ភ្នំពេញៈ​ ការ​នាំ​ចេញ​កៅ​ស៊ូ​របស់​កម្ពុជា​​បាន​កើន​ឡើង​ ២២ ​ភាគ​រយ​ ក្នុង​អំ​ឡុង​ ៩ ខែ​ដំ​បូង​ឆ្នាំ​នេះ​ ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន​។ ​នេះ​បើ​​​តាម​តួ​លេ​ខ​បាន​ពី​ក្រ​សួង​កសិ​កម្ម​។​

លោក ​ប៉ុល ​សុ​ផា ​​អគ្គ​នា​យក​​​នៃ​អគ្គ​នា​យក​ដ្ឋាន​កៅ​ស៊ូ​ នៅ​ក្រ​សួង​កសិ​កម្ម​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ផលិត​​ក្នុង​ស្រុក​ បាន​​នាំ​ចេញ​កៅ​ស៊ូ​ ១៤០-​​៣០៣ ​តោន ​ក្នុង​អំ​ឡុង​ពេល​នេះ​​កើន​ឡើង​ ២៥ ​២៤០ ​តោន​ ធៀប​នឹង​ឆ្នាំ​មុន​។

លោក​ សុផា ​បាន​បញ្ជាក់​ថា ​តម្លៃ​​កៅ​ស៊ូ​បន្ត​ធ្លាក់​ចុះ​ ១៨ ​ភាគ​រយ​ក្នុង​អំ​ឡុង​ពេល​នេះ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ​មក​នៅ​ត្រឹម ១ ៣​៦៨ ​ដុល្លារ​ក្នុង​ ១ ​តោន។​ តម្លៃ​នេះ​ក៏​​​ធ្លាក់​ចុះ​​ពី ​១ ៤៣៤ ​ដុល្លារ​ក្នុង ​១ ​តោន​​ធៀប​នឹង​ឆ​មាស​ទី​ ១ ​ឆ្នាំ​នេះ​ផង​ដែរ​​​​។​

លោក​ ប៉ុល​ សុផា ​បាន​​ឲ្យ​ដឹង​ថា ​ការ​កើន​ឡើង​ការ​នាំ​ចេញ​គឺ​ដោយ​សារ​ការ​ផលិត​របស់​កម្ពុជា​កាន់​តែ​ខ្ពស់​ ហើយ​ការ​ធ្លាក់​ចុះ​តម្លៃ​ជា​និ​ន្នា​ការ​ទី​ផ្សា​រ​អន្តរ​ជាតិ​។ ​ប៉ុន្តែ​លោក​រំពឹង​ថា ​តម្លៃ​នឹង​​កើន​ឡើង​នៅ​ ២-៣ ឆ្នាំ​​ក្រោយ​ផ្អែក​តាម​ទី​ផ្សារ​អន្តរ​ជាតិ​នេះ​។​ ​

លោក​ថ្លែង​ថា​៖ «​ដោយ​សារ​តែ​ការ​ព្យា​ករ​តម្លៃ​ទី​ផ្សារ​អន្ត​រជាតិ​ តម្លៃ​កៅ​ស៊ូ​នឹង​កើន​ឡើង​​នៅ​រយៈ​ពេល​ ២-៣ ឆ្នាំ​ក្រោយ​ ទោះ​បី​ជា​​តម្លៃ​បច្ចុ​ប្បន្ន​ ទាប​ជាង​​កាល​ពី​​ឆ្នាំ​មុន​ក៏​ដោយ​ ប៉ុន្តែ​វា​នៅ​តែ​​មិន​ប៉ះ​ពាល់​​ដល់​វិ​ស័យ​កសិ​​ឧស្សា​ហ​កម្ម​នេះ​ទេ​ ខណៈ​ដែល​អា​ជីវ​កម្ម​​​កៅ​ស៊ូ​​គ្រួ​សារ​ នៅ​តែ​ទទួល​បាន​ប្រាក់​ចំ​ណេញ​​។

លោក​បន្ត​ថា​៖ «​ការ​ដាំ​ដុះ​កៅ​ស៊ូ​នៅ​តែ​ជា​ដំ​ណាំ​​មាន​សក្ដា​នុ​ពល​នៅ​កម្ពុជា ​ហើយ​​​មិន​មាន​ហា​និ​ភ័យ​ច្រើន​ដូច​​ដំ​ណាំ​ផ្សេង​ទៀត​នោះ​ទេ​»​។​

លោក ​សុ​ផា ​ឲ្យ​ដឹង​ថា ​ផ្ទៃ​ដី​​ដាំ​ដុះ​កៅ​ស៊ូ​សរុប​ នឹង​កើន​ឡើង​ដល់​ ៤៥០ ​០០០ ​ហិក​តា​​ក្នុង​ឆ្នាំ​ ២០២៥​។ នៅ​ពេល​នេះ​​កម្ពុជា​ មាន​ផ្ទៃ​ដី​ដាំ​ដុះ​កៅ​ស៊ូស​រុប​ ៤២៧​ ០០០ ​ហិក​តា​ ក្នុ​ង​​ចំ​ណោម​នោះ​ ២០១ ​០​០​០ ​ហិក​តា​អាច​ប្រ​មូល​​ផល​​បាន​។​

លោក​បន្ថែម​ថា​ រដ្ឋា​ភិ​បាល​ក៏​កំ​ពុង​ស្ថិត​លើ​ការ​ពិ​ចា​រណា​ ក្នុង​ការ​​​ជួយ​សម្រួល​ការ​ទូ​ទាត់​ពន្ធ​ ដើ​ម្បី​ផ្ដល់​លក្ខ​ខណ្ឌ​កាន់​តែ​ប្រ​សើរ​ ដល់​​ក្រុម​ហ៊ុន​ផលិត ​និង​ក្រុម​ហ៊ុន​នាំ​ចេញ​ក្នុង​ស្រុក​ផង​ដែរ​​។​

លោក ​ម៉ែន ​សុ​ភក្ដិ​ ប្រ​ធាន​សមា​គម​អភិ​វឌ្ឍន៍​កៅ​ស៊ូ​​​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​តម្លៃ​បច្ចុ​ប្បន្ន​​មិន​ផ្ដល់​ប្រាក់​ចំ​ណេញ​សម្រាប់​ក្រុម​ហ៊ុន​ផលិត​នោះ​ទេ​។​

លោក​ថ្លែង​ថា​៖ «​វា​​មិន​មាន​ជម្រើស​នោះ​ទេ ​កៅ​ស៊ូ​ត្រូវ​តែ​លក់​ចេញ​ ទោះ​បី​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ដោយ​សារ​តែ​មិន​​មាន​រោង​ចក្រ​​ផលិត​ ផលិត​ផល​សម្រេច​»។

ឧស្សាហ​កម្ម​កៅ​ស៊ូ​របស់​កម្ពុជា​ក៏​​​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​​ការ​រីក​រាល​ដាល​ការ​រត់​ពន្ធ​​នៅ​តាម​ព្រំ​ដែន​ទៅ​វៀត​ណាម​ផង​ដែរ។

ប្រ​ទេស​ កម្ពុជា រក​​ប្រាក់​ចំ​ណូល​ប្រ​ហែល ៣​០០ លាន​ដុ​ល្លារ​​ពី​​ការ​នាំ​ចេញ​កៅ​ស៊ូ​ជិត​ ១៨៩ ០០០ តោន​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​របាយ​ការណ៍​។ ​កំ​ណើន​នេះ​​​ត្រូវ​បាន​ជំ​រុញ​ដោយ​កំ​ណើន​តម្លៃ​ ដែល​បាន​​កើន​ឡើង​​ដល់ ១ ៥៨៦ ដុ​ល្លារ​​កាល​ពី​ឆ្នាំ​មុន ធៀប​នឹង​ ១​​ ២៨៣​ ដុ​ល្លា​រ​​កាល​ពី​ឆ្នាំ​ ២០១៦​។​

លោក ​អ៊ុំ ​យិន​ ប្រ​ធាន​​សមា​គម​​​​កៅ​ស៊ូ​គ្រួ​សារ​មេ​ម​ត់ បាន​ឲ្យ​ដឹង​ថា ​តម្លៃ​បច្ចុប្ប​ន្ន​​​គឺ​ជា​តម្លៃ​ដែល​អាច​​រស់​បាន​ ប៉ុន្តែ​វា​​មិន​បាន​ផ្តល់​​​ប្រាក់​ចំ​ណេញ​ច្រើន​នោះ​ទេ​។​

លោក​ថ្លែង​ថា៖ «​​យើង​អាច​ដោះ​ស្រាយ​សម្រាប់​​តម្លៃ​នៃ​ការ​ផលិត​ តែ​វា​​មិន​ផ្តល់​ជា​​ប្រាក់​ចំ​ណេញ​ច្រើន​សម្រាប់​ពួក​​យើង​នោះ​ទេ តម្លៃ​នេះ​គ្រាន់​តែ​ផ្ដល់​ឲ្យ​រស់​តែ​ប៉ុណ្ណោះ យើង​​មិន​មាន​ជម្រើស​ក្រៅ​ពី​ធ្វើ​ជា​កសិ​ករ​កៅ​ស៊ូ​នោះ​ទេ​»៕​LA