ក្រុងឌូបៃៈ កម្ពុជាបានស្នើឲ្យប្រទេស អេមីរ៉ាតអារ៉ាប់រួម វិនិយោគក្នុងវិស័យចំនួន ៤ របស់កម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកាលពីម្សិលមិញ។

វិស័យទាំង ៤ រួមមាន កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ការលើកឡើងនេះធ្វើឡើងក្នុងជំនួបពិភាក្សាមួយជាមួយលោកស្រី REEM Al Hashimy រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិក្នុងទីក្រុងឌូបៃ ខណៈលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើដំណើរទៅចូលរួមពិព័រណ៍ពិភពលោកឌូបៃ ឆ្នាំ ២០២០ ក្នុងទីក្រុងឌូបៃ។

លោករដ្ឋមន្ត្រីបានលើកឡើងពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលការណ៍លើកទឹកចិត្តផ្សេងៗ ដែលកម្ពុជាបានផ្តល់ជូនវិនិយោគិនបរទេស ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា៕ LA