ភ្នំពេញៈ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ប្រទេស កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីប្រហែល ២០២ ៣១៨ តោនកាលពីឆ្នាំមុនទៅទីផ្សារបរទេសកើនឡើងជិត ១០០ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួនប្រហែល ១០១ ៩៧៣ តោន។
លោក ខាន់ សំបាន ប្រធាននាយកដ្ឋានកសិឧស្សាហកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការនាំចេញសរុបបង្ហាញពីកំណើនដ៏រឹងមាំ ដោយសារតែក្រសួងបានកាត់បន្ថយភាពស្មុគស្មាញមួយចំនួននៃបែបបទនាំចេញ ហើយគ្រាប់ស្វាយចន្ទីបានកែលម្អស្ដង់ដា។ លោកបានបន្តថា៖ «យើងមើលឃើញថា គ្រាប់ស្វាយចន្ទីរបស់យើងមានរសជាតិ និងគុណភាពល្អ ដូច្នេះយើងមានតម្រូវការកាន់តែច្រើនពីប្រទេសក្រៅ»។
លោករំពឹងថា តម្លៃគ្រាប់ស្វាយចន្ទីត្រូវបានលក់ប្រហែល ៥ ០០០ ឬ ៦ ០០០ រៀល ក្នុង ១ គីឡូក្រាម នៅដើមរដូវប្រមូលផលនៅឆ្នាំនេះ។ លោកបន្តថា៖ «យើងបានមើលឃើញទិន្នផលគ្រាប់ស្វាយចន្ទីកើនឡើងដោយសារតែការដាំដុះកើនឡើង»។ របាយការណ៍បានពីក្រសួងបង្ហាញថា ទិសដៅនាំចេញគ្រាប់ស្វាយចន្ទីសំខាន់ៗរបស់កម្ពុជាគឺប្រទេសវៀតណាម រុស្ស៊ី កូរ៉េខាងត្បូង ចិន ប៉េរូ មីយ៉ាន់ម៉ា ឥណ្ឌា អូស្ដ្រាលី កោះតៃវ៉ាន់ សិង្ហបុរី និងម៉ាឡេស៊ី។
ផ្ទៃដីសរុបនៃការដាំដុះស្វាយចន្ទី គឺ ១៤៩ ៦៦០ ហិកតា ទូទាំងប្រទេស។ ជិត ៦០ ភាគរយ ត្រូវបានប្រមូលផលដែលអាចផ្ដល់ទិន្នផល ១១៦ ៣៤៣ តោន កាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងកសិកម្មកម្ពុជា និងសមាគមស្វាយចន្ទីវៀតណាម (Vinacas) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ ២០១៨ ដើម្បីបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាដល់ ១ លានតោនត្រឹមឆ្នាំ ២០២៨។ Vinacas ក៏បានផ្ដល់ដល់ក្រសួងនូវជំនួយឥតសំណង ៦៦ ០០០ ដុល្លារ ដើម្បីគាំទ្រដល់គម្រោងដូចគ្នានេះ។
ប្រទេសកម្ពុជាអាចផលិតគ្រាប់ស្វាយចន្ទីបានប្រមាណ ១ តោន ក្នុងផ្ទៃដីដាំដុះ ១ ហិកតា ខណៈវៀតណាមអាចផលិតបានជាង ២ តោន។
HEKS/EPER ជាអង្គការមិនមែនរដ្ឋាភិបាលដែលគាំទ្រដោយប្រទេស ស្វ៊ីស បានប្រកាសកាលពីឆ្នាំ ២០១៨ ថា ខ្លួនបានដំណើរការគម្រោងរយៈពេល ៥ ឆ្នាំ ជាមួយនឹងមូលនិធិ ៧,៨ លានដុល្លារ សម្រាប់គ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ដោយមានគោលដៅកែលម្អជីវភាពរស់នៅរបស់គ្រួសារជនបទ។
គម្រោងដែលនឹងត្រូវបានអនុវត្តនៅចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ត្រូវបានរំពឹងថានឹងបង្កើនសន្ដិសុខស្បៀងអាហារ ប្រាក់ចំណូល និងការគ្រប់គ្រងដីសម្រាប់សហគមន៍ក្រីក្រ។ គម្រោងនេះនឹងត្រូវបានអនុវត្តក្នុងខេត្ត ៧ គឺពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងស្ទឹងត្រែង៕ LA