ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​អាទិត្យ​បាន​បង្ក​ឲ្យ​មាន​មន្ទិលសង្ស័យ​បន្ថែម​ទៀត​លើ​ឱកាស​ក្នុង​ការសម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​ប៉េកាំង ដោយ​បាន​បង្ហាញថា លោក​អាច​លុបចោល​ការចរចា​នានា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា​ក្នុង​គ្រា​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​កំពុង​ឡើង​កម្តៅ​។

លោក ត្រាំ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​សេតវិមាន​មុន​ពេល​ធ្វើ​ដំណើរ​ទៅកាន់​ព្រឹត្តិការណ៍​រៃអង្គាសប្រាក់​ក្នុង​ទីក្រុង​ញូវយ៉ក​ថា​៖ «​យើង​នឹង​មើលឃើញ​ថា តើ​យើង​រក្សាទុក​កិច្ចប្រជុំ​របស់​យើង​នៅ​ខែ​កញ្ញា​ឬ​អត់​?»​។

ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​បាន​ប្រែក្លាយ​ជា​ជូរចត់​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ បន្ទាប់ពី​លោក ត្រាំ បាន​ប្រកាស​វិធានការ​ដក​ហូត​ពន្ធ​ពិន័យ​ជុំ​ថ្មី​មួយ​លើ​ទំនិញ​របស់​ចិន បើ​ទោះ​ជា​មាន​កិច្ចព្រមព្រៀង​ឈប់​ដកហូត​ពន្ធ​ដែល​បាន​ព្រមព្រៀង​គ្នា​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនភីង កាលពី​ខែ​ឧសភា​ក្តី ហើយ​ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​វិញ​ជាមួយ​ការផ្អាក​ទិញ​ទំនិញ​កសិកម្ម​របស់​អាមេរិក​ទាំងអស់​។

ក្រសួង​រតនាគារ​អាមេរិក​ក្រោយ​មក​បាន​ប្រកាស​ថា ចិន​គឺជា​ប្រទេស​គ្រប់គ្រង​តម្លៃ​រូបិយប័ណ្ណ បន្ទាប់ពី​ប្រាក់​យន់​បាន​បាត់បង់​តម្លៃ​ខ្លាំង​ក្នុង​គ្រា​ដែល​ជុំ​ថ្មី​មួយ​នៃ​ការដក​ហូត​ពន្ធគយ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១ ខែ​កញ្ញា​។

លោក ត្រាំ បាន​ថ្លែង​ទៀត​ថា​៖ «​យើង​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​នឹង​មើលឃើញ​អ្វី​ដែល​នឹង​កើតឡើង​។ យើង​មាន​សន្លឹក​បៀ​គ្រប់​ក្នុង​ដៃ​។ យើង​កំពុង​ធ្វើ​បាន​ល្អ​»៕AFP/KC