ក្រុង​ហ្វ្រែងហ្វឺតៈ ក្រុមហ៊ុន Volkswagen (VW) បាន​ឲ្យ​ដឹង​កាល​​​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​បញ្ឈប់​ភាព​ជា​ដៃគូ​ជាមួយ​​​ក្រុមហ៊ុន​ទើប​​បង្កើត​ថ្មី Aurora របស់​អាមេរិក​ ដែល​អភិវឌ្ឍ​រថយន្ត​ស្វ័យ​បើកបរ ខណៈ​ដែល​​​​​​ក្រុមហ៊ុន​ស្វែងរក​​សម្ព័ន្ធភាព​កាន់​តែ​ទូលំទូលាយ​ជាមួយ​ក្រុមហ៊ុន​ Ford។​

ដោយ​បញ្ជាក់​ព័ត៌មាន​ដែល​រាយការណ៍​លើក​ដំបូង​ដោយ​កាសែត​ Financial Times (FT) អ្នក​នាំពាក្យ​​ក្រុមហ៊ុន​ផលិត​រថយន្ត VW ​បាន​ប្រាប់ ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា៖ «​សកម្មភាព​​ស្ថិត​ក្រោម​ភាព​ជា​ដៃគូ​នេះ​ ត្រូវ​បាន​បញ្ចប់»។

លោក​បន្ថែម​ថា ផែនការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​​ក្រុមហ៊ុន Ford «​កំពុង​​រីក​ចម្រើន​យ៉ាង​ល្អ​​»។​

យោង​តាម​សេចក្ដី​រាយការណ៍​​របស់​កាសែត FT ក្រុមហ៊ុន VW កំពុង​ស្វែងរក​ការ​ធ្វើ​ការងារ​​ជាមួយ​​ក្រុមហ៊ុន Argo AI ដែល​ជា​​​អង្គភាព​អាជីវកម្ម​​ស្វ័យ​បើកបរ​​​របស់​ក្រុមហ៊ុន​ Ford ដើម្បី​ជំរុញ​ឆ្ពោះ​ទៅ​រក​វិស័យ​​​ដែល​ទើប​​នឹង​ចាប់​ផ្ដើម ប៉ុន្តែ​ជា​វិស័យ​​ថ្មី​ដ៏​សំខាន់​​ ដែល​កិច្ច​ព្រមព្រៀង​មួយ​អាច​ត្រូវ​បាន​​ប្រកាស​​ក្នុង​រយៈពេល ​២-៣ ​សប្ដាហ៍​​ក្រោយ​។ នេះ​បើ​យោង​តាម​​កាសែត FT។​

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស ​អាល្លឺម៉ង់ និង​អាមេរិក​ទាំង​ ២ នេះ​ បាន​ប្រកាស​​កាល​ពី​ខែ​មករា​​ថា ពួក​គេ​នឹង​រួម​គ្នា​​ផលិត​រថយន្ត​ពាណិជ្ជកម្ម និង​រថយន្ត​ភីកអាប់​ធុន​មធ្យម​នឹង​ថា ពួក​គេ​នឹង​ធ្វើ​​ការងារ​រួម​​​គ្នា​លើ​រថយន្ត​ស្វ័យ​បើកបរ​។​

ក្រុមហ៊ុន Aurora ​ដែល​ត្រូវ​បាន​បង្កើត​​ឡើង​ដោយ​​អតីត​មន្ដ្រី​​ប្រតិបត្តិ​មក​ពី​ក្រុមហ៊ុន Google, Tesla និង​ Uber ជាមួយ​ចក្ខុវិស័យ​ក្នុង​ការ​ផ្ដល់​ថាមពល​​​ក្នុង​វិស័យ​រថយន្ត​ស្វ័យ​បើកបរ​ បាន​ទាក់ទាញ​​​ក្រុមហ៊ុន​​ផលិត​រថយន្ត ​ក្រុមហ៊ុន​​បច្ចេកវិទ្យា និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ឲ្យ​ចូល​វិនិយោគ​ក្នុង​វិស័យ​នេះ៕ AFP/LA