ភ្នំពេញៈ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ជាង​ ២២ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ជិត​ ៤ ​ឆ្នាំ​គិត​ត្រឹម​ខែ​ ៨ ​ឆ្នាំ​ ២០១៩ ដែលមាន​គម្រោង​វិនិយោគ​ជាង​ ៨០០ ​គម្រោង​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

ទិន្នន័យ​បានបង្ហាញ​ថា​ចាប់ពី​ឆ្នាំ​ ២០១៦ មកទល់​ខែ​សីហា ឆ្នាំ​ ២០១៩ CDC បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ ៨៣១ គម្រោង​ដែល​មាន​ទុនវិនិយោគ​ជាង ២២,៥៦ ​ពាន់​លាន​ដុល្លារ​នាំមុខ​ដោយ​វិនិយោគិន​ក្នុង​ស្រុក និង​មកពី​ប្រទេស​ចិន​។

ទិន្នន័យ​បង្ហាញ​ថា​ឆ្នាំ​ ២០១៦ រដ្ឋាភិបាល​បាន​អនុម័ត​គម្រោង ១៧១ ស្មើនឹង​ទុនវិនិយោគ ៣,៦ ​ពាន់​លាន​ដុល្លារ​ឆ្នាំ​ ២០១៧ មាន​ចំនួន ១៨៣ គម្រោង​មាន​តម្លៃ ៦,៣ ​ពាន់​លាន​ដុល្លារ និង​ឆ្នាំ​ ២០១៨ មាន​ចំនួន ២៥៥ ​គម្រោង​ស្មើ​នឹង​ទុនវិនិយោគ ៦,៤ ​ពាន់​លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​រយៈពេល​ ៨ ​ខែ​ឆ្នាំ​ ២០១៩ នេះ CDC បាន​អនុម័ត​លើ​គម្រោង​ចំនួន ២២២ ដែល​មាន​តម្លៃ​ជាង​ ៦ ​ពាន់​លាន​ដុល្លារ​កើនឡើង​ចំនួន​ ៨១ ​គម្រោង​ស្មើនឹង​ទុនវិនិយោគ​ចំនួន ១,៨៨ ​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៨​។

ទិន្នន័យ​បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​ចំណោម​ទុនវិនិយោគ​សរុប​មាន ៤៤,៧ ភាគរយ​ជា​ការបណ្តាក់ទុន​ពី​វិនិយោគិន​ក្នុងស្រុក ៣៥,៣១ ​ភាគរយ​មកពី​ប្រទេស​ចិន ៧,៨៧ ​ភាគរយ​មកពី​ជប៉ុន ២,៩៩ ​ភាគរយ​មកពី​វៀតណាម ១,៨៥ ​ភាគរយ​មកពី​សិង្ហបុរី ១,៧៩ ​ភាគរយ​មកពី​កូរ៉េខា​ងត្បូង​ ១,៤៨ ​ភាគរយ​មកពី​ម៉ាឡេស៊ី ១,៣៦ ​ភាគរយ​មកពី​ថៃ ២,៤៦៤ ​ភាគរយ​ និង​មកពី​ប្រទេស​ផ្សេងៗ​។

ក្នុង​រយៈពេល​ខាងលើ​សកម្មភាព​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ភាពលេចធ្លោ​ជាងគេ​ដោយ​មាន​ចំណែក ៤៧ ​ភាគរយ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ ២៤ ​ភាគរយ វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល ២៣ ​ភាគរយ និង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​មាន​ ៦ ​​ភាគរយ​នៃ​ទំហំ​វិនិយោគ​សរុប​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ «​សក្តានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា​»​ ​ដែល​រៀបចំ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​លោក ជា វុទ្ធី អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​របស់ CDC លើកឡើង​ថា ស្ថិរភាព​នយោបាយ​ និង​កំណើន​សេដ្ឋកិច្ច​ ៧,៧ ​ភាគរយ​នា​រយៈពេល​ជាង ២ ​ទសវត្សរ៍​មកនេះ​បាន​ធ្វើឲ្យ​កម្ពុជា​ទទួល​បាន​នូវ​កំណើន​វិនិយោគ​ទាំង​ក្នុង​ស្រុក និង​ពី​បរទេស​។

លោក​បន្តថា​ជាមួយ​គ្នា​នេះ​កម្ពុជា​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ទ្វេភាគី​ស្តីពី​ការការពារ​វិនិយោគ​ជា​មួយ​ដៃគូ​មួយ​ចំនួន​ដែល​កិច្ចព្រមព្រៀង​ទាំងនោះ​ជា​កាតាលីករ​ជំរុញ និង​ទាក់ទាញ​អ្នកវិនិយោគ​ពី​បរទេស​បន្ថែម​ទៀត​មក​កម្ពុជា​។ គិត​មកដល់​ពេល​នេះ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការការពារ​វិនិយោគ​ជាមួយ​ប្រទេស​ដៃគូ​ចំនួន​ ២៩ ​ប្រទេស​។

លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ថ្មីៗ​នេះ​បាន​ប្រកាស​ដាក់ចេញ​នូវ​វិធានការ​ដ៏មុតស្រួច​ក្នុង​គោលដៅ​ដើម្បី​ធ្វើឲ្យ​កម្ពុជា​នៅតែ​មាន​សក្តានុពល​ក្នុង​ការប្រកួតប្រជែង​មាន​ភាពទាក់ទាញ និង​ធានា​បាន​ការនាំយក​នូវ​បច្ចេកវិទ្យា​ឧស្សាហកម្ម​ថ្មីៗ​តាមរយៈ​ការចូល​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​»​។

លោក​អះអាង​ថា​វិធានការ​ទាំងនោះ​មាន​ដូចជា​ការជួយ​សម្រួល​បែបបទ​ពាណិជ្ជកម្ម ការកាត់បន្ថយ​ឲ្យ​បាន​ជា​អតិបរមា​ទាក់ទង​ថ្លៃដើម​ផលិត និង​ការដឹកជញ្ជូន​ជាដើម​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​បន្ថែម​ទៀត​សម្រាប់​កំណើន​សកម្មភាព​វិនិយោគ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ជាង​ ៣ ​ឆ្នាំ​ចុង​ក្រោយនេះ​គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​។

គិត​ត្រឹម​ខែ​សីហា ឆ្នាំ​ ២០១៩ នៅ​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុងមាន​ប្រតិបត្តិការ​ចំនួន​ ២៣ ​តំបន់​ក្នុងនោះ​មាន​គម្រោង​វិនិយោគ​ចំនួន​ ៤៨២ ​គម្រោង​ដែល​មាន​ទុនវិនិយោគ​ជាង ៣,៦ ​ពាន់​លាន​ដុល្លារ ហើយ​ទំហំ​នៃ​ការនាំចេញ​ទំនិញ​ដែល​មាន​ប្រភពពី​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ប្រមាណ​ ១៥ ​ភាគរយ​នៃ​ទំហំ​ការនាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​លោក ជា វុទ្ធី​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយ​ថា ផ្អែក​តាម​ទិន្នន័យ​នេះ​គឺ​អាច​ឆ្លុះបញ្ចាំង​ពី​ភាពល្អប្រសើរ​នៃ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា ខណៈ​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ធ្វើ​កំណែទម្រង់​លើ​ច្បាប់ និង​បែបបទ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ជាច្រើន​។

លោក​បន្តថា ដោយសារ​កម្ពុជា​អាច​នឹង​មាន​ការបាត់បង់​ភាពអនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​នោះ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​មាន​គោលនយោបាល​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ និង​ធ្វើការ​កៀរគរ​ចំណូល​រដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​កំណើន​វិនិយោគ​ដែល CDC បង្ហាញ​នៅពេល​នេះ​កម្ពុជា​ក៏ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​ស្ថានភាព​នៃ​ការប្រែប្រួល​ការទទួល​បាន​ភាពអនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​ផងដែរ​»៕ LA