វ៉ាស៊ីនតោនៈ ​ធនាគារ​ពិភព​លោក​បាន​​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ពុធ​ថា ​គំនិត​ផ្តួចផ្ដើម​ខ្សែ​​ក្រវាត់ ​និង​ផ្លូវ​ (BRI) ​របស់​ប្រទេស​​អាច​បង្កើន​សេដ្ឋកិច្ច​ និង​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​ នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន ប៉ុន្តែ​ផ្តល់​​នូវ​ហានិភ័យ​នៃ​​ការ​ខូចខាត​​បរិស្ថាន ​បំណុល ​និង​អំពើ​ពុក​រលួយ ​បើ​ការ​កែ​លម្អ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​។

គោល​នយោបាយ​បរទេស​ដែល​​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​ ស៊ី ​ជីនភីង ​មាន​បំណង​ក្នុង​ការ​​បង្កើត​ឡើង​​វិញ​ផ្លូវ​សូត្រ​បុរាណ ​ដើម្បី​តភ្ជាប់​អាស៊ី​ទៅ​អឺរ៉ុប ​និង​អាហ្រ្វិ ​តាមរយៈ​ការ​​វិនិយោគ​ជា​ច្រើន​​លើ​គម្រោង​ផ្លូវ​សមុទ្រ​ ផ្លូវ​ថ្នល់ ​និង​ផ្លូវ​ដែក​​ ជាមួយ​នឹង​​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​ ដែល​ជា​ការ​​ផ្ដល់​ហិរញ្ញប្បទាន​ពី​ធនាគារ​​ចិន​។​

ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​ឲ្យ​ដឹង​ថា ​BRI ដែល​​មាន​អាយុ ​៦ ​ឆ្នាំ ​មក​ហើយ​នោះ ​គឺ​ជា​​ផែនការ​មួយ​ដើម្បី​​បង្កើន​ឥទ្ធិពល​លើ​​​ពិភព​លោក​របស់​ទីក្រុង​ប៉េកាំង​ ដែល​​ពោរពេញ​ដោយ​​កិច្ច​ព្រមព្រៀង​ដ៏​ពិបាក​យល់​ដែល​គាំទ្រ​​ក្រុមហ៊ុន​របស់​ប្រទេស​ ​ចិន ហើយ​នឹង​ដាក់​បន្ទុក​លើ​ប្រទេស​​នានា​ជាមួយ​នឹង​​បំណុល​ និង​ការ​​ខូចខាត​បរិស្ថាន​។​

របាយការណ៍ ​«សេដ្ឋកិច្ច​ខ្សែ​ក្រវាត់ ​និង​ផ្លូវ» ​របស់​ធនាគារ​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា ​គម្រោង​នេះ ​មាន «​សក្ដានុពល​ដើម្បី​កែ​​លម្អ​ពាណិជ្ជកម្ម​ ការ​វិនិយោគ​បរទេស និង​​លក្ខខណ្ឌ​រស់នៅ​ប្រកប​ដោយ​ស្ថិរភាព​» ប៉ុន្តែ​លុះត្រា​តែ​​ប្រទេស ចិន និង​បណ្ដា​ប្រទេស​ច្រករបៀង​​នានា​ធ្វើ​កំណែ​ទម្រង់​​គោល​នយោបាយ​ ដើម្បី​កែ​លម្អ​តម្លាភាព ​ពង្រីក​ពាណិជ្ជកម្ម និង​កាត់​បន្ថយ​ការ​ប្រឆាំង​នឹង​ហានិភ័យ​បរិស្ថាន​ និង​អំពើ​ពុក​រលួយ​។​

ខណៈ​ពាណិជ្ជកម្ម​នឹង​កើន​ឡើង​យ៉ាង​​ខ្លាំង ការ​ទទួល​បាន​​សក្ដានុពល​កំណើន​ នឹង​ស្របគ្នា​នឹង​​ហានិភ័យ​ដ៏​ធំ​​។​ នេះ​បើ​យោង​តាម​លោក​ស្រី​ Ceyla Pazarbasioglu អនុប្រធាន​ធនាគារ​​ពិភព​លោក​។​

របាយការណ៍​​​បាន​ប៉ាន់​ប្រមាណ​​ថា BRI នឹង​បង្កើន​ពាណិជ្ជកម្ម​ពី​ ​២,៨ ដល់ ​៩,៧ ​ភាគរយ ​សម្រាប់​​បណ្ដា​ប្រទេស​​ដែល​ចូលរួម​ និង​ចន្លោះ​ពី​ ១,៧ ​​ភាគរយ ​ ទៅ ​៦,២ ​ភាគរយ ​សម្រាប់​ពិភព​លោក​។​ ប៉ុន្តែ​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ​ប្រហែល​ជា ១ ​ភាគ ​៤ នៃ​​​ប្រទេស​ទាំង​នោះ​មាន​កម្រិត​បំណុល​ខ្ពស់​​រួច​ហើយ​ ហើយ​សម្រាប់​​ប្រទេស​ខ្លះ​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ «​​ភាព​ងាយ​ទទួល​រងគ្រោះ​រយៈពេល​មធ្យម​អាច​កើន​ឡើង​»។​

របាយការណ៍​នេះ ​បាន​​ឲ្យ​ដឹង​ថា ​គម្រោង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​ «​ត្រូវ​​ភ្ជាប់​ដោយ​ហានិភ័យ​» ដោយសារ​តែ​​គម្រោង​ទាំង​នោះ​អាច​បង្កើត​​ឲ្យ​មាន​​អំពើ​ពុក​រលួយ​ និង​​ការ​បរាជ័យ​លើ​លទ្ធកម្ម​សាធារណៈ​។​​

ទាំង​នេះ​ធ្វើ​​ឲ្យ​អាមេរិក​ ឥណ្ឌា​ និង​​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​សម្លឹង​មើល​ទៅ​គម្រោង​នេះ​ដោយ​ការ​​សង្ស័យ​។​

ការ​សិក្សា​របស់​ធនាគារ​​ពិភព​លោក​បាន​​រក​ឃើញ​ថា ​​ភាគ​ច្រើន​នៃ​កិច្ច​ព្រមព្រៀង​ BRI អនុវត្ត​ដោយ​ក្រុមហ៊ុន​ចិន​​។ ​របាយការណ៍​នេះ​ឲ្យ​ដឹង​ថា​ ជាង ​៦០ ​ភាគរយ នៃ​គម្រោង​ BRI ដែល​ផ្ដល់​មូលនិធិ​ដោយ​ប្រទេស ​ចិន ត្រូវ​បាន​លៃ​ទុក​ដើម្បី​​ក្រុមហ៊ុន​របស់​​ចិន​​។​

របាយការណ៍​​​បាន​ឲ្យ​ដឹង​ថា៖ ​«​តិចតួច​ណាស់​ត្រូវ​បាន​ដឹង​​អំពី​នីតិវិធី​សម្រាប់​ការ​ជ្រើសរើស​​ក្រុមហ៊ុន​ទាំង​នេះ»​។​ ធនាគារ​នេះ​បន្ត​ថា៖ «​ការ​ឆ្ពោះ​ទៅ​មុខ​ដើម្បី​អនុវត្ត​ល្អ​ជា​អន្តរជាតិ​ ដូច​ជា​​​លទ្ធកម្ម​សាធារណៈ​ប្រកប​ដោយ​ការ​បើក​ចំហ​ និង​​តម្លាភាព នឹង​បង្កើន​ជីវភាព​​រស់នៅ​​ដែល​គម្រោង BRI ត្រូវ​បាន​​បម្រុង​ទុក​ ដើម្បី​​ក្រុមហ៊ុន​ដែល​ជាប់​​ចំណាត់​ថ្នាក់​ល្អ​បំផុត​ជា​ច្រើន​ អនុវត្ត​គម្រោង​ទាំង​នេះ​»៕AFP/LA