ក្រុងដូហាៈ ប្រទេស​កាតា​នឹង​ចាកចេញ​ពី​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) នៅ​ខែ​ក្រោយ​នេះ ដើម្បី​ផ្តោត​ទៅ​លើ​ផលិតកម្ម​ឧស្ម័ន​។ នេះ​បើ​យោងតាម​ការប្រកាស​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ដោយ​លោក Saad al-Kaabi រដ្ឋមន្ត្រី​ក្រសួង​ថាមពល​របស់​ប្រទេស​ក្នុង​ឈូងសមុទ្រ​ពែក្ស​មួយ​នេះ​។

ប្រទេស​កាតា ជា​សមាជិក​របស់​អង្គការ OPEC ចាប់​តាំងពី​ឆ្នាំ ១៩៦១ មក​ម្ល៉េះ ហើយ​ការសម្រេចចិត្ត​ដក​ខ្លួន​ចេញ​បន្ទាប់ពី​ចូលរួម​ជាមួយ​អង្គការ​នេះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​កើត​មានឡើង​ក្នុង​គ្រា​ដែល​មាន​ការ​រង្គោះរង្គើ​នយោបាយ​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្ស​ជាមួយ​សម្ព័ន្ធមិត្ត​ជិត​ខាង​របស់​ខ្លួន​អស់​រយៈពេល ១៨ ខែ​រួម​ទាំង​អារ៉ាប៊ីសាអ៊ូឌីត​ផង​ដែរ​។

លោក Kaabi ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ដូហា​ថា​៖ «​ប្រទេស​កាតា​បាន​សម្រេច​ចិត្ត​ដក​សមាជិកភាព​របស់​ខ្លួន​ចេញ​ពី​អង្គការ OP-EC ដែល​នឹង​ចូល​ជា​ធរមាន​គិត​ចាប់ពី​ខែ​មករា ឆ្នាំ​ ២០១៩ តទៅ ហើយ​ការសម្រេច​ចិត្ត​នេះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​​អង្គការ OPEC នៅ​ព្រឹក​នេះ [​ព្រឹក​ថ្ងៃ​ចន្ទ​]»​។

លោក Kaabi ដែល​ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ប្រេង Qatar Petroleum របស់​រដ្ឋ​បាន​បដិសេធ​ថា ការសម្រេច​ចិត្ត​នេះ​ជាប់​ទាក់ទង​ទៅ​នឹង​ជម្លោះ​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។

លោក​ថ្លែង​ថា​ការសម្រេច​ចិត្ត​នេះ​គឺជា «​បច្ចេកទេស​ និង​យុទ្ធសាស្ត្រ​» ហើយ​មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បិទ​ផ្ទប់​កាតា​នោះ​ទេ​។

លោក Kaabi បាន​ឲ្យ​ដឹង​ថា ប្រទេស​កាតា​នឹង​បន្ត​ផលិត​ប្រេង​ និង​ស្វែងរក​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​មួយ​ចំនួន​រួម​ទាំង​ប្រទេស​ប្រេស៊ីល​ដែល​ជា​ប្រទេស​ផលិត​ប្រេង​ធំៗ​នៅ​អាមេរិក​ឡាទីន​ផង​ដែរ​។

ប៉ុន្តែ​ទោះបី​ជា​មាន​ការបដិសេធ​របស់​ប្រទេស​កាតា​ថា​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ក៏ដោយ ក៏​អ្នក​វិភាគ​មួយ​ចំនួន​បាន​ចាត់ទុក​ថា​វា​ជា «​ការសម្រេច​ចិត្ត​បែប​នយោបាយ​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​»​។

លោក Thierry Bros អ្នក​ស្រាវជ្រាវ​មកពី​វិទ្យាស្ថាន​សិក្សា​ថាមពល Oxford Institute for Energy Studies ថ្លែង​ថា អារ៉ាប៊ីសាអ៊ូឌីត សហរដ្ឋ​អាមេរិក និង​រុស្ស៊ី ជា​ប្រទេស​ផលិត​ប្រេង​ដ៏ធំ​បំផុត​។ លោក​ថ្លែង​ថា​៖ «​ដូច្នេះ​តើ​វា​ពិតជា​មាន​តម្លៃ​ទេ ដែល​នរណា​ម្នាក់​ដូច​ប្រទេស​កាតា​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វីយែន ដើម្បី​ជួប​ជាមួយ​នរណា​ម្នាក់​ដែល​នឹង​ដឹកនាំ​កិច្ចប្រជុំ​នោះ ហើយ​តើ​នរណា​ជា​សត្រូវ​របស់​អ្នក​?»​។

លោក​បាន​បន្ថែម​ថា​៖ «​នៅ​ទីបញ្ចប់​ប្រហែល​ជា​អ្នក​អាច​ធ្វើ​បាន​ដោយ​គ្មាន​វា​»​។

លោក Kaabi បាន​ថ្លែង​ថា​ផលិតកម្ម​ឧស្ម័ន​នឹង​នៅ​តែ​ជា​អាទិភាព​កំពូល​សម្រាប់​កាតា​ដែល​ជា​ប្រទេស​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ LNG ធំ​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​។

លោក Kaabi បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​យើង​មិន​មាន​សក្តានុពល​ច្រើន (​នៅក្នុង​ប្រេង​) ទេ យើង​ពិតជា​មាន​ភាពប្រាកដនិយម​។ សក្តានុពល​របស់​យើង​គឺ​ឧស្ម័ន​»៕ NS