ភ្នំពេញៈ កម្ពុជា​ និង​ប្រ​ទេស​ នេ​ប៉ាល់​ បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ត​ភ្ជាប់​ផ្លូវ​អា​កាស​​រវាង​ប្រ​ទេស​ទាំង ២ ដែល​នឹង​អនុ​ញ្ញាត​ឲ្យ​មាន​ការ​ហោះ​ហើរ​​ចំ​នួន​ ១៤​ លើក​ក្នុង​ ១ ​សប្តាហ៍​សម្រាប់​ការ​ដឹក​ជញ្ជូន​អ្នក​ដំ​ណើរ។ នេះ​បើ​យោង​តាម​​អ្នក​នាំ​ពាក្យ​​​រដ្ឋ​លេ​ខា​ធិ​ការ​ដ្ឋាន​អា​កាស​ចរ​ស៊ី​វិល​កម្ពុ​ជា។

កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​​អំ​ឡុង​ដំ​ណើរ​ទស្សន​កិច្ច​របស់​លោក​​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន ទៅ​កាន់​ទី​ក្រុង​​កាត់​ថ្មាន់​ឌូ ប្រ​ទេស​ នេ​ប៉ាល់ រយៈ​​ពេល​ ៣ ​ថ្ងៃ​កាល​ពី​សប្តាហ៍​មុន និង​​ការ​​ចូល​រួម​កិច្ច​ប្រ​ជុំ​កំ​ពូល​អា​ស៊ីប៉ា​ស៊ី​ហ្វិក។

លោក ស៊ិន ចាន់​សិ​រី​វុត្ថា អ្នក​នាំ​ពាក្យ​​​នៃ​រដ្ឋ​លេ​ខា​ធិ​ការ​ដ្ឋាន​អា​កាស​ចរ​​ស៊ី​វិល បាន​ឲ្យ​ដឹង​ថា នេ​ប៉ាល់​ បាន​ក្លាយ​​ជា​ប្រ​ទេស​ទី​ ៤៥ ដែល​កម្ពុជា​​ចុះ​កិច្ច​ព្រម​ព្រៀង​បើក​ផ្លូវ​អា​កាស ​ខណៈ​កន្លង​មក​ភ្ញៀវ​​ដែល​ធ្វើ​ដំ​ណើរ​រវាង​ប្រ​ទេស​ទាំង​ ២ ភាគ​ច្រើន​ត្រូវ​ឆ្លង​កាត់​តាម​ប្រ​ទេស​ ថៃ​ ម៉ា​ឡេ​ស៊ី ឬ​សិង្ហ​បុរី​។

លោក ចាន់​សិ​រី​វុត្ថា បាន​និ​យាយ​ថា ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ឲ្យ​ក្រុម​ហ៊ុន​អា​កាស​ចរ​នា​នា​ធ្វើ​ការ​សិក្សា​ទី​ផ្សារ​ មុន​ពេល​ឈាន​ទៅ​បើក​ការ​ហោះ​ហើរ​ដោយ​ផ្ទាល់​ជា​មួយ​គ្នា។​

លោក​ថ្លែង​ថា៖ «​ការ​ហោះ​ហើរ​ត្រង់​រវាង​​ កម្ពុជា-​នេ​ប៉ាល់ វា​អា​ស្រ័យ​​​លើ​ទី​ផ្សារ បើ​ទី​ផ្សារ​ធំ​ មាន​អ​តិ​ថិ​ជន​ច្រើន គេ​អាច​ហោះ​ហើរ​រវាង​គ្នា​ដោយ​ផ្ទាល់ តែ​បើ​មិន​ដូ​ច្នោះ​ទេ គេ​អាច​ធ្វើ​ដូច​ជើង​ហោះ​ហើរ​រវាង​កម្ពុជា​ ជា​មួយ​ប្រ​ទេស​ កា​តា និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ដោយ​យន្ត​ហោះ​ត្រូវ​ចុះ​ចត​នៅ​ប្រ​ទេស​ណា​មួយ មុន​​បន្ត​​ដំ​ណើរ​មក​កម្ពុជា​»។​

លោក​បន្ត​ថា ការ​ហោះ​ហើរ​អាច​ចាប់​​ផ្តើម​នៅ​ ៣ ខែ​ក្រោយ បន្ទាប់​​ពី​មាន​ កិច្ច​ព្រម​ព្រៀង​។ ទោះ​បី​យ៉ាង​នេះ​ក្តី ​​អ្វី​ៗ​វា​អា​ស្រ័យ​ទៅ​លើ​ការ​ងារ​ជាក់​ស្តែង​ផង​ដែរ​ ពិ​សេស​បញ្ហា​ទី​ផ្សារ។

នេ​ប៉ាល់​ ជា​ប្រ​ទេស​ស្ថិត​នៅ​អា​ស៊ី​ខាង​​ត្បូង ដែល​មាន​ព្រំ​ប្រ​ទល់​ជាប់​ប្រ​ទេស​ធំ​ៗ​ ២ គឺ​ចិន និង​ឥណ្ឌា ដោយ​មាន​ប្រ​ជា​ជន​​ជិត ​៣០ ​លាន​នាក់​។

លោក​ស្រី ឆាយ ស៊ី​លីន ប្រ​ធាន​ស​មា​គម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា បាន​ស្វា​គមន៍​ចំ​ពោះ​ការ​​ត​ភ្ជាប់​ផ្លូវ​អា​កាស​ជា​មួយ​ប្រ​ទេស​ នេ​ប៉ាល់ ព្រោះ​វា​នឹង​អាច​ជួយ​ធ្វើ​ឲ្យ​វិ​ស័យ​ទេស​ចរណ៍​រវាង​ប្រ​ទេស​ទាំង​ ២ កាន់​តែ​មាន​​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​។

លោក​ស្រី​ថ្លែង​ថា៖ «​​បើ​ការ​ហោះ​ហើរ​ត្រង់​ចាប់​ផ្តើម​​នោះ​ នឹង​មាន​​វិ​និ​យោ​គិន​​​ទៅ​វិ​និ​យោគ​នៅ​ប្រ​ទេស​ទាំង​ ២ ​ ពិ​សេស​វិ​ស័យ​ទេស​ចរណ៍»។

កន្លង​មក​ស​មាគ​ម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា ក៏​ធ្លាប់​ធ្វើ​កិច្ច​ព្រម​ព្រៀង​​ជា​មួយ​សមា​គម​ទេស​ចរណ៍​​​នេ​ប៉ាល់​ផង​ដែរ ដើ​ម្បី​ជួយ​ផ្សព្វ​​​ផ្សាយ​ពី​ស​ក្តា​នុ​ពល​ និង​ទាក់​ទាញ​​ភ្ញៀវ​​ទេស​ចរ​ឲ្យ​ធ្វើ​ដំ​ណើរ​ទៅ​កម្សាន្ត​ប្រ​ទេស​ទាំង​ ២។

ការ​ធ្វើ​​ដំ​ណើរ​របស់​ប្រ​ជា​ជន​ខ្មែរ​ទៅ​ប្រ​ទេស​ នេ​ប៉ាល់ មិន​មាន​ចំ​នួន​ច្រើន​ទេ ដោយ​ការ​ធ្វើ​ដំ​ណើរ​ទៅ​ទី​នោះ​ភាគ​ច្រើន​ គឺ​ទៅ​​កន្លែង​​គោរព​ប្រតិ​បត្តិ​ព្រះ​ពុទ្ធ​សា​ស​នា​ និង​ខ្លះ​ទៀត​ទៅ​កម្សាន្ត​បែប ​ផ្សង​ព្រេង (Adventure)។ ចំ​ណែក​​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​នេ​ប៉ាល់​ មក​កម្ពុជា​ភាគ​ច្រើន​ក្នុង​គោល​បំ​ណង​ទេស​ចរណ៍។

របាយ​ការណ៍​របស់​រ​ដ្ឋ​លេ​ខា​ធិ​ការ​ដ្ឋាន​អា​កាស​ចរ​ស៊ី​វិល​ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែ​​កញ្ញា ឆ្នាំ​ ២០១៨ អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ទាំង​ ៣ របស់​កម្ពុជា​​ទទួល​បាន​កំ​ណើន​​ភ្ញៀវ​ទេស​ចរ​​​​ជាង​ ២១ ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៧​។

ទិន្ន​ន័យ​ផ្លូវ​ការ​ពី​ក្រ​សួង​ទេស​ចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល​ ៨ ​ខែ​ដំ​បូង​​ឆ្នាំ​ ២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​បរ​ទេស​ ៣៩៤៩,៧៥៩ នាក់​កើន​ឡើង ១១,៧ ​ភាគ​រយ​បើ​ធៀប​​​​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​នាំ​មុខ​ដោយ​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​ ចិន និង​វៀត​ណាម​។

តាម​ការ​ព្យា​ករ​នៅ​ឆ្នាំ ២០១៨ នេះ កម្ពុជា​នឹង​ទទួល​បាន​ទេស​ចរ​បរ​​ទេស​ប្រ​មាណ​ ៦,២ លាន​នាក់ នៅ​ឆ្នាំ​ ២០​២០ នឹង​ទទួល​បាន ​៧ ​លាន​នាក់ ខណៈ​ឆ្នាំ ២០៣០ នឹង​ទទួល​បាន​ទេស​ចរ​បរ​ទេស​ ១៤ លាន​នាក់៕​LA