ភ្នំពេញៈ ធនាគារ​កាណាឌីយ៉ា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមប្រឹក្សា​ទេសចរណ៍​សុខភាព​ម៉ាឡេស៊ី (MHTC) ដើម្បី​ផ្តល់​ឲ្យ​អតិថិជន​របស់​ធនាគារ​នេះ​នូវ​សេវា​ទេសចរណ៍​សុខាភិបាល​ដ៏គួរ​ឱ្យ​ទាក់ទាញ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

អ្នកស្រី Nik Yazmin Nik Azman នាយិកា​ផ្នែក​ប្រតិបត្តិការ​នៃ MHTC បាន​ឲ្យ​ដឹងថា តាមរយៈ​ការចុះ MoU នេះ ក្រុមប្រឹក្សា​ទេសចរណ៍​សុខភាព​ម៉ាឡេស៊ី នឹង​ផ្តល់នូវ​សេវា​ថែទាំ​សុខភាព​ដ៏ពិសេស​ដល់​ប្រជាជន​ខ្មែរ ពិសេស​អតិថិជន​របស់​កាណាឌីយ៉ា​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​។

អ្នកស្រី​បន្តថា បច្ចុប្បន្ន​ក្រៅពី​មាន​តំបន់​ទេសចរណ៍​ដ៏សម្បូរបែប​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​លាន​នាក់​រៀងរាល់​ឆ្នាំ សេវា​សុខភាព​នៅ​ម៉ាឡេស៊ី​ក៏បាន​និង​កំពុង​មាន​ភាពល្បីល្បាញ​ផងដែរ​។

អ្នកស្រី​ថ្លែងថា​៖ «​យើង​មាន​បំណង​អញ្ជើញ​អ្នកធ្វើ​ដំណើរ​ស្វែងរក​សេវាកម្ម​ថែទាំ​សុខភាព​ទាំងអស់​ឲ្យ​មក​ទទួល​យក​នូវ​បទពិសោធ​សេវាកម្ម​ថែទាំ​សុខភាព​ចាប់តាំងពី​ដើម​ដល់​ចប់​ប្រកបដោយ​ផាសុកភាព​នៅ​ប្រទេស​ម៉ាឡេស៊ី​»​។

ទោះបី​ជា​យ៉ាងណា អ្នកស្រី​មិន​បាន​លើកឡើង​លម្អិត​អំពី​របៀប​នៃ​ការផ្តល់សេវា​សុខភាព​ដែល​ស្ថិតក្រោម​កិច្ចព្រមព្រៀង​នេះឡើយ​។

ក្រុមប្រឹក្សា​ទេសចរណ៍​សុខាភិបាល​ម៉ាឡេស៊ី ជា​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដែល​ទទួលខុសត្រូវ​លើ​ការថែរក្សា​ការពារ​ស្ថានភាព​ទេសចរណ៍​សុខាភិបាល​របស់​ប្រទេស​។ ដោយ​បង្កើតឡើង​នៅ​ឆ្នាំ​ ២០០៩ MHTC មាន​ភារកិច្ច​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​របស់​តួអង្គ និង​អ្នកផ្គត់ផ្គង់​សេវាកម្ម​នៅក្នុង​វិស័យ​សុខាភិបាល​តាមរយៈ​ការជួយ​សម្របសម្រួល និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​សុខាភិបាល​ម៉ាឡេស៊ី​ឱ្យមាន​ការរីកចម្រើន​ស្ថិត​នៅក្រោម​ស្លាក​សញ្ញា «​វិស័យ​សុខាភិបាល​ម៉ាឡេស៊ី​» ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រទេស​ម៉ាឡេស៊ី​ក្លាយ​ជា​ទិសដៅ​ផ្ដល់​សេវាកម្ម​ថែទាំ​សុខភាព​លំដាប់​ពិភពលោក​ឈានមុខ​គេ​។

លោក Raymond Sia Say Guan នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា​បាន​លើកឡើង​ថា ក្រៅពី​មាន​ភារកិច្ច​ជួយ​ការពារ និង​ថែរក្សា​ទ្រព្យសម្បត្តិ​អតិថិជន ធនាគារ​កាណាឌីយ៉ា​តែងតែ​គិតគូរ​អំពី​សុខភាព​របស់​អតិថិជន​ជានិច្ច​។

លោក​ថ្លែងថា​៖ «​ធនាគារ​កាណាឌីយ៉ា ពិតជា​រីករាយ​ក្នុង​ការធ្វើ​ជា​ដៃគូ​ជាមួយនឹង​វិស័យ​សុខាភិបាល​ម៉ាឡេស៊ី ដើម្បី​ផ្ដល់ជូន​អតិថិជន​របស់​យើង​នូវ​កញ្ចប់​សេវាកម្ម​ទេសចរណ៍​សុខាភិបាល​ប្រកប​ដោយ​​គុណភាព​ខ្ពស់​»​។

លោក​បាន​បន្តថា ក្នុង​នាម​ជា​ធនាគារ​ឈានមុខ​មួយ​នៅ​កម្ពុជា ធនាគារ​កាណាឌីយ៉ា​បាន​ចូលរួម​ចំណែក​ជំរុញ​ការលើកកម្ពស់​ការរស់នៅ​របស់​ប្រជាជន​ប្រកប​ដោយ​សុខុមាលភាព ហើយ​ជឿថា​ប្រទេស​ម៉ាឡេស៊ី​មាន​ការផ្ដល់ជូន​នូវ​សេវាកម្ម​ថែទាំ​សុខភាព​ដ៏សម្បូរបែប​តាមរយៈ​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏ល្បី​លំដាប់​អន្តរជាតិ និង​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប គួបផ្សំ​ជាមួយ​នឹង​ទេសភាព​ធម្មជាតិ​ដ៏ស្រស់បំព្រង​។

លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​ដែល​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​ចុះ MoU នេះ​បាន​ថ្លែងថា បច្ចុប្បន្ន​ប្រទេស​ម៉ាឡេស៊ី គឺជា​កន្លែង​ដែលមាន​សេវា​សុខភាព​ឈានមុខ​គេ​លើ​ពិភពលោក​។ លោក​ថ្លែងថា​៖ «Mou នេះ​នឹង​ជួយ​បង្កើន​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​វិស័យ​សុខាភិបាល​រវាង​ប្រទេស​ម៉ាឡេស៊ី​»​។

លោក​បន្តថា បច្ចុប្បន្ន​មាន​អ្នកវិនិយោគ​ម៉ាឡេស៊ី​ជាច្រើន​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា ខណៈ​ចំនួន​ភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំង​ ២ មាន​ចំនួន​កើនឡើង​ជា​បន្តបន្ទាប់​។

ម៉ាឡេស៊ី ជាប់​ចំណាត់ថ្នាក់​ទី​ ៨ ក្នុងនាម​ជា​ប្រទេស​ដែលមាន​ភ្ញៀវទេសចរ​មក​ទស្សនា​កម្ពុជា​ច្រើន​ជាងគេ ដោយ​ក្នុង​រយៈពេល ៩ ​ខែ​ ឆ្នាំ​ ២០១៩ មាន​ចំនួន ១៣៨ ៣៧១ ​នាក់ កើនឡើង​ចំនួន ២,៣ ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ១៣៥ ៣០១ ​នាក់​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​៕ LA