​ដើម​ឆ្នាំនេះ​។

សំណើ​របស់​ក្រុមហ៊ុន SoftBank រួមមាន​ការដាក់សំណើ​ក្នុង​តម្លៃ​ជាង ១ ​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ភាគហ៊ុន​ជាច្រើន​របស់​ក្រុមហ៊ុន WeWork ពី​ក្រុម​វិនិយោគិន និង​និយោជិត​ដែល​ក្នុង​ចំណោម​ពួកគេ​ក៏មាន​លោក Adam Neumann ដែល​ជា​សហស្ថាបនិក​ផងដែរ​។

ក្រុមហ៊ុន JPMorgan Chase ដែល​ជា​ធនាគារ​វិនិយោគ​ដែលមាន​ការចាប់អារម្មណ៍​រួចហើយ​លើ​ក្រុមហ៊ុន WeWork នោះ​ត្រូវបាន​រំពឹងថា​នឹង​មាន​ផែនការ​ហិរញ្ញប្បទាន​បំណុល​សម្រាប់​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​បង្កើត​ថ្មី​នេះ​ដើម្បី​ពិចារណា​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​អង្គារ​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​។

ក្រុមហ៊ុន WeWork ចាំបាច់​ត្រូវ​ប្រមូល​មូលនិធិ​យ៉ាងហោចណាស់ ៣ ​ពាន់​លាន​ដុល្លារ​ដើម្បី​រ៉ាប់រង​លើ​តម្រូវការ​ហិរញ្ញប្បទាន​របស់ខ្លួន​រហូត​ដល់​ចុងឆ្នាំនេះ​។ នេះ​បើ​យោង​តាម​ប្រភព​នានា​។

ប្រសិន​បើ​ក្រុមហ៊ុន WeWork ជ្រើសរើស​យក​សំណើ​ទិញ​របស់​ក្រុមហ៊ុន SoftBank នោះ​ក្រុមហ៊ុន​ពហុផលិតផល​របស់​ជប៉ុន​ដែល​បាន​ដឹកនាំ​ដោយ​លោក​មហាសេដ្ឋី Masayoshi Son នឹង​គ្រប់គ្រង​ភាគហ៊ុន​ជាង ៨០ ​ភាគរយ​របស់​ក្រុមហ៊ុន​បង្កើត​ថ្មី​នេះ​។

កិច្ចព្រមព្រៀង​នេះ​ក៏​នឹងដាក់​កម្រិត​ឥទ្ធិពល​របស់លោក Neumann អតីត​ប្រធាន​ប្រតិបត្តិ និង​ជា​សហស្ថាបនិក​ផងដែរ​។

លោក Neumann បាន​ចុះ​ចេញពី​តំណែង​ជា​ប្រធាន​ប្រតិបត្តិ​កាលពី​ខែ​កញ្ញា ដោយសារ​តែ​មាន​សំណួរ​ជុំវិញ​ការដោះស្រាយ​ដោយ​ខ្លួនឯង​រវាង​ទ្រព្យសកម្ម​ផ្ទាល់ខ្លួន​របស់​លោក និង​របស់​ក្រុមហ៊ុន WeWork និង​ជុំវិញ​ការប្រព្រឹត្ត​ផ្ទាល់ខ្លួន​មិនល្អ​ដែល​រួមទាំង​ការប្រើប្រាស់​ថ្នាំ​ផងដែរ​។

ក្រុមហ៊ុន WeWork ក៏បាន​បញ្ឈប់​ផែនការ​ក្នុង​ការបោះផ្សាយ​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង (IPO) ផងដែរ ដែល​បានបញ្ចប់​ផ្លូវ​ហិរញ្ញប្បទាន​ដ៏សំខាន់​មួយ​។

ក្រុមហ៊ុន​វាយតម្លៃ​ចំណាត់ថ្នាក់​បំណុល​អន្តរជាតិ​នានា​បាន​ទម្លាក់​ចំណាត់ថ្នាក់​បំណុល​របស់​ក្រុមហ៊ុន WeWork ដល់ «​ចំណាត់ថ្នាក់​មិន​ល្អ (Junk)” ដោយសារ​កង្វះខាត​សាច់ប្រាក់​។ ក្រុមហ៊ុន​បាន​រាយការណ៍​ការខាតបង់​ចំនួន ១,៩ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៨ ខណៈ​ក្រុមហ៊ុន​បាន​ពង្រីក​ខ្លួន​យ៉ាង​លឿន​៕ LA