ក្រុង​ដូហាៈ ប្រទេស​ កាតា ដែល​សម្បូរ​ប្រភព​ថាមពល​ និង​​​​ស្ថិត​ក្រោម​ការ​រារាំង​ដោយ​​ប្រទេស​ជិត​ខាង​នៅ​ឈូង​សមុទ្រ​​​ពែក្ស​​របស់​ខ្លួន បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​គ្រោង​នឹង​វិនិយោគ​​​បន្ថែម ២០ ​ពាន់​លាន​ដុល្លារ​​​លើ​វិស័យ​ថាម​ពល​របស់​អាមេរិក​​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំ​ក្រោយ​។​

លោក Saad al-Kaabi ទេស​រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​​កិច្ច​ការ​​ថាម​ពល និង​ជា​អគ្គ​នាយក​ក្រុមហ៊ុន Qatar Petroleum របស់​ប្រទេស​ កាតា ​បាន​ប្រាប់​សន្និសីទ​នៅ​ទី​ក្រុង​ដូហា​ថា ​ប្រទេស​​ឈូង​សមុទ្រ​មួយ​នេះ​ កំពុង​ស្វែង​រក​ការ​វិនិយោគ​​លើ​វិស័យ​ប្រេង​ និង​ឧស្ម័ន​របស់​អាមេរិក​ ព្រម​ទាំង​​ធនធាន​មិន​ទាន់​រុករក​​ជា​ច្រើន​ទៀត​ផង​ដែរ។​

លោក​ Kaabi បាន​ប្រាប់​វេទិកា​មួយ​​នៅ​ទី​ក្រុង​ដូហា​ថា​៖ «​ទឹក​ប្រាក់​ ២០ ​ពាន់​លាន​ដុល្លារ​ នឹង​​ត្រូវ​វិនិយោគ​​ក្នុង​ពេល ​៥ ​ឆ្នាំ​ក្រោយ​​នៅ​អាមេរិក​​ក្នុង​គម្រោង​ផ្សេង​ៗ​គ្នា​»​។​

លោក​បាន​​ឲ្យ​ដឹង​ថា ទិសដៅ​កំណត់​ដ៏​សំខាន់​របស់​ប្រទេស​ កាតា នឹង​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នៃ ស្ថានីយ​ Golden Pass LNG ដែល​ជា​រោងចក្រ​ផលិត​ឧស្ម័ន​ធម្មជាតិ​​មាន​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​នៅ​រដ្ឋ​តិចសាស។​

លោក​ថ្លែង​ថា​៖ «​យើង​កំពុង​គិត​អំពី​ការ​ធ្វើ​ឲ្យ​គម្រោង​នេះ​ដំ​ណើរ​ការ​​ឆ្ពោះ​ទៅ​មុខ​ជា​មួយ​ដៃគូ​របស់​យើង​»​។ លោក​បន្ថែម​ថា ការ​សម្រេច​ចិត្ត​ចុងក្រោយ​​លើ​បញ្ហា​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​​ក្នុង​រយៈ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។​

ក្រុមហ៊ុន​ Qatar Petroleum គ្រប់គ្រង​ ៧០ ភាគរយ​នៃ​គម្រោង​នេះ​ ហើយ​ក្រុមហ៊ុន ExxonMobil និង​ក្រុមហ៊ុន ConocoPhillips ​គ្រប់គ្រង​ភាគ​ហ៊ុន​ដែល​នៅ​សល់​។​

លោក​ Kaabi បាន​បន្ត​ថា ការ​​ផលិត​ឧស្ម័ន​ធម្មជាតិ​ (LNG) របស់​ប្រទេស​ កាតា នឹង​កើន​​ ១៦ ​លាន​តោន​ប្រចាំ​​ឆ្នាំ ដោយ​មាន​បំណង​បង្កើន​ដល់ ១១០ លាន​តោន​​ក្នុង​ ១ ​ឆ្នាំ​​ក្នុង​រយៈ​ពេល ​៥ ឆ្នាំ​។​

ក្រុមហ៊ុន​ Qatar Petroleum កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​​ក្រុមហ៊ុន Eni របស់​ប្រទេស​ អីុតាលី ដើម្បី​ទិញ​ភាគហ៊ុន​ ៣៥ ភាគរយ​​នៅ​​ក្នុង​ប្លុក​ប្រេង​នៅ​សមុទ្រ​ចំនួន ​៣ ក្នុង​​ប្រទេស ​ម៉ិកស៊ិក​ ក្នុង​ការ​វិនិយោគ​ដ៏​ធំ​លើក​ទី ២ របស់​ប្រទេស​ កាតា ​​នៅ​ប្រទេស​​ អាមេរិក ​​ខាង​ជើង​មួយ​នេះ​ក្នុង​​ឆ្នាំ ២០១៨។​

កិច្ច​ព្រមព្រៀង​នេះ​នឹង​អភិវឌ្ឍ​​ការ​ផលិត​​​ប្រេង​​​ក្នុង​អណ្ដូង​រ៉ែ​ទាំង ៣ កន្លែង​នេះ​ដល់​ប្រហែល ៩០ ០០០ បារ៉ែល​​ក្នុង​ ១ ថ្ងៃ​ក្នុង​ឆ្នាំ ២០២១​។​

ប្រទេស​ កាតា បាន​ប្រកាស​កាល​ពី​ដើម​ខែ​នេះ​ថា ខ្លួន​នឹង ដក​ខ្លួន​ចេញ​ពី​អង្គ​ការ OPEC ពោល​គឺ​​ជា​​ការ​សម្រេច​ចិត្ត​​មួយ ដែល​​លោក Kaabi បាន​ឲ្យ​ដឹង​ថា ​មិនមែន​ជា «នយោបាយ​» នោះ​ទេ​៕ AFP/LA