​ភ្នំពេញៈ ​កម្ពុជា ​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​​ប្រ​ទេស​ ចិន ​នៅ​សប្ដាហ៍​ក្រោយ​ដើ​ម្បី​នាំ​ចូល​អំ​បិល​ចំ​នួន ៣០ ​០០០ ​​តោន​មក​កម្ពុជា​នៅ​​ចុង​ខែ​វិ​ច្ឆិ​កា​។ ​នេះ​បើ​​តាម​សហ​ប្រ​ធាន​ស​ហ​គមន៍​អ្នក​​ផលិត​អំ​បិល​ កែប ​កំពត​ (KKSPC)​។

​លោក ​លី ​សេង ​សហ​ប្រ​ធាន​ KKSPC​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញ​ថា ​ស​ហ​​គមន៍​នេះ​ទទួល​បាន​ការ​យល់​ព្រម​ពី​ក្រ​សួង​ឧស្សាហ​កម្ម​រួច​ហើយ​​កាល​ពី​​សប្ដាហ៍​មុន​ ដើ​ម្បី​​នាំ​ចូល​អំ​បិល​ពី​​ប្រ​ទេស​ ចិន​។​

​លោក​ឲ្យ​ដឹង​ថា ​ក្រុម​ការ​ងារ​របស់​​សហ​គមន៍​នេះ ​នឹង​ធ្វើ​ដំ​ណើរ​ទៅ​ប្រ​ទេស​ ចិន​ ហើយ​ការ​ចុះ​កិច្ច​ព្រម​​ព្រៀង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៥ ​ខែ​តុលា​។​

លោក​បន្ត​ថា ​យោង​តាម​​ផែន​ការ​នេះ ​អំ​បិល​ចំ​នួន​ ៣០ ​០០​០ ​តោន​ នឹង​ត្រូវ​បាន​បញ្ជូន​​មក​កម្ពុជា​នៅ​​ចុង​ខែ​វិច្ឆិកា​។​

​លោក​ថ្លែង​ថា​​៖ «​យើង​ទទួល​បាន​ការ​យល់​ព្រម​រួច​ហើយ​ពី​ក្រ​សួង​ឧស្សាហ​កម្ម ​សម្រាប់​ការ​នាំ​ចូល​អំ​បិល​ ៣០ ០០០ ​​តោ​ន​ នេះ​ជា​លើក​ទី ២ ​ហើយ​សម្រាប់​ការ​នាំចូ​ល​អំ​បិល​របស់​​កម្ពុជា​​»​។​

នេះ​ជា​លើក​ទី​ ២​ ហើយ​ដែល​​ប្រ​ទេស​ កម្ពុជា ​នាំ​ចូល​អំ​បិល​ពី​ប្រ​ទេស​​ ចិន​។​ កម្ពុជា​ធ្លាប់​បាន​ចំ​ណាយ​​ប្រាក់ ​២,២ ​លាន​ដុ​ល្លារ​​ក្នុង​ការ​នាំ​ចូល​អំ​បិល ​២០ ​០០០ ​​តោន​ពី​ប្រ​ទេស​ ចិន ​​កាល​​ពី​ឆ្នាំ ២​០០៩​។​

KKSPC ​បាន​ប្រ​កាស​កាល​ពី​ដើម​ឆ្នាំ​នេះ​ថា ​កម្ពុជា​មិន​អាច​ផលិត​អំ​បិល​គ្រប់​គ្រាន់ ដើ​ម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​​ក្នុង​ស្រុក​បាន​ទេ ​ដោយ​សារ​តែ​បញ្ហា​អា​កាស​ធាតុ​។

លោក ​លី ​សេង ​បាន​ឲ្យ​ដឹង​ថា ​ភ្លៀង​ធ្លាក់​ច្រើន​បាន​រា​រាំង​ដល់​ឧ​ស្សាហ​កម្ម​អំ​បិល ​ដែល​ធ្វើ​ឲ្យ​អ្នក​​ផលិត​អំ​បិល​​មិន​អាច​ប្រ​មូល​អំ​បិល​ពី​ស្រែ​អំ​បិល​នោះ​ទេ ហើយ​បាន​​បង្ខំ​​ឲ្យ​ឧស្សា​ហ​កម្ម​នេះ​ត្រូវ​នាំ​ចូល​ជា​លើក​ទី ២​។

​លោក​ថ្លែង​ថា​៖ «​យើង​សម្រេច​ចិត្ត​ជ្រើស​រើស​​ប្រ​ទេស​ ចិន ​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​សារ​តែ​វា​ជា​អំ​បិល​ធម្ម​ជាតិ​ និង​មាន​​គុណ​ភាព​ដូច​អំ​បិល​របស់​យើង​ យើង​ត្រូវ​ការ​ការ​នាំ​ចូល​អំ​បិល​មាន​គុណ​ភាព​ ដើ​ម្បី​ឆ្លើយ​តប​​ការ​ប្រើ​ប្រាស់​​ក្នុង​ស្រុក​»​។​ ​

លោក លី សេង​ ​បាន​ឲ្យ​ដឹង​ថា តម្លៃ​នៃ​កិច្ច​ព្រម​​ព្រៀង​នេះ​នឹង​ត្រូវ​បង្ហាញ​​នៅ​ថ្ងៃ​ចុះ​ហត្ថ​លេ​ខា។

កម្ពុជា​មាន​ស្រែ​អំ​បិល​ជាង​ ៤ ៦០០ ​ហិក​តា​ នៅ​ក្នុង​ខេត្ត​កំ​ពត​និង​ខេត្ត ​កែប​ ដោយ​មាន​កសិ​ករ​ធ្វើ​អំ​បិល​ជាង​ ២០០ ​គ្រួ​សារ​។ រដូវ​ប្រ​មូល​ផល​អំ​បិល​​មាន​រយៈ​ពេល​ចាប់​ពី​ខែ​មករា ​ដល់​ចុង​ខែ​មេ​សា​។​

ទិន្ន​ន័យ​ការ​ផលិត​អំ​បិល​របស់​​ខេត្ត​​ កំ​ពត និង​ខេត្ត​​ កែប បង្ហាញ​ថា កាល​ពី​ឆ្នាំ​មុន សហ​គមន៍​នេះ​​​ផលិត​អំ​បិល​​បាន​ ៣៣ ០០០ តោន​ និង​ជាង​ ១០ ម៉ឺន​ តោន​​​ពី​ឆ្នាំ ២០​១​៦​។​

បច្ចុ​ប្បន្ន​កម្ពុជា​នៅ​សល់​អំ​បិល​​​ប្រ​ហែល​ ៨ ០០០ ​តោន​ នៅ​ក្នុង​ស្ដុក​ ដែល​លក់​ចេញ​ទៅ​កាន់​ទី​ផ្សារ​ក្នុង​តម្លៃ​ ៧៥ ​ដុល្លារ​ក្នុង​ ១ ​តោន​ ​​ខ្ពស់​ជាង​​កាល​ពី​ឆ្នាំ​មុ​ន​ដែល​មាន​តម្លៃ​ ៥២ ​ដុល្លារ​ក្នុង​ ១ ​តោន​។​ នេះ​បើ​តាម​លោក លី សេង​។

​​

ឧ​ស្សាហ​កម្ម​អំ​បិល​របស់​កម្ពុជា រក​បាន​ប្រាក់​ចំ​ណូ​ល​​ប្រ​ហែល​ ២២ ​លាន​ដុ​ល្លារ​កាល​​​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​​ទិន្ន​ន័យ​​​ពី​​ក្រ​សួង​​ឧ​ស្សាហ​កម្ម​ និង​សិប្ប​កម្ម៕​LA