ភ្នំពេញៈ កម្ពុជា​ និង​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​គ្នា​ដើម្បី​បន្ត​ការ​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​រួម​​របស់​អឺរ៉ុប​ ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​រយៈពេល ​១០ ​ឆ្នាំ​ទៀត​​។​ នេះ​បើ​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​។​

ក្នុង​ជំនួប​រវាង​លោក ​ឈៀង​ យ៉ាណា ​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា ​និង​អភិវឌ្ឍន៍​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ជាមួយ​លោក ​George ​Edgar ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃទី ​១១ មិថុនា​ ភាគី​ទាំង ​២ បាន​ពិភាក្សា​ពី​ការ​ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​រួម​ថ្មី​​របស់​​សហភាព​​អឺរ៉ុប​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​​កម្ពុជា សម្រាប់​រយៈពេល​មធ្យម ​៧ ​ទៅ ​១០ ​ឆ្នាំ​ទៀត ​ដោយ​ផ្តោត​លើ​ការ​អនុវត្ត​​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា ​និង​ការ​ចាក​ផុត​ពី​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​។ ​

សេចក្តី​ប្រកាស​ព័ត៌មាន ​បាន​ឲ្យ​ដឹង​ថា៖ ​«យុទ្ធសាស្ត្រ​រួម​ថ្មី​របស់​អឺរ៉ុប​នេះ​ នឹង​បន្ត​អនុវត្ត ​និង​ពង្រឹង​បន្ថែម​លើ​ភាព​ជោគជ័យ ​ដែល​សម្រេច​បាន​ដោយ​យុទ្ធសាស្ត្រ​អឺរ៉ុប​ឆ្នាំ​ ២០១៤​-​២០១៩»​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​សហភាព​អឺរ៉ុប​បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​​កម្ពុជា​ប្រហែល១ ១៣០ ​លាន​ដុល្លារ​សម្រាប់​កម្មវិធី​យុទ្ធសាស្ត្រ​រួម​​របស់​អឺរ៉ុប​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ ២០១៤​-​២០១៩ ​​ក្នុង​ចំនួន​ទឹក​ប្រាក់ ​៨១៨ ​លាន​ដុល្លារ​ ជា​ជំនួយ​ឥត​សំណង ​និង​​ ៣១១ ​លាន​ដុល្លារ ​ជា​កម្ចី​សម្បទាន​​​៕ ភ្នំពេញ ប៉ុស្តិ៍ /LA