ក្រុង​ដូហាៈ ប្រទេស កាតា កាល​ពី​ថ្ងៃ​ពុធ​​បាន​រិះគន់​​ប្រទេស​ ​​អេមីរ៉ាតអារ៉ាប់​រួម បន្ទាប់​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ (WTO) បាន​យល់ព្រម​ស៊ើប​អង្កេត​បណ្ដឹង​មួយ​ដែល​ដាក់​ដោយ​​​អេមីរ៉ាតអារ៉ាប់រួម ជុំវិញ​​ការ​ចោទ​ប្រកាន់​ពី​បទ​​​រឹត​បន្តឹង​​លើ​ទំនិញ​របស់​ខ្លួន​។​

អេមីរ៉ាតអារ៉ាប់រួម​ដែល​​បាន​ប្តឹង​​ទៅ​កាន់​​​គណៈកម្មការ​​​ដោះស្រាយ​វិវាទ​របស់​អង្គការ WTO ​​ រួម​ជាមួយ​ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត និង​សម្ព័ន្ធមិត្ត​​ក្នុង​តំបន់​​ផ្សេង​ទៀត កំពុង​អនុវត្ត​​ការ​​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ទាំង​ស្រុង​ទៅ​​លើ​​ប្រទេស ​កាតា។​

ប្លុក​ដែល​អនុវត្ត​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​​ដែល​ដឹកនាំ​ដោយ​​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​រួម​បញ្ចូល​​ទាំង​​​ប្រទេស ​បារ៉ែន និង​អេហ្ស៊ីប ​​ផង​ដែរ​នោះ ចោទ​ប្រកាន់​​ទីក្រុង​ដូហា​ពី​បទ​គាំទ្រ​ចលនា​អ៊ីស្លាម និងគាំទ្រ​ប្រទេស ​អ៊ីរ៉ង់ ពោល​គឺ​ជា​ការ​ចោទ​ប្រកាន់​​ដែល​​​កាតា​បាន​បដិសេធ​។​​

អង្គការ WTO បាន​ឲ្យ​ដឹង​​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​កាល​ពី​ថ្ងៃទី​ ២៨ ខែ ​មករា​ ឆ្នាំ ​២០១៩ ​អេមីរ៉ាតអារ៉ាប់រួម បាន​ស្នើសុំ​ឲ្យ​មាន​ការ​ប្រឹក្សាយោបល់​​​ជាមួយ​ប្រទេស ​កាតា​ ទាក់ទង​នឹង​វិធានការ​​ដែល​បាន​ដាក់​ដោយ​​​​កាតា ជាប់​ទាក់ទង​នឹង​ការ​នាំចូល ការ​ស្ដុក ការ​ចែកចាយ ការ​ធ្វើ​ទីផ្សារ ឬ​ការ​លក់​ទំនិញ​មក​ពី​​ប្រទេស អេមីរ៉ាតអារ៉ាប់រួម »។​​

ប្រទេស ​អេមីរ៉ាតអារ៉ាប់រួម ​បាន​​ឲ្យ​ដឹង​ថា វិធានការ​ដែល​ប្រទេស​របស់​ខ្លួន​កំពុង​​ប្រឈម «ទំនង​ជា​​មាន​ភាព​មិន​​ស្រប» ទៅ​នឹង​​កិច្ច​ព្រមព្រៀង​របស់​អង្គការ​ WTO។​

ប៉ុន្តែ​​កាល​ពី​ថ្ងៃ​ពុធ ប្រទេស ​កាតា ​​បាន​វាយ​ប្រហារ​តបត​វិញ​ ​ ដោយ​​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា៖ «​ការ​ឈឺ​ចាប់​ដែល​ទទួល​រង​ដោយ​​​​​ក្រុមហ៊ុន​នាំចេញ​របស់​ប្រទេស ​អេមីរ៉ាតអារ៉ាប់រួម» គឺ​ដោយសារ​តែ​វិធានការ​ពាណិជ្ជកម្ម​បង្ខិត​បង្ខំ​របស់​ប្រទេស ​អេមីរ៉ាតអារ៉ាប់រួម ដែល​បាន​​កំណត់​ទិសដៅ​​ប្រទេស ​កាតា និង​ប្រជាជន​កាតា​»។​

កាតា បាន​ចេញ​បញ្ជា​​ឲ្យ​គ្រប់​​ហាង​លក់​ទំនិញ​ទាំង​អស់​​ឈប់​​លក់​​​ទំនិញ​ដែល​មាន​ប្រភព​មក​ពី​​ក្រុម​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​​​​​អារ៉ាប៊ីសាអ៊ូឌីត។​

រដ្ឋាភិបាល​កាតា​​បាន​ប្រាប់​នៅ​​ពេល​នោះ​ថា​៖ «​ផលិតផល​ដែល​មាន​ប្រភព​មក​ចេញ​​ពី​រដ្ឋ​នានា​ដែល​បិទ​ផ្លូវ​គមនាគមន៍ [មិន​ឲ្យ​កាតា​ឆ្លង​កាត់] ដែល​​ជា​លទ្ធផល​នៃ​ការ​បិទ​​ផ្លូវ​នេះ ​បណ្ដាល​​ឲ្យ​មិន​អាច​ឆ្លង​កាត់​គយ​របស់​ក្រុម​ប្រឹក្សា​កិច្ច​សហ​ប្រតិបត្តិការ​ឈូង​សមុទ្រ​ពែក្ស​ (GCC) បាន​នោះ ត្រូវ​តែ​ឆ្លង​កាត់​ការ​ត្រួត​​​ពិនិត្យ​ការ​នាំចូល​ និង​នីតិវិធី​គយ​ត្រឹមត្រូវ»។​

កាតា​​បន្ត​ថា៖ «​​កាតា​ធ្វើ​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​ស្រប​ជាមួយ​​កិច្ច​ព្រមព្រៀង​ពហុភាគី និង​ទ្វេភាគី​ទាំង​អស់​របស់​ខ្លួន​»។​

កាតា​​កំពុង​សំដៅ​ទៅ​​​ក្រុម​ប្រឹក្សា​កិច្ច​សហ​​ប្រតិបត្តិការ​ឈូង​​សមុទ្រ​ពែក្ស ដែល​រួម​មាន​​ប្រទេស​ ​បារ៉ែន កូវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអ៊ូឌីត និង​​​អេមីរ៉ាតអារ៉ាប់រួម៕AFP/LA