ភ្នំពេញៈ ទិន្នន័យផ្លូវការពីក្រសួងទេសចរណ៍បានឲ្យដឹងថា ភ្ញៀវទេសចរបរទេសជិត ៤ លាននាក់បានមកទស្សនាប្រទេស កម្ពុជា ក្នុងរយៈពេល ៨ ខែដំបូងឆ្នាំនេះ កើនឡើង ១១,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនាំមុខដោយចំនួនភ្ញៀវទេសចរ ចិន និងវៀតណាម។

ទិន្នន័យរបស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថា មានភ្ញៀវទេសចរសរុប ៣៩៤៩ ៧៥៩ នាក់នាអំឡុងពេលនេះ ក្នុងនោះភ្ញៀវទេសចរចិនមានចំណែករហូតដល់ ៣២,៤ ភាគរយក្នុងចំណោមភ្ញៀវបរទេសទាំងអស់។

ចំនួននេះបង្ហាញកំណើនភ្ញៀវចិនមានកើនឡើងរហូតដល់ ៧២,២ ភាគរយ ស្មើនឹងជាង ១,២ លាននាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍។

ភ្ញៀវទេសចរមកពីវៀតណាមឈរលំដាប់ទី ២ ដែលមកទស្សនាកម្ពុជា គឺមានចំនួនសរុប ៥២៦ ២៨៦ នាក់ក្នុងរយៈពេល ៨ ខែឆ្នាំនេះ។

របាយការណ៍នេះ បានបង្ហាញថា លើកលែងតែភ្ញៀវទេសចរមកពីប្រទេស ចិន ការមកដល់ភ្ញៀវទេសចរបរទេសមកពីបណ្ដាប្រទេសផ្សេងទៀតត្រូវបានមើលឃើញថាមានការធ្លាក់ចុះនៅក្នុងអំឡុងពេលនេះ៕LA