ក្រុងវ៉ាស៊ីនតោនៈ ការចាប់ខ្លួនលោក Richard Liu ដែលមហាសេដ្ឋកិច្ចបច្ចេកវិទ្យាចិន និងជាស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញ JD.com កាលពីសប្តាហ៍មុននៅសហរដ្ឋអាមេរិក បានកើតចេញពីការចោទប្រកាន់ពីរំលោភសេពសន្ថវៈ។
លោក Liu ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ បន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃសុក្រ ហើយបានវិលត្រលប់ទៅប្រទេសចិនវិញ។
ក្រុមហ៊ុន JD.com ដែលលោក Liu បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ គឺជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចមួយក្នុងប្រទេសចិន និងជាដៃគូចម្បងរបស់ក្រុមហ៊ុន Alibaba។
កាសែត The Journal បានថ្លែងថា អាជ្ញាធរក្នុងរដ្ឋមីណេសូតា កំពុងស៊ើបអង្កេតលើបណ្តឹងមួយប្រឆាំងនឹងលោក Liu ដែលដាក់ដោយនិស្សិតស្រ្តីម្នាក់មកពីប្រទេសចិន។
លោក Lie អាយុ ៤៥ ឆ្នាំបានស្ថិតនៅក្នុងរដ្ឋនេះសម្រាប់ផ្នែកមួយនៃកម្មវិធីសិក្សារថ្នាក់បណ្ឌិតមួយជំនាញរដ្ឋបាលពាណិជ្ជកម្ម ដែលផ្តល់ដោយសាកលវិទ្យាល័យមីណេសូតា។
កាសែត The Journal បានរាយការណ៍ទៀតថា ការិយាល័យមេធាវីប្រចាំខោនធី Hennepin បានឲ្យដឹងថា ព្រះរាជអាជ្ញាកំពុងរង់ចាំការដាក់ជូនសំណុំរឿងពីក្រុមអ្នកស៊ើបអង្កេតរបស់នគរបាលមុនពេលសម្រេចថាតើត្រូវចោទប្រកាន់លោក Liu ឬយ៉ាងណា។
នគរបាលរដ្ឋមីណេសូតា មិនអាចទាក់ទក់សុំការអត្ថាធិប្បាយបានទេ។
មន្ទីរនគរបាលប្រចាំទីក្រុងមីណេអាប៉ូលីកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា ការស៊ើបអង្កេតនៅតែធ្វើឡើង ប៉ុន្តែនឹងមិនផ្តល់ព័ត៌មានលម្អិតអំពីការចាប់ខ្លួន ឬចោទប្រកាន់ប្រឆាំងលោក Liu ឡើងយ៕ AFP/KC