ក្រុង ហ្វ្រេងហ្វឺតៈ ក្រុមហ៊ុន ផលិត​រថយន្ត Volkswagen (VW) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ខ្លួន​បានផ្ដល់​ប្រាក់ ៨៣០ ​លាន​អឺរ៉ូ (៩០០ ​លាន​ដុល្លារ​) ​ដើម្បី​ដោះស្រាយ​បណ្ដឹង​ចំនួន​ច្រើន​ពី​អតិថិជន​អាល្លឺម៉ង់ ជុំវិញ​រឿងអាស្រូវ​ក្លែងបន្លំ​ការបំភាយ​ឧស្ម័ន​របស់​រថយន្ត​។

អ្នកនាំពាក្យ​ក្រុមហ៊ុន VW បន្ថែមថា ប៉ុន្តែ​ការដោះស្រាយ​ដែល​ត្រូវបាន​ស្នើឡើង​ជាមួយ​សហព័ន្ធ​អ្នកប្រើប្រាស់​អាល្លឺម៉ង់ (VZBV) ដែល​តំណាង​ដើមបណ្ដឹង​ចំនួន ៤០០ ០០០ ​នាក់​នៅក្នុង​ដំណើរការ​បណ្តឹង​ជា​ក្រុម​ដំបូង​របស់ខ្លួន «​បាន​បរាជ័យ​» ដោយសារ​តែ​ការទាមទារ​ប្រាក់ «​ដោយ​មិនមាន​សមាមាត្រ​» ពី​ក្រុម​មេធាវី​របស់​ក្រុមហ៊ុន VZBV ។

លោក​បញ្ជាក់ថា អ្នកតំណាង​ផ្នែក​ច្បាប់​របស់​សហព័ន្ធ​អ្នកប្រើប្រាស់​នេះ បានស្នើ​សុំ​ទឹកប្រាក់​សរុប ៥០ ​លាន​អឺរ៉ូ​។

សហព័ន្ធ VZBV ភា្លមៗ​មិនបាន​អត្ថាធិប្បាយ​លើ​ការផ្ដល់​ដំណោះស្រាយ​នេះ​ទេ​។

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Volkswagen បាន​ប្រែប្រួល​បន្តិចបន្តួច ដោយ​តាម​សេចក្ដី​ប្រកាស​នេះ​បាន​ធ្លាក់ចុះ ០,៥ ភាគរយ ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដោយ​ជួញដូរ​ក្នុង​តម្លៃ ១៧១,៧០ អឺរ៉ូ​ ក្នុង​ ១ ​ហ៊ុន​ នៅ​ផ្សារហ៊ុន Frankfurt ធៀប​នឹង​សន្ទស្សន៍ DAX ដែល​ប្រមូលផ្តុំ​ដោយ​ក្រុមហ៊ុន​ធំៗ​របស់​អាល្លឺម៉ង់ កើនឡើង​ ០, ២៥ ភាគរយ​។

បណ្ដឹង​ជា​ក្រុម​នេះ​គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ផ្លូវច្បាប់​ដ៏ធំ​មួយ​ដែល​កើតចេញ​ពី​ការសារភាព​កាលពី​ឆ្នាំ​ ២០១៥ របស់​ក្រុមហ៊ុន VW ថា​បាន​បំពាក់​ឧបករណ៍ និង​សូហ្វវែរ​បន្លំ​ការធ្វើ​តេស្ត​បញ្ចេញ​កាបូន​លើ​រថយន្ត ១១ ​លាន​គ្រឿង​ទូទាំង​ពិភពលោក​។ រថយន្ត​ដែល​ត្រូវ​បាន​បំពាក់​សូហ្វវែរ​នេះ​នឹង​បញ្ចេញ​ឧស្ម័ន​កាបូន​តិច​ជាង​ជាក់ស្តែង​នៅពេល​ធ្វើតេស្ត​ដោយ​និយតករ​។

ខណៈ​ពេល​ដែល​អ្នកទិញ​រថយន្ត​ម៉ាស៊ូត​នៅ​អាមេរិក​ទទួល​បាន​ការទិញ​រថយន្ត​វិញ និង​សំណង​ជំងឺ​ចិត្ត ក្រុម​អ្នកបើកបរ​នៅ​ប្រទេស​អាល្លឺម៉ង់​រហូត​មក​ដល់​ពេលនេះ​បាន​កន្លង​ហួស​ដោយ​មិន​បាន​សងជំងឺចិត្ត​សម្រាប់​ផលប៉ះពាល់​ដោយសារ​តែ​រឿងអាស្រូវ​នេះឡើយ​៕ LA